ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ទស្សនាកម្ពុជា រដូវកាលបៃតង៖ សម្រស់ធម្មជាតិបៃតងខ្ចី ទាក់ទាញភ្ញៀវទេសចរ

បានផ្សាយចេញ | ០៩ មិថុនា ២០២៦ 352

ទស្សនាកម្ពុជា រដូវកាលបៃតង៖ សម្រស់ធម្មជាតិបៃតងខ្ចី ទាក់ទាញភ្ញៀវទេសចរ

ខណៈពេលដែលភ្ញៀវទេសចរជាច្រើនធ្លាប់យល់ថា រដូវប្រាំងជាពេលល្អបំផុតសម្រាប់ដំណើរកំសាន្តទៅកាន់កម្ពុជា ប៉ុន្តែអ្នកជំនាញវិស័យទេសចរណ៍បានបញ្ជាក់ថា “រដូវកាលបៃតង” ឬរដូវភ្លៀងវិញ កំពុងក្លាយជាជម្រើសថ្មីដែលទាក់ទាញកាន់តែច្រើន ដោយសារតែសម្រស់ធម្មជាតិបៃតងខ្ចី និងបរិយាកាសស្រស់បំព្រងពិសេស។

រដូវកាលបៃតងនៅកម្ពុជា ជាធម្មតាចាប់ផ្តើមពីខែឧសភា ដល់ខែតុលា ដែលជាពេលវេលាដែលភ្លៀងធ្លាក់ជាបន្តបន្ទាប់ បង្កើតឱ្យដីធ្លី ស្រែចម្ការ និងព្រៃភ្នំ ទទួលបានជីវិតថ្មី។ ទេសភាពវាលស្រែបៃតងខ្ចី ព្រមទាំងដងទន្លេ និងបឹងទឹកពេញលេញ បានផ្លាស់ប្តូរទេសភាពឱ្យកាន់តែរស់រវើក និងមានភាពទាក់ទាញខ្លាំង។



នៅតំបន់បេតិកភណ្ឌអង្គរ ក្នុងខេត្តសៀមរាប ប្រាសាទបុរាណត្រូវបានព័ទ្ធជុំវិញដោយព្រៃឈើបៃតង និងស្រះទឹក បង្កើតជាទិដ្ឋភាពអស្ចារ្យ ជាពិសេសនៅពេលមានទឹកភ្លៀងធ្លាក់ ប្រាសាទឆ្លុះលើផ្ទៃទឹក បន្ថែមភាពស្រស់ស្អាតប្លែកភ្នែក។ ទន្ទឹមនឹងនេះ នៅតំបន់អេកូទេសចរណ៍ផ្សេងៗ ក៏មានអាកាសធាតុត្រជាក់ស្រួល និងពោរពេញដោយព្រៃភ្នំស្រស់បៃតង។

ក្រៅពីសម្រស់ធម្មជាតិ ភ្ញៀវទេសចរអាចទទួលបានអត្ថប្រយោជន៍ជាច្រើនពីការធ្វើដំណើរក្នុងរដូវនេះ ដូចជា តម្លៃសេវាកម្មសណ្ឋាគារ និងដំណើរកំសាន្តមានតម្លៃសមរម្យ និងកន្លែងទេសចរណ៍មិនសូវមានមនុស្សច្រើន ធ្វើឱ្យអាចសម្រាក និងទស្សនាបានយ៉ាងស្ងប់ស្ងាត់។

យ៉ាងណាក៏ដោយ អ្នកធ្វើដំណើរត្រូវតែត្រៀមខ្លួនឱ្យបានល្អ ដូចជា ការយកអាវភ្លៀង ឬឆ័ត្រ ស្បែកជើងសមរម្យ និងតាមដានស្ថានភាពអាកាសធាតុជាប្រចាំ ដើម្បីធានាសុវត្ថិភាព និងភាពងាយស្រួលក្នុងដំណើរកំសាន្ត។
អ្នកជំនាញលើកឡើងថា រដូវកាលបៃតងមិនត្រឹមតែជាពេលវេលាសម្រាប់ការសម្រាកប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសល្អក្នុងការឈ្វេងយល់អំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជនបទ និងការធ្វើកសិកម្ម ដែលពឹងផ្អែកលើភ្លៀងជាចម្បង។

ជារួម កម្ពុជា នៅរដូវកាលបៃតង បង្ហាញពីសម្រស់ធម្មជាតិដ៏ស្រស់ស្អាត និងបរិយាកាសស្ងប់ស្ងាត់ ដែលអាចផ្តល់បទពិសោធថ្មីប្លែក សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចង់ស្វែងរកភាពខុសគ្នាពី   រដូវទេសចរណ៍ធម្មតា។

គួរបញ្ជាក់ផងដែរថា ឆ្នាំ២០២៦នេះ ជាឆ្នាំទី២ហើយ ដែលក្រសួងទេសចរណ៍បានអនុវត្តយុទ្ធនាការទស្សនាកម្ពុជារដូវកាលបៃតង បន្តពីឆ្នាំ២០២៥។​ បើតាមក្រសួងទេសចរណ៍ គោលដៅនៃយុទ្ធនាការនេះ គឺដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងជំរុញចលនាទេសចរក្នុងស្រុក ពិសេសចរន្តទេសចរក្នុងរដូវកាលបៃតងដ៏ស្រស់បំព្រងចន្លោះពីខែឧសភា ដល់ខែតុលា។ បន្ថែមលើនេះ ក្រសួងក៏ចង់ជំរុញកម្ពុជាឱ្យក្លាយជាគោលដៅទទួលបានកំណើនទេសចរពេញមួយឆ្នាំ (Year Round Destination) ដោយគ្មានខែខ្សត់ភ្ញៀវឡើយ៕

ប្រភព និងរូបភាព៖ក្រសួងទេសចរណ៍

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Trip Grade9.jpg

សាលារៀន អន្តរទ្វីប អាមេរិកាំង រៀបចំដំណើរទស្សនកិច្ចសិក្ស...

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Trip G6.jpg

សិស្សថ្នាក់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ចូលរួមដំ...

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Mr Sitant.jpg

“សហគមន៍ទេសចរណ៍ប្រទេសកម្ពុជា”

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Ms Nimol.jpg

កន្លែងកម្សាន្ដដែលមានទេសភាពស្អាតបំផុតនៅរដូវវស្សា