សិស្សថ្នាក់ទី៥ និងទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាសៀមរាប នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ បានចូលរួមដំណើរទស្សនកិច្ចសិក្សាលើកទី២៨ ទៅកាន់ប្រាសាទបេងមាលា និងប្រាសាទបន្ទាយស្រី ក្នុងបរិយាកាសពោរពេញដោយភាពរំភើប សប្បាយរីករាយ និងការឈ្វេងយល់ថ្មីៗ។

ដំណើរទស្សនកិច្ចសិក្សានេះ មិនមែនគ្រាន់តែ “ទៅលេង” ប៉ុណ្ណោះទេ ប៉ុន្តែជាការបើកទ្វារឱ្យសិស្សបានសិក្សាផ្ទាល់អំពី ប្រវត្តិសាស្ត្រ និងអរិយធម៌ខ្មែរ ស្ថាបត្យកម្មដ៏អស្ចារ្យនៃបេតិកភណ្ឌជាតិ តម្លៃវប្បធម៌ ដែលបន្តពីបុរាណដល់បច្ចុប្បន្ន។ តាមរយៈបទពិសោធជាក់ស្តែងនេះ សិស្សបានអភិវឌ្ឍ ជំនាញសង្កេត និងស្រាវជ្រាវ ការងារជាក្រុម និងការប្រាស្រ័យទាក់ទង វិន័យ ការទទួលខុសត្រូវ និងសុវត្ថិភាពក្នុងការធ្វើដំណើរថែមទៀតផង។

លោក សុខ សូនីដា នាយកចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកសំខាន់មួយក្នុងការបន្ថែមចំណេះដឹងក្រៅថ្នាក់ និងបណ្តុះស្មារតីស្រឡាញ់ជាតិ ព្រមទាំងការថែរក្សាបេតិកភណ្ឌវប្បធម៌ខ្មែរ។ ដំណើរទស្សនកិច្ចមួយនេះ មិនត្រឹមតែផ្តល់ចំណេះដឹងទេ ប៉ុន្តែបង្កើតអនុស្សាវរីយ៍ល្អៗ និងបណ្តុះសិស្សឱ្យក្លាយជាពលរដ្ឋល្អ ដែលស្រឡាញ់ និងថែរក្សាបេតិកភណ្ឌជាតិរបស់ខ្លួន៕

