សូ វីអូណា អតីតសិស្ស AIS សាខាទួលគោក បានបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ ២០២២។ បច្ចុប្បន្ននេះ កញ្ញា ជានិស្សិតឆ្នាំទី ៣ នៅសាកលវិទ្យាល័យ Bangkok University ប្រទេសថៃឡង់ដ៏ជាមួយមុខជំនាញគ្រប់គ្រងធុរកិច្ច និងសហគ្រិនភាព ឬជាភាសាអង់គ្លេស Business and Entrepreneurship Management។

ក្នុងការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនដល់សិស្សានុសិស្ស AIS នៅសាខាម៉ៅសេទុង នៅក្នុងសិក្ខាសាលាមួយ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ សូ វីអូណា បាននិយាយថា «រយៈពេល៣ឆ្នាំ ដែល ខ្ញុំបានទៅរៀននៅសាកលវិទ្យាល័យ បាងកក ប្រទេសថៃ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានផ្លាស់ប្តូរ ច្រើនមែនទែនទាំងផ្នត់គំនិត និងការរស់នៅ ខ្ញុំមានចិត្តទូលាយជាងមុន និងចេះរៀនទទួលយកនូវកំហុស និងទទួលនូវផ្នត់គំនិតមនុស្សនៅជុំវិញខ្លួន ដើម្បីមកអភិវឌ្ឍខ្លួនឯងឱ្យកាន់តែរីកចម្រើនជាងមុន។ ខ្ញុំមានអារម្មណ៍ថា ចំណេះដឹងដែលខ្ញុំទទួលបានពេលខ្ញុំជួបមនុស្សកាន់តែច្រើន ខ្ញុំកាន់តែ ឈ្វេងយល់ថា នៅក្រៅប្រទេស វាមានផ្នត់គំនិតកាន់តែល្អប្រសើរ»។

សូ វីអូណា លើកទឹកចិត្តប្អូនៗថា កុំខ្លាចក្នុងការចាប់យកឱកាសថ្មីៗ បើសិនជាបានជួបវា៖«យើងគួរតែឆ្លៀតឱកាស និយាយរួម មិនថាជាឱកាសតូច ឬធំ នៅក្នុងស្រុក ឬក៏ក្រៅប្រទេស នោះទេ»។
សូ វីអូណា បញ្ជាក់បន្ថែមដល់ប្អូនៗថា ការបរាជ័យគឺជាផ្នែកមួយនៃដំណើរ «ខ្ញុំគិតថា ឱ្យតែយើងឆ្លៀតឱកាសទៅវារឹតតែល្អ ព្រោះយើងរស់នៅយើងរៀនពីបទពិសោធ ពីកំហុសដែលយើងបានសាង។ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំក៏មិនមែនជាមនុស្សដែលដាក់ពាក្យសុំអាហារូបករណ៍ ដឹងតែជាប់រហូតនោះទេ ខ្ញុំក៏ធ្លាប់ ធ្លាក់ច្រើនដង និងក៏ជាប់ច្រើនដង ដែរ ការធ្លាក់ ឬជាប់នេះសុទ្ធតែជាបទពិសោធដែលយើងត្រូវរៀន។ នៅពេលដែលយើងឆ្លៀតឱកាសមួយ វានឹងផ្តល់នូវបទពិសោធខុសៗគ្នាៗ»។
ជាសារចុងក្រោយ «ខ្ញុំសង្ឃឹមថា សម្រាប់ប្អូនៗដែលមានបំណងចង់រីកចម្រើនជាងមុន អាចស្វែងរកខ្លួនឯងនៅក្រៅប្រទេស»៕
ទំនាក់ទំនង
(៨៥៥) ៩៣ ២១៧ ២១៧
(៨៥៥) ២៣ ២២១ ២២២
info@ais.edu.kh