AIS ប្រគល់មេដាយ និងបណ្ណសរសើរ ដល់សិស្សជ័យលាភី ពីការប្រកួតគណិតវិទ្យាអាស៊ីអន្តរជាតិអូឡាំពិក លើកទី៦

បានផ្សាយចេញ | ០៧ មិថុនា ២០២៥

AIS ប្រគល់មេដាយ និងបណ្ណសរសើរ ដល់សិស្សជ័យលាភី ពីការប្រកួតគណិតវិទ្យាអាស៊ីអន្តរជាតិអូឡាំពិក លើកទី៦

គណៈគ្រប់គ្រង សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំពិធីប្រគល់មេដាយ និងបណ្ណសរសើរដល់សិស្សជ័យលាភីចំនួន ១៧០នាក់ ដែលបានឈ្នះក្នុងការប្រកួតគណិតវិទ្យាអាស៊ីអន្តរជាតិអូឡាំពិក (Asia International Mathematical Olympiad - AIMO) ជុំទី១ លើកទី៦។
ពិធីប្រគល់មេដាយ និងបណ្ណសរសើរនេះបានធ្វើឡើងនៅថ្ងៃទី៧ ខែមិថុនា ឆ្នំា២០២៥ នៅសាលប្រជុំ ផល គួច ជាន់ទី៦ នៃ AIS សាខាទួលគោក ដោយមានការចូលរួមពី គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ  សិស្សានុសិស្ស និង អ្នកអាណាព្យាបាល ជាច្រើនកុះករ។ 
ក្នុងចំណោមសិស្សជ័យលាភីទាំង ១៧០នាក់ មានចំនួន ១៧នាក់ ទទួលបានមេដាយមាស ៤៨នាក់ទទួលបានមេដាយប្រាក់ និង ១០៥នាក់ ទទួលបាន មេដាយសំរឹទ្ធិ។
លោក ឡេង សុខអេង នាយកចាងហ្វាង (AIS) សាខាចោមចៅ បានឲ្យដឹងថា សិស្សដែលទទួលបានមេដាយ នឹងមានសិទ្ធិចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រគណិតវិទ្យាអាស៊ីអន្តរជាតិអូឡាំពិក AIMO ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ប្រទេសជប៉ុននៅថ្ងៃទី២ ដល់ទី៦ ខែសីហា ឆ្នាំ២០២៥ ខាងមុខ។ នេះជាលើកទី៦ ហើយដែល សាលារៀន​ អន្តរទ្វីប អាមេរិកាំង ទទួលបានសិទ្ធក្នុងការរៀបចំការប្រកួតគណិតវិទ្យាអាស៊ីអន្តរជាតិអូឡាំពិក នៅក្នុងប្រទេសកម្ពុជា។
សូមជម្រាបជូនថា AIMO គឺជាវេទិកាដ៏សំខាន់មួយសម្រាប់ការបង្ហាញសមត្ថភាពវិជ្ជាជីវៈ និងការអភិវឌ្ឍផ្ទាល់ខ្លួនរបស់សិស្ស។ ការចូលរួមក្នុងកម្មវិធីនេះជួយពង្រឹងជំនាញគណិតវិទ្យា ការគិតវិភាគ និងការដោះស្រាយបញ្ហា។ ការទទួលបានមេដាយ និងបណ្ណសរសើរគឺជាផ្នែកមួយនៃប្រវត្តិរូបអប់រំដ៏មានតម្លៃសម្រាប់ការបន្តសិក្សារបស់សិស្សនៅសាកលវិទ្យាល័យក្នុងស្រុក ឬក៏នៅបរទេស និងការអភិវឌ្ឍអាជីពនាពេលអនាគត។
គណៈគ្រប់គ្រង សាលារៀន AIS សូមអបអរសាទរដល់សិស្សជ័យលាភីទាំងអស់ និងសូមជូនពរឲ្យសិស្សានុសិស្ស បន្តជោគជ័យបន្ថែមទៀតនៅក្នុងវគ្គផ្តាច់ព្រ័ត្រ៕

ទំនាក់ទំនង 

(៨៥៥) ៩៣ ២១៧ ២១៧

(៨៥៥) ២៣ ២២១ ២២២

https://www.ais.edu.kh

info@ais.edu.kh