ក្នុងគោលបំណងជំរុញការយល់ដឹងអំពីសុខភាពសាធារណៈ និងការពារជំងឺផ្សេងៗដែលអាចកើតមាននៅក្នុងសាលារៀន ក្រោមកិច្ចសហការជាមួយគ្លីនិក Raffles Medical សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាទួលសង្កែ នឹងរៀបចំសិក្ខាសាលាសុខភាពសាធារណៈ ក្រោមប្រធានបទ “ការបង្ការជំងឺទូទៅនៅសាលារៀន” នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោង ៩:០០នាទី ដល់ ១១:០០នាទីព្រឹក ។
សិក្ខាសាលានេះមានគោលបំណងចម្បងក្នុងការផ្តល់ចំណេះដឹងជាក់លាក់ និងជំរុញការយល់ដឹងអំពីវិធានការការពារជំងឺទូទៅសម្រាប់សិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជនទូទៅ ដោយផ្តោតសំខាន់ ទៅលើវិធីសាស្ត្រថែរក្សាអនាម័យខ្លួនឯង ការគ្រប់គ្រងអនាម័យបរិស្ថានក្នុងថ្នាក់រៀន បន្ទប់ទឹក និងទីធ្លាលេង ដើម្បីបង្កើនសុវត្ថិភាព និងសុខុមាលភាពរបស់កុមារទៅក្នុងសាលារៀន។
លោក ពៅ ភក្តី នាយកចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលសង្កែ បានឱ្យដឹងថា
“ក្រៅពីផ្ដល់ចំណេះទូទៅ តាមកម្មវិធីសិក្សា AIS ក៏បានចងក្រង និងរៀបចំសកម្មភាពជាច្រើន ដោយសហការ ជាមួយដៃគូស្ថាប័នវិជ្ជាជីវៈ ដើម្បីពង្រឹងចំណេះដឹងអប់រំផ្នែកផ្សេងៗ សម្រាប់សិស្ស លោកគ្រូ អ្នកគ្រូ និងអ្នកអាណាព្យាបាល។ សិក្ខាសាលានេះ គឺជាឧទាហរណ៍មួយនៃការចូលរួមជាដៃគូសហការដើម្បីជំរុញសុខុមាលភាពសិស្សជាទីបំផុត។”
លោកចាងហ្វាង ក៏បានបញ្ជាក់ថា ការថែរក្សារអនាម័យផ្ទាល់ខ្លួន ការជ្រើសរើសអាហារូបត្ថម្ភ និងបរិស្ថានស្អាត ជាចំណុចសំខាន់ក្នុងការការពារជំងឺដ៏មានប្រសិទ្ធភាព។ សិក្ខាសាលានេះ រំពឹងថានឹងមានអ្នកចូលរួមប្រមាណជិត ១០០នាក់ រួមមាន សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអ្នកអាណាព្យាបាល រួមទាំងសាធារជនទូទៅផងដែរ។
ទំនាក់ទំនង
សាខាទួលសង្កែ៖ នៅដីឡូលេខ4060 លើផ្លូវបេតុងលេខ103
ក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
ទូរសព្ទលេខ (885) 11 968 494, (885) 16 829 556
https://maps.app.goo.gl/ZG5eyGJD1tZFk8527