ក្នុងបំណងជំរុញការយល់ដឹងជាក់ស្តែងអំពីមុខវិជ្ជារូបវិទ្យា សិស្សថ្នាក់ទី ៨ ខ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ បានចូលរួមសកម្មភាពពិសោធន៍អំពីសៀគ្វីអគ្គិសនី ដឹកនាំដោយលោកគ្រូ ហាង សុភក្តិ ដែលមានបទពិសោធបង្រៀនរយៈពេល ១៥ ឆ្នាំ។

លោក ហាង សុភក្តិ គ្រូបង្រៀនផ្នែករូបវិទ្យា បានមានប្រសាសន៍ថា មុខវិជ្ជារូបវិទ្យា គឺជាវិទ្យាសាស្ត្រសំខាន់មួយ ដែលជួយឱ្យសិស្សយល់ដឹងអំពីបាតុភូតធម្មជាតិ ដូចជា ចលនា ថាមពល ពន្លឺ សម្លេង អគ្គិសនី និងជាប្រភពនៃការបង្កើតបច្ចេកវិទ្យាទំនើបៗ។ ក្នុងការពិសោធន៍នេះ សិស្សបានឈ្វេងយល់ ពីរបៀបតសៀគ្វីអគ្គិសនី ដែលជាផ្នែកមួយសំខាន់ក្នុងជីវិតប្រចាំថ្ងៃ។ លោកគ្រូ បានបញ្ជាក់បន្ថែមថា «ការសិក្សារូបវិទ្យាជាមូលដ្ឋានដ៏សំខាន់មួយនៃបច្ចេកវិទ្យា ដែលធ្វើឱ្យជីវិតមនុស្សកាន់តែប្រសើរឡើង»។

ក្រោយពេលពិសោធន៍រួច សិស្សបានបង្ហាញពីការចាប់អារម្មណ៍ និងយល់ដឹងកាន់តែច្បាស់អំពីមុខវិជ្ជានេះ។ វាជាដំណាក់កាលសំខាន់មួយ ក្នុងការជំរុញការសិក្សាវិទ្យាសាស្ត្រ ដោយផ្អែកលើការអនុវត្តជាក់ស្តែង។ សកម្មភាពនេះ បានផ្ដល់ឱកាសដ៏មានតម្លៃសម្រាប់សិស្សក្នុងការចូលរួមពិសោធន៍ដោយផ្ទាល់ និងពង្រឹងការយល់ដឹងបែបវិទ្យាសាស្ត្រ អំពីបាតុភូតដែលកើតឡើងជុំវិញពួកគេជារៀងរាល់ថ្ងៃ៕
សិក្សានៅ AIS សិស្សានុសិស្ស ទទួលបានចំណេះដឹងទាំងទ្រឹស្តី និងកាអនុវត្តជាក់ស្តែង!

ទំនាក់ទំនង
(៨៥៥) ៩៣ ២១៧ ២១៧
(៨៥៥) ២៣ ២២១ ២២២
info@ais.edu.kh