យុវតី ហ៊ាង ចន្ទសុមនា សិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាច្បារអំពៅ ត្រូវបានជ្រើសរើសជាប្រតិភូយុវជនក្នុងកម្មវិធី អ្នកដឹកនាំយុវជនអាស៊ី (Asia Youth Leader 2025) ក្នុងកម្មវិធីអន្តរជាតិនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៨ ដល់ ២៣ ខែសីហា ឆ្នាំ ២០២៥។ កម្មវិធីនេះរៀបចំដោយអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ Aeon 1% Club Foundation។
ដោយមានទាំងអារម្មណ៍រំភើប និងភាពភ័យខ្លះៗ ចន្ទសុមនា បានប្រាប់ឱ្យដឹងថា៖ «កត្តាដែលជំរុញឱ្យខ្ញុំចូលរួមកម្មវិធីនេះ គឺខ្ញុំជាអ្នកដឹកនាំម្នាក់ ដែលធ្លាប់ដឹកនាំមិត្តភក្តិជាច្រើនដង ប៉ុន្តែខ្ញុំយល់ថា សមត្ថភាព និងបទពិសោធរបស់ខ្ញុំនៅមានកម្រិត។ មួយវិញទៀត ខ្ញុំជាមនុស្សចូលចិត្តចូលរួមកម្មវិធីជាច្រើន ជួបមនុស្សថ្មីៗ និងសិក្សាពីបទពិសោធទាំងនោះ។ ខ្ញុំយល់ថានៅថ្ងៃអនាគត ខ្ញុំនឹងអាចក្លាយជាមនុស្សដែលមានភាពជាអ្នកដឹកនាំ ពោរពេញដោយបទពិសោធ។»
ចន្ទសុមនា សង្ឃឹមថាការចូលរួមក្នុងកម្មវិធី Asia Youth Leaders នេះ នឹងជាឱកាសដ៏មានតម្លៃក្នុងការជួបជុំយុវជនជាច្រើនទៀតដែលមានគោលបំណងស្រដៀងគ្នា ការអភិវឌ្ឍទំនាក់ទំនងអន្តរជាតិ និងការលើកស្ទួយសមត្ថភាពក្នុងការដោះស្រាយបញ្ហាសង្គមដោយសន្តិវិធី និងឯកភាព។
ចន្ទសុមនា ក៏បានបញ្ជាក់ថា៖«យុវជនដើរតួនាទីយ៉ាងសំខាន់ ពោរពេញទៅដោយសក្ដានុពល ក្នុងការចូលរួមសកម្មភាពសង្គមគ្រប់វិស័យ យកចំណេះដឹង និងជំនាញទៅអនុវត្តដោយមានភាពច្បាស់លាស់ និងទំនួលខុសត្រូវ។ លើសពីនេះទៅទៀត យុវជនត្រូវចេះដោះស្រាយបញ្ហាទាំងឡាយដោយភាពឈ្លាសវៃ សន្តិវិធី និងឯកភាពជាតិ ដែលនាំឱ្យមានការរីកចម្រើនក្នុងសង្គម។»
ជាប្រធានថ្នាក់ និងប្រធានក្លឹបម្នាក់ ចន្ទសុមនា ប្តេជ្ញាចែករំលែកបទពិសោធ ដល់មិត្តរួមជំនាន់ដើម្បី បណ្តុះ គំនិតដល់អ្នកដទៃអំពីតម្លៃនៃការចូលរួម និងកែលម្អខ្លួនឯង។ ដោយចុងក្រោយសុមនាបានផ្ដាំផ្ញើថា៖«សូមយុវជនខិតខំប្រឹងប្រែងរៀនសូត្រ ចាប់យកឱកាសឱ្យបានច្រើន ដើម្បីទទួលបានបទពិសោធដែល នឹងមានប្រយោជន៍ចំពោះការអភិវឌ្ឍប្រទេសជាតិ។ ខិតខំពង្រឹងសមត្ថភាព សម្រួចឱ្យមុត ហើយការប្រកបការងារអ្វីក៏ដោយ គឺត្រូវធ្វើឱ្យអស់លទ្ធភាព ចេញពីឆន្ទះមោះមុត និងមានទំនួលខុសត្រូវខ្ពស់។»