ត្រប់ជារុក្ខជាតិផ្លែដែលអាចដាំបានលើដីស្ទើរគ្រប់ប្រភេទ ប៉ុន្តែដីល្បាយឥដ្ឋ និងដីល្បាយខ្សាច់ជាជម្រើសល្អបំផុត សម្រាប់ទទួលបានទិន្នផលខ្ពស់។
ក្នុងកម្មវិធីបំណិនជីវិតថ្មីៗនេះ អ្នកស្រី យន់ ថា គ្រូបង្រៀនថ្នាក់ទី៥ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ បានដឹកនាំសិស្សថ្នាក់ទី៥ខ នាំគ្នាអនុវត្តការដាំគ្រាប់ត្រប់ ដោយមានគោលបំណងឱ្យសិស្សស្គាល់ពីរុក្ខជាតិដើមត្រប់ និងយល់ដឹងអំពីវិធីដាំដើម្បីទទួលបានផលល្អ។

អ្នកស្រីបានឲ្យដឹងថា ការអនុវត្តជាក់ស្តែងនេះ ជួយកាត់បន្ថយភាពតានតឹងក្នុងការរៀន និងបង្កើនភាពសប្បាយរីករាយដល់សិស្សបន្ទាប់ពីការសិក្សានៅក្នុងថ្នាក់រៀន ព្រមទាំងបណ្តុះបណ្តាលសមត្ថភាពការងារជាក្រុម សាមគ្គីភាព និងទំនាក់ទំនងល្អ រវាងសិស្សនិងសិស្ស ក៏ចេះសហការជាមួយគ្នា និងចេះជួយធ្វើកិច្ចការងារនៅផ្ទះ ដូចជា ដាំដំណាំតាមគេហដ្ឋានផងដែរ។

អ្នកគ្រូ យន់ ថា បញ្ជាក់បន្ថែមថា ដំណាំត្រប់ជាបន្លែ ផ្តល់នូវសារៈប្រយោជន៍ជាច្រើន អាចយកមកចម្អិនម្ហូបឆ្ងាញ់ៗ និងជួយបង្កើតប្រាក់ចំណូលដល់ជីវភាពគ្រួសារបានថែមទៀតដោយយកទៅលក់នៅលើទីផ្សារ។ «ខ្ញុំសង្កេតឃើញថា សិស្សបានចូលរួមយ៉ាងសកម្ម ស្តាប់យល់ និងចង់យកចំណេះដឹងនេះទៅអនុវត្តផ្ទាល់នៅផ្ទះ។ វាជាជំនាញដែលអាចអនុវត្តបានផងក្រៅម៉ោងសិក្សា ជាពិសេសសម្រាប់គ្រួសារដែលចង់ដាំដើម្បីបរិភោគ ឬលម្អនៅក្នុងបរិវេណផ្ទះ»៕

ទំនាក់ទំនង
(៨៥៥) ៩៣ ២១៧ ២១៧
(៨៥៥) ២៣ ២២១ ២២២