នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខារាជធានីភ្នំពេញ បានរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់សិស្សថ្នាក់ទី៥ ទៅកាន់ សួនសត្វភ្នំពេញ សាហ្វារី ដែលជាសួនសត្វ ដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ក្រុមសិស្សបានចេញដំណើរពីម៉ោង ០៦:៤៥នាទីព្រឹក និងត្រឡប់មកវិញនៅម៉ោង ០៥:០០នាទីល្ងាច។
កញ្ញា ហ៊ាង បុប្ផារិទ្ធ ចាងហ្វាងថ្នាក់ក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា បានឱ្យដឹងថា៖
“ដំណើរទស្សនកិច្ចសិក្សានេះ គឺមានគោលបំណងឱ្យសិស្សានុសិស្សឈ្វេងយល់ពីប្រភេទសត្វចម្រុះប្លែកៗជាច្រើន ដែលជាប្រភេទសត្វក្នុងស្រុក និងសត្វបរទេស។ ជាមួយគ្នានេះ ក៏បំផុសស្មារតីសិស្សក្នុងការចូលរួមលើកស្ទួយវិស័យទេសចរណ៍ បរិស្ថាន និងការអភិរក្សសត្វព្រៃ។”
ចាងហ្វាងបានបន្ថែមថា ការជ្រើសរើសយកទីតាំងសួនសត្វភ្នំពេញសាហ្វារីសម្រាប់សិស្សានុសិស្ស មកទស្សនកិច្ចសិក្សានាពេលនេះព្រោះថា ជាសួនសត្វដែលធំជាងគេនៅក្នុងប្រទេស សម្បូរទៅដោយសត្វប្លែកៗជាច្រើន ដែលអាចឱ្យសិស្សបានស្គាល់ និងផ្សារភ្ជាប់មេរៀនក្នុងសៀវភៅទៅនឹងជីវភាពជាក់ស្ដែង។
ចាងហ្វង បុប្ផារិទ្ធ បញ្ជាក់ថា មុនចូលរួមទស្សនកិច្ច សិស្សទាំងអស់ក៏បានចូលរួម ស្តាប់ការធ្វើបទបង្ហាញរបស់គណៈកម្មការពីដំណើរនីមួយៗ ត្រៀមសម្លៀកបំពាក់ មួក ឆត្រ និងស្ដាប់ការពន្យល់ពីសីលធម៌ សុជីវធម៌ នៅទីសាធារណៈ ឱ្យសិស្សបានយល់ដឹងជាមុនផងដែរ។
ចុងបញ្ចប់ អ្នកដឹកនាំកម្មវិធីសង្ឃឹមថា ក្រោយពីសិស្សបានចូលរួមក្នុងកម្មវិធីនេះ រួចហើយ ពួកគាត់នឹងយល់ដឹងពីប្រភេទសត្វចម្រុះបន្ថែមទៀត ចេះចូលរួមលើកស្ទួយវិស័យទេសចរណ៍ក្នុងប្រទេស ចូលរួមអភិរក្សសត្វព្រៃ មានភាពម្ចាស់ការ មានការសហការ មានទំនាក់ទំនង និងយល់ដឹងពីមេរៀនក្នុងថ្នាក់កាន់តែច្បាស់ថែមទៀត៕