ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ និង០៨ ខែកក្កដា ២០២៥ នេះ គណៈគ្រប់គ្រងសាលារៀនអន្តរទ្វីប អាមេរិកាំង សូមផ្តាំផ្ញើដល់សិស្សថ្នាក់ទី៩ទាំងអស់ឱ្យមានការត្រៀមខ្លួនជាស្រេច ដើម្បីការប្រឡងទទួលបានជោគជ័យល្អប្រសើរ។
លោក ហ៊ិន គឹមហៀក ចៅហ្វាងមធ្យមសិក្សាបឋមភូមិ ការិយាល័យកណ្តាល តំណាងគណៈគ្រប់គ្រង សាលារៀន អន្តរទ្វីប អាមេរិកាំង បានបញ្ជាក់ថា «ប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវត្រៀមសម្ភារៈ ក្នុងការប្រឡងសរសេរឱ្យបានគ្រប់គ្រាន់ ដូចជា ប៊ិក បន្ទាត់ និងសម្ភារៈផ្សេងៗទៀត ទៅតាមតម្រូវការរបស់មុខវិជ្ជានីមួយៗ។ សូមពិនិត្យកាលវិភាគប្រឡងឱ្យបានច្បាស់ មកមណ្ឌលប្រឡងឱ្យទាន់ពេលវេលា គេងអោយបានគ្រប់គ្រាន់ និងថែទាំសុខភាពផ្ទាល់ខ្លួន។ ចំពោះប្អូនៗដែលធ្លាប់មានបញ្ហាគេងយឺត សូមដាក់នាឡិកា រោទ៍ ឬសុំជំនួយពីសមាជិកគ្រួសារ ដើម្បីជួយដាស់ក្នុងពេលវេលាសមស្រប។»
ជាមួយគ្នានេះ ប្អូនៗសិស្សានុសិស្ស សូមរៀបចំផែនការយ៉ាងច្បាស់លាស់ សម្រាប់ថ្ងៃនីមួយៗ នៃការប្រឡង ទាំងម៉ោង និងមុខវិជ្ជា ហើយកុំឱ្យមានការច្រឡំក្នុងការមើលមេរៀន ឬមុខវិជ្ជាដែលត្រូវប្រឡង។
ក្រៅពីនេះ សូមបេក្ខជនទាំងអស់ ចូរមកមណ្ឌលប្រឡងជាមុនដើម្បីមើលឈ្មោះ លេខតុ និងបន្ទប់ប្រឡងរបស់ខ្លួនឱ្យបានប្រាកដប្រជា។
ការប្រឡងលើកនេះ គឺជាឱកាសសំខាន់ ធ្វើឡើងមួយលើកតែប៉ុណ្ណោះមិន មានការ ប្រឡងសងនោះឡើយ ដូច្នេះត្រូវត្រៀមខ្លួនជាស្រេច១០០ភាគរយ ដើម្បីឱ្យការប្រឡងរបស់ប្អូនៗទទួលបានជោគជ័យ។
គណៈគ្រប់គ្រងសាលារៀនអន្តរទ្វីប អាមេរិកាំង ជូនពរឱ្យប្អូនៗទាំងអស់ ប្រឡងជាប់ទាំងអស់គ្នា!៕

ព័ត៌មានលំអិតសូមចូលទៅកាន់គេហទំព័រ www.ais.edu.kh/25-26 សម្រាប់សាខានីមួយៗ