ដូចការគ្រោងទុក យុទ្ធនាការធនាគារឈាម ម៉េងលី ជេ. គួច លើកទី១៣ បានប្រព្រឹត្តទៅដោយជោគជ័យក្នុងបរិយាកាសសប្បាយរីករាយ និងស្មារតីមនុស្សធម៌ ដោយទទួលការចូលរួមពីគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ព្រមទាំងបុគ្គលិកនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងសាធារណជន សរុបប្រមាណជាង ១០០ នាក់។
យុទ្ធនាការធនាគារឈាម នេះជាសកម្មភាពសប្បុរសធម៌លើកទី១៣ របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលរៀបចំឡើងដោយមូលនិធិ ម៉េងលី ជេ. គួច ក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌល ជាតិផ្តល់ឈាម មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ក្រោមប្រធានបទ«វីរៈកងទ័ពស្ម័គ្រចិត្តការពារជាតិ យើងស្ម័គ្រចិត្តបរិច្ចាគឈាម » កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នៅការិយាល័យកណ្តាល ដើម្បីប្រមូលឈាមពីការបរិច្ចាគ នេះផ្តល់បន្តទៅ ឱ្យមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីត្រៀមទុក ជួយសង្គ្រោះដល់វីរៈកងទ័ពកម្ពុជា និងពលរដ្ឋនៅតាមបន្ទាត់ព្រំដែនដែល មានតម្រូវការឈាមជាចាំបាច់។
សូមបញ្ជាក់ផងដែរថា តម្រូវការប្រើប្រាស់ឈាមមានការកើនឡើងជារៀងរាល់ថ្ងៃ។ ឈាម បានដើរតួនាទីយ៉ាងសំខាន់ដែលមិនអាចខ្វះបាន យ៉ាងហោចណាស់ក្នុងមួយថ្ងៃ តម្រូវការប្រើប្រាស់ឈាមចន្លោះ៤០០កំប្លោក ខណៈអ្នកបរិចា្ចគឈាមមានប្រមាណ ២២ភាគរយ ប៉ុណ្ណោះ នៃចំនួនប្រជាជនសរុប នៅក្នុងប្រទេសកម្ពុជា។
មិនត្រឹមតែជាថ្នាលបណ្តុះបណ្តាល អប់រំចំណេះទូទៅដល់កូនខ្មែរ ឱ្យមានចំណេះដឹងប្រកបដោយគុណភាពខ្ពស់ប៉ុណ្ណោះទេ តែសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ថែមទាំងបានក្លាយជាមជ្ឈមណ្ឌល បណ្តុះនូវស្មារតី សាមគ្គីធម៌ មនុស្សធម៌ និងសប្បុរសធម៌ ដល់កុលបុត្រ កុលធីតាខ្មែរ ក្នុងការចូលរួមការងារសង្គម ដោយមានអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន៕