បណ្ណាល័យ ម៉េងលី ជេ. គួច នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) បានការទទួលស្គាល់ដ៏គួរឱ្យមោទនភាព ដោយទទួលពានរង្វាន់ “បណ្ណារក្សឆ្នើម” ពីសមាគមបណ្ណារក្សកម្ពុជា Cambodian Librarian Association (CLA)– ឆ្ពោះទៅរកបណ្ណាល័យឌីជីថលទំនើប។ ពិធីប្រគល់និងទទួលពាន នឹងប្រារព្ធនៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅវិទ្យាស្ថានខេមអេដ។

លោកស្រី ស៊ូ សុជាតា ប្រធានបណ្ណារក្ស បានបញ្ជាក់ថា ពានរង្វាន់នេះជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដែលបានធ្វើឱ្យបណ្ណាល័យក្លាយជាគំរូមួយក្នុងចំណោមបណ្ណាល័យជាច្រើននៅ ក្នុងប្រទេសកម្ពុជា។ លោកស្រីបានបន្ថែមថា«ពានរង្វាន់នេះ ក៏បានបង្ហាញពីការទទួលស្គាល់ស្តង់ដាខ្ពស់ និងភាពវិជ្ជាជីវៈរបស់ក្រុមបណ្ណារក្ស បណ្ណាល័យ ម៉េងលី ជេ. គួច នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) ដែលបានអនុវត្តការងារយ៉ាងប្រសើរ និងបន្តអភិវឌ្ឍដោយភាពច្នៃប្រឌិតជានិច្ច»។ លោកស្រីបានឱ្យដឹងទៀតថា បណ្ណាល័យ ម៉េងលី ជេ. គួច នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) អាចឈ្នះពានរង្វាន់ ដោយសារការរៀបចំ និងគ្រប់គ្រងធនធានប្រកបដោយប្រសិទ្ធភាព។ បណ្ណាល័យប្រើប្រាស់ប្រព័ន្ធចំណាត់ថ្នាក់ទសភាគដេវ៉េ (Dewey Decimal System) សម្រាប់រៀបចំសៀវភៅ ធានាបរិយាកាសសិក្សាស្ងប់ស្ងាត់ ស្អាត និងងាយស្រួលប្រើប្រាស់។ ក្រុមបណ្ណារក្សផ្តល់សេវាកម្មណែនាំសិស្សក្នុងការស្វែងរកព័ត៌មាន និងរៀបចំសកម្មភាពលើកកម្ពស់អំណានជាប្រចាំ។
ក្រៅពីការអភិវឌ្ឍផ្ទៃក្នុង បណ្ណាល័យ ម៉េងលី ជេ. គួច នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) ក៏បានចូលរួមក្នុងសកម្មភាពសាធារណៈ ដូចជា ការបរិច្ចាគសៀវភៅ ផ្តល់ជំនួយបច្ចេកទេសដល់បណ្ណារក្សផ្សេងៗ និងការចូលរួមក្នុងទិវាជាតិអំណាន ពិព័រណ៍សៀវភៅកម្ពុជា ធ្វើឱ្យបណ្ណាល័យមានសភាពរស់រវើក។
លោកស្រី ស៊ូ សុជាតា បានបញ្ជាក់បន្ថែមថា បណ្ណាល័យ ម៉េងលី ជេ. គួច នៃសាលារៀន អន្តរទ្វីប អាមេរិកាំង និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ មានធនធានសៀវភៅប្រមាណ១០ម៉ឺនក្បាល ជាភាសាខ្មែរ អង់គ្លេស ចិន និងបារាំង រួមទាំងមានសៀវភៅ ទស្សនាវដ្តី ព្រឹត្តិប័ត្ត សារព័ត៌មាន និងឯកសារយោងផ្សេងទៀត ដែលផ្គត់ផ្គង់ការស្រាវជ្រាវ និងសិក្សា។ បណ្ណាល័យវាមិនត្រឹមតែជាកន្លែងអានទេ ប៉ុន្តែជាទីកន្លែងសិក្សាដែលផ្តល់ភាពងាយស្រួល មានកៅអី តុ និងបរិយាកាសសមរម្យសម្រាប់សិស្សផងដែរ។
បណ្ណាល័យមានទីតាំងច្រើនរហូតដល់ ២១ ដែលបើកជាសាធារណៈសម្រាប់សិស្ស និងសហគមន៍ ដើម្បីប្រើប្រាស់ធនធានអប់រំ និងចូលរួមសកម្មភាពផ្សេងៗ។ សេវាកម្មនៅក្នុងបណ្ណាល័យរួមមាន ការខ្ចីសៀវភៅ ប្រើប្រាស់កុំព្យូទ័រ និងអ៊ីនធឺណិត ការផ្តល់យោបល់អំពីសៀវភៅ និងកម្មវិធីវប្បធម៌លើកកម្ពស់ការអាន រួមទាំងមានបណ្តុះបណ្តាលការងារបណ្ណារក្សថែមទៀតផង។
លោកស្រី ស៊ូ សុជាតា បាននិយាយដោយមោទនភាពថា «បណ្ណាល័យមិនត្រឹមតែជាទីកន្លែងអានប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងសម្រាប់ស្រាវជ្រាវ និងបង្កើតចំណេះដឹង»។ ការទទួលបានពាន “បណ្ណារក្សឆ្នើម”នាពេលនេះ គឺជាការទទួលស្គាល់ ដ៏មានតម្លៃមួយសម្រាប់សាលា និងក្រុមបណ្ណារក្ស។ វាជួយលើកទឹកចិត្តបុគ្គលិក បង្កើនការចាប់អារម្មណ៍របស់សិស្សចំពោះការអាន និងជំរុញឱ្យសាលាឈានទៅរកភាពឆ្នើមជាបន្តបន្ទាប់។ ពាននេះក៏ជាភស្តុតាងនៃភាពជឿទុកចិត្ត និងគុណភាពសេវាកម្មអប់រំរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) ផងដែរ ។
បន្ថែមពីនេះ លោកស្រី បន្តថា សិស្សក៏មានតួនាទីសំខាន់ក្នុងការរក្សា និងអភិវឌ្ឍបណ្ណាល័យផងដែរ។ ពួកគេចូលរួមអានសៀវភៅជាប្រចាំ ចូលរួមក្នុងកម្មវិធី “Blind Date with a Book” និង “Bookworm Award” ផ្តល់យោបល់អំពីសៀវភៅថ្មីៗ និងជួយរៀបចំសកម្មភាពអំណានប្រចាំឆ្នាំថែមទៀតផង។
នៅថ្ងៃអនាគត លោកស្រី ស៊ូ សុជាតា បញ្ជាក់ថា បណ្ណាល័យ ម៉េងលី ជេ. គួច នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) មានគម្រោងបង្កើតប្រព័ន្ធ e-Library ឱ្យសិស្សអាចស្វែងរក សៀវភៅ ឯកសារ និងទិន្នន័យតាមអ៊ីនធឺណិតបាន។ បន្ថែមការប្រើប្រាស់ QR Code សម្រាប់ចូលប្រើធនធាន ឬសៀវភៅអេឡិចត្រូនិក។ អនុវត្តប្រព័ន្ធ AI Recommendation System សម្រាប់ណែនាំសៀវភៅតាមចំណង់ចំណូលចិត្តអ្នកអាន។ ប្រើ Data Analytics ដើម្បីវិភាគទិន្នន័យអំពីការប្រើប្រាស់បណ្ណាល័យ។ រៀបចំកម្មវិធី Reading Challenge និង Library Week ដើម្បីលើកទឹកចិត្តវប្បធម៌អានក្នុងសាលា និងរួមសហការជាមួយបណ្ណាល័យសាធារណៈ ឬសាកលវិទ្យាល័យ ដើម្បីចែករំលែកធនធាន និងសហការជាមួយអង្គការ ឬស្ថាប័នអប់រំទាំងក្នុងប្រទេស និងអន្តរជាតិ។
ជារួមលោកស្រី ស៊ូ សុជាតា បានផ្ញើសារមួយដល់សិស្ស និងអ្នកអានទាំងអស់ថា
«សៀវភៅគឺជាមិត្តល្អដែលមិនធ្លាប់បោះបង់យើង។ សូមឱ្យសិស្សទាំងអស់ស្រលាញ់ការអាន ប្រើប្រាស់ធនធានបណ្ណាល័យដោយទំនួលខុសត្រូវ និងរួមចំណែកអភិវឌ្ឍបណ្ណាល័យឱ្យកាន់តែរីកចម្រើន។ សូមឱ្យការអាននាំមកនូវចំណេះដឹងថ្មី និងភាពជោគជ័យក្នុងជីវិត!»
បណ្ណាល័យ ម៉េងលី ជេ. គួច នៃសាលារៀន អន្តរទ្វីប អាមេរិកាំង និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ មានមហិច្ឆិតា ក្លាយជាបណ្ណាល័យឌីជីថលទំនើប ដែលជួយលើកកម្ពស់វប្បធម៌អាន និងស្វ័យសិក្សារបស់សិស្ស៕
