ភ្នំពេញ៖ ជាថ្មីម្តងទៀត សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) គ្រោងនឹងរៀបចំកម្មវិធី TEDx American Intercon School ដ៏អស្ចារ្យលើកទី២ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ នៅ Factory Phnom Penh ក្នុងបរិយាកាសដ៏សប្បាយរីករាយ និងពោរពេញដោយការច្នៃប្រឌិត។
កម្មវិធីនេះ នឹងមានការអញ្ជើញជាអធិបតីភាពពី អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ព្រមទាំងមានវត្តមានពីគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ វាគ្មិនកិត្តិយស មាតាបិតា និងអ្នកអាណាព្យាបាលសិស្សជាច្រើន។
ក្រោមមូលបទ «សំឡេងនៃថ្ងៃស្អែក៖ បំផុសគំនិតនិងចក្ខុវិស័យសម្រាប់អនាគតរបស់យើង» [Voices of Tomorrow — Inspiring Ideas That Shape Our Future] ។ កម្មវិធី TEDxAmerican Intercon School ឆ្នាំនេះ ជាវេទិកាដ៏សំខាន់មួយសម្រាប់យុវជនវ័យក្មេងចំនួន ១០ រូប ដែលត្រូវបានជ្រើសរើសចេញពីបេក្ខជនចំនួន ៦០ រូប។ ពួកគេ នឹងមានឱកាសបង្ហាញសមត្ថភាព និងចែករំលែកគំនិតដ៏ច្នៃប្រឌិតរបស់ខ្លួន ទាក់ទងនឹងប្រធានបទនានា ដែលបង្ហាញពីទស្សនៈវិជ្ជមានចំពោះ អនាគត។
កម្មវិធី TEDx គឺជាវេទិកាដែលរៀបចំឡើងដោយឯករាជ្យក្រោមអាជ្ញាប័ណ្ណពី TED ដែលផ្តោតលើការចែករំលែកគំនិត និងបទពិសោធ នានា ដែលមានសក្តានុពលបំផុសគំនិត។
វាគ្មិនវ័យក្មេងនីមួយៗ នឹងមានឱកាសបង្ហាញនូវការគិតរបស់ខ្លួន តាមរយៈបទបង្ហាញខ្លីៗ ប៉ុន្តែសម្បូរទៅដោយអត្ថន័យខ្លឹម និងការបញ្ចេញមតិដ៏ជ្រាលជ្រៅ។

កម្មវិធី TEDx American Intercon School មិនត្រឹមតែជាវេទិកានៃការនិយាយជាសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែ ជាវេទិកានៃការចាប់ផ្តើមនូវការផ្លាស់ប្តូរ ការពង្រីកគំនិត និងការចែករំលែកសមត្ថភាពរបស់យុវជនទៅកាន់សង្គម និងពិភពលោក៕
.png)