សិស្សានុសិស្សថ្នាក់ទី៧ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាចោមចៅ បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពបំណិនជីវិត ដាំគ្រាប់ពោត នៅសួនដំណាំ AIS ដឹកនាំដោយអ្នកគ្រូ ង៉ែត សុភាព កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

សកម្មភាពដ៏មានអត្ថន័យនេះ ជាជំហានមួយក្នុងការលើកកម្ពស់ចំណេះដឹង និងជំនាញជាក់ស្តែង របស់សិស្សអំពីការដាំដំណាំពោត។ អ្នកគ្រូ ង៉ែត សុភាព ជាគ្រូបន្ទុកថ្នាក់ទី៧ បានបញ្ជាក់ថា ការជ្រើសរើសប្រធានបទ "ដាំគ្រាប់ពោត" គឺមានគោលបំណងចម្បងក្នុងការបណ្តុះបណ្តាលសិស្សឱ្យយល់ដឹងអំពីអត្ថប្រយោជន៍នៃការដាំដំណាំ ព្រមទាំងបង្រៀនសិស្សអោយដឹងពីជំហាននៃដំណើរការដាំពោតយ៉ាងច្បាស់លាស់។ អ្នកគ្រូ បានបន្តថា កម្មវីធីនេះ បានជួយបណ្តុះគំនិតឱ្យសិស្ស ស្គាល់ពីគុណតម្លៃនៃដំណាំ និងស្រឡាញ់ការដាំដុះ។ ម្យ៉ាងវិញទៀត ដំណាំពោត ផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដូចជាផ្លែ យកទៅធ្វើជាអាហារ ស្ងោរ ដុត អាំង ធ្វើបង្អែម។ល។ ហើយផ្លែ និងដើមរបស់វា ក៏អាចធ្វើជាចំណីសត្វ ផងដែរ។

ក្រោយពីបានចូលរួមសកម្មភាពនោះ សិស្សានុសិស្សទទួលបានបទពិសោធថ្មីៗ និងចំណេះដឹងអនុវត្តដែលអាចយកទៅប្រើប្រាស់បានជាក់ស្តែង នៅផ្ទះ ឬក្នុងសហគមន៍របស់ខ្លួន។
អ្នកគ្រូ ង៉ែត សុភាព ក៏បានបង្ហាញនូវការពេញចិត្តយ៉ាងខ្លាំងចំពោះការចូលរួមរបស់សិស្ស ដែលបានបង្ហាញនូវភាពខិតខំប្រឹងប្រែង និងការចូលរួមយ៉ាងសកម្មរបស់សិស្ស។ សកម្មភាពបំណិនជីវិតនេះ មិនត្រឹមតែជាការសិក្សាដោយការធ្វើនោះទេ ប៉ុន្តែជាជម្រើសដ៏ឆ្លាតវៃក្នុងការបណ្តុះកម្លាំងចិត្ត និងការយល់ដឹងអំពីជីវិតពិតក្នុងសង្គមផងដែរ៕
.png)