ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

លោក សាំង វណ្ណា គ្រូបង្រៀននៅ AIS សាខាសៀមរាប ប្តេជ្ញាបង្រៀនសិស្សយកគុណភាព ដោយមិនបង្រៀនយកតែបរិមាណ 

បានផ្សាយចេញ | ១០ ធ្នូ ២០២៥ 835

លោក សាំង វណ្ណា គ្រូបង្រៀននៅ AIS សាខាសៀមរាប ប្តេជ្ញាបង្រៀនសិស្សយកគុណភាព ដោយមិនបង្រៀនយកតែបរិមាណ 

សំឡេងសិស្សអានមេរៀនលាន់ឮបណ្តាក់គ្នា រួមជាមួយសំឡេងបង្រៀន និងណែនាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់លោកគ្រូបង្រៀនម្នាក់ បានបង្កើតឱ្យមានបរិយាកាសសិក្សាដ៏កក់ក្ដៅរវាង សិស្ស និងគ្រូបង្រៀននៅក្នុងបន្ទប់រៀនភាសាខ្មែរមួយក្នុងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាសៀមរាប។ 

លោក សាំង វណ្ណា គឺជាគ្រូបង្រៀនផ្នែកភាសាខ្មែរ ថ្នាក់ទី១២ ដែលទទួលបាននូវការគាំទ្រ និងការគោរពស្រឡាញ់ពីសិស្សទូទៅ ក៏ដូចជា មាតា បិតា អ្នកអាណាព្យាបាលសិស្សជាច្រើនថា ជាគ្រូដែលបង្រៀនសិស្សដោយបេះដូង និង«បង្រៀនយកគុណភាព ដោយមិនបង្រៀនយកតែបរិមាណ»នោះទេ។

លោក សាំង វណ្ណា កើតនៅភូមិតារាម ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងគ្រួសារដែលមានលោកឪពុក ជាគ្រូបង្រៀន(បច្ចុប្បន្នស្លាប់) និងម្តាយជាកសិករ តែបានបង្រៀនគាត់ឱ្យរឹងមាំ និងស្រឡាញ់ការសិក្សា។ ជីវិត ជាសិស្ស របស់លោក សាំង វណ្ណា មិនងាយស្រួលឡើយ ព្រោះត្រូវធ្វើដំណើរពីស្រុកទៅទីរួមខេត្តជិត៣០គីឡូម៉ែត្រ ដើម្បីបន្តការសិក្សា ត្រូវស្នាក់នៅផ្ទះចាំដីឱ្យគេ។ ការរស់នៅឆ្ងាយពីគ្រួសារ បាន   បណ្តុះគាត់ឱ្យក្លាយជាមនុស្សមានវិន័យ មិនបោះបង់ក្នុងគោលបំណងជាគ្រូបង្រៀនដើរតាមមាគ៌ារបស់លោកឪពុក។

ក្រោយពេលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅរាជធានីភ្នំពេញ និងទទួលបានសញ្ញាបត្រអនុបណ្ឌិត អក្សរសាស្រ្តខ្មែរ  លោក សំាង វណ្ណា ចាប់ផ្តើមអាជីពជាគ្រូនៅវិទ្យាល័យ ហ៊ុន សែន ចុងកាល់ ខេត្តឧត្តរមានជ័យ។ នៅទីនោះ លោកចងចាំថា អ្វីដែលធ្វើឱ្យរីករាយមិនមែនត្រឹមតែការបង្រៀនឱ្យសិស្សចេះអាន ចេះសរសេរ ប៉ុណ្ណោះទេ ប៉ុន្តែជាអារម្មណ៍មួយដែលជួយបំផុសគំនិតសិស្សឱ្យមានគោលដៅនាពេលអនាគត។ ក្រោយបម្រើការរយៈពេល ៣ ឆ្នាំ និងធ្វើជានាយករងរយៈពេល ២ ឆ្នាំ លោកបានផ្លាស់ទីទៅរស់នៅខេត្តសៀមរាបជាមួយភរិយា ហើយបន្តអាជីពគ្រូបង្រៀននៅសាលាអន្តរទ្វីប អាមេរិកាំង (AIS) សៀមរាប។ 

ជាគ្រូបង្រៀនដោយចិត្តស្មោះ លោក សាំង វណ្ណា មានការត្រៀមខ្លួនមុនជានិច្ច មកដល់សាលារៀនមុនម៉ោង រៀបចំ ផែនការមេរៀន និងកិច្ចតែងការ សៀវភៅសិក្សាគោល បញ្ជីឈ្មោះសិស្សឱ្យបានច្បាស់លាស់។ ក្រៅពីបង្រៀនមុខវិទ្យា ភាសាខ្មែរ លោកគ្រូ ក៏បានបង្រៀនសិស្សឱ្យចេះរស់ក្នុងសង្គម មានវិន័យ មានទំនួលខុសត្រូវ និងរស់នៅក្នុងសង្គមប្រកបដោយសេចក្តីថ្លៃថ្នូរ។

ក្នុងថ្នាក់រៀន សិស្សតែងតែមានការចូលរួមយ៉ាងសកម្ម ដោយលោកគ្រូមិនធ្វើឱ្យមេរៀនស្ងប់ស្ងាត់ទេ ប៉ុន្តែលើកទឹកចិត្តឱ្យសិស្សឈរឡើង និយាយ អានបណ្តាក់គ្នា តភ្ជាប់គំនិត និងស្វែងរកចម្លើយដោយខ្លួនឯង។ ការប្រមូលបាននូវលទ្ធផលល្អៗនោះ មិនមែនដោយចៃដន្យទេ តែជាផលនៃការខិតខំរបស់គ្រូដែលឈរលើបាវចនាផ្ទាល់ខ្លួន«បង្រៀនយកគុណភាព មិនបង្រៀនយកបរិមាណ»។
អ្វីដែលធ្វើឱ្យ លោក សំាង វណ្ណា មានមោទនភាពជាទីបំផុត គឺនៅពេលឃើញអតីតសិស្សរបស់គាត់ក្លាយជាគ្រូបង្រៀនដែរ។ សម្រាប់រូបលោក នេះគឺជាភស្តុតាងថា ការអប់រំមួយជំនាន់ អាចបំផុសជំនាន់ក្រោយបានទៀត។ លោកជឿជាក់ថា ការអប់រំល្អ ត្រូវចាប់ផ្តើមពី វិន័យ និងទំនួលខុសត្រូវ។ បើសិស្សមានពីររឿងនេះគឺ “គាត់អាចសម្រេចបានគ្រប់អ្វីៗ”។

សាលារៀន អន្តរទ្វីប អាមេរិកាំង  សាខាសៀមរាប លោក សាំង វណ្ណា មិនត្រឹមតែជាគ្រូបង្រៀនដ៏មានសក្តាពុល និងប្រជាប្រិយភាពមួយរូបប្រចាំសាលានោះទេ ប៉ុន្តែលោកគឺជាអ្នកណែនាំដ៏ស្មោះត្រង់ ដែលបន្តបំភ្លឺផ្លូវអប់រំសម្រាប់សិស្សជាច្រើនឱ្យស្គាល់តម្លៃមនុស្ស និងការអប់រំពិតប្រាកដ។ ជាមួយបំណងឆ្ពោះទៅមុខក្នុងការបន្តបង្រៀនសិស្សឱ្យឈរលើគុណភាព បណ្តុះបណ្តាលមនុស្សជាច្រើនក្នុងមួយជំនាន់ទៅមួយជំនាន់៕

ព័ត៌មានលម្អិតសូមទាក់ទង៖ 
📍សាខាសៀមរាប៖ ផ្លូវជាតិ៦A ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប
📍សាខាសៀមរាប៖ https://maps.app.goo.gl/QLukdg59J6PznWoC9
☎️ទំនាក់ទំនងព័ត៌មាន៖ ០១៧ ៨៨៩ ៩០៦/០១០ ៣៥៣ ៣៣០៕






 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/September/Mr Sokluy.jpg

តើសិស្សឆ្នើមត្រូវមានលក្ខណៈអ្វីខ្លះ?

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Mr KunThy.jpg

លោក តាន់ គន្ធី គ្រូគណិតវិទ្យាប្រើពេល២០ឆ្នាំផ្ដល់ការអប់រ...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/study learn to groth flower.jpg

លោកស្រី វង្ស តារាសុភី៖ គ្រូមត្តេយ្យសិក្សាបង្រៀនសិស្សដោយ...

https://theirrawaddydolphin.com/storage/photos/news/article/2026/July/T-echer Lon.jpg

លោកគ្រូ ខេង លន់៖ ពីកូនកសិករ ទៅជាគ្រូបណ្តុះចំណេះដឹង និងគ...