នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង និងមជ្ឈមណ្ឌល អេ អាយ អាយ បាននាំយកអំណោយសប្បុរសធម៌របស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ទៅប្រគល់ជូនក្រសួងអប់រំ យុវជន និងកីឡា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងចែកជូនបន្តទៅដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជនភៀសសឹក និងក្រុមគ្រួសារវីរកងទ័ព ក្នុងអំឡុងពេលសង្គ្រាមឈ្លានពានពីយោធាថៃ នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា–ថៃ។


នៅក្នុងឱកាសនោះ លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានមាន ប្រសាសន៍ថា ក្នុងគ្រាដ៏លំបាកសាលាទាំងពីរ (AIS និង Aii) ដែលមាន អ្នកឧកញ៉ា វេជ្ជ. គួច ម៉េងលី បានដឹកនាំបានរៀបចំនូវយុទ្ធនាការបំផុសស្មារតីកៀរគរសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគពីសប្បុរសជននានាតាមតាមរយៈ មូលនិធិ ម៉េងលី ជេ. គួច ហើយអ្នកឧកញ៉ាក៏បានដឹកនាំក្រុមការងារចុះចែកអំណោយសប្បុរសធម៌នៅតាមបណ្តោយព្រំដែន និងទើបត្រឡប់មកដល់ភ្នំពេញវិញកាលពីចុងសប្តាហ៍កន្លងមកនេះ។ សម្រាប់អំណោយសប្បុរសធម៌ ដែលប្រគល់ជូននាពេលនោះរួមមានអង្ករ ២០គីឡូក្រាម មានចំនួន ១០០បាវ មី១០០កេស ទឹកស៊ីអ៊ីវ១០០យួរ ទឹកត្រី១០០យួរ សរុបជាទឹកប្រាក់ប្រមាណជាង ៨,០០០,០០០រៀល៕


