ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

លោកស្រី វង្ស តារាសុភី៖ គ្រូមត្តេយ្យសិក្សាបង្រៀនសិស្សដោយបេះដូង និងក្តីស្រឡាញ់ចំពោះកុមារតូច

បានផ្សាយចេញ | ៣១ ធ្នូ ២០២៥ 828

លោកស្រី វង្ស តារាសុភី៖ គ្រូមត្តេយ្យសិក្សាបង្រៀនសិស្សដោយបេះដូង និងក្តីស្រឡាញ់ចំពោះកុមារតូច

«ការអប់រំដែលមានគុណភាព ផ្តើមចេញពីគ្រូដែលមានគុណភាព»

ដោយសារក្តីស្រឡាញ់ចូលចិត្តកុមារតូចៗ និងមានការគាំទ្រយ៉ាងពេញទំហឹងពីឪពុកម្តាយ បានជំរុញឱ្យ កញ្ញា វង្ស តារាសុភី បានប្រឡងជាប់គ្រូមត្តេយ្យសិក្សាដោយជោគជ័យ ហើយបន្តការសិក្សានៅសាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈឹម ក្នុងទីក្រុងភ្នំពេញ និងបានក្លាយជាគ្រូមត្តេយ្យសិក្សាមួយរូបនៅសាលាបឋមសិក្សា គូលែន ខេត្តព្រះវិហារ ក្នុងឆ្នាំ២០០៧។ លុះឆ្នាំ២០០៨ កញ្ញា វង្ស តារាសុភី បានចូលបម្រើការងារជាគ្រូមត្តេយ្យសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) រហូតមកដល់បច្ចុប្បន្ននេះ។ 

បទពិសោធដ៏មានតម្លៃបំផុតក្នុងអាជីពជាគ្រូបង្រៀនមួយរូប សម្រាប់លោកស្រី វង្ស តារាសុភី គឺអាចចូលរួមបណ្តុះបណ្តាលកុមារតូចៗឱ្យក្លាយជាមនុស្សមានវិន័យ មានទំនួលខុសត្រូវ មានភាពក្លាហាន និងជឿជាក់លើខ្លួនឯង ព្រមទាំងចេះគោរពគ្រូ អ្នកដទៃ និងចេះរស់នៅក្នុងសង្គមដោយភាពថ្លៃថ្នូរ។ អ្នកគ្រូជឿជាក់ថា ការអប់រំថ្នាក់មត្តេយ្យគឺជាមូលដ្ឋានសំខាន់បំផុតក្នុងការកសាងអនាគតរបស់កុមារ។

ក្នុងការបង្រៀនកុមារតូច លោកស្រី ផ្តោតសំខាន់លើវិធីសាស្រ្ត និងបច្ចេកទេសសមស្របតាមគោលការណ៍គរុកោសល្យ ដោយរួមបញ្ចូលចំណេះដឹងទូលំទូលាយ បទពិសោធជាក់ស្តែង និងភាពបត់បែនតាមកាលៈទេសៈ។ លោកស្រី តែងតែស្រាវជ្រាវ និងរៀនបន្ថែមបច្ចេកទេសថ្មីៗ ដើម្បីជួយឱ្យកុមារឆាប់យល់ ឆាប់ចាប់បាននូវចំណេះដឹង និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនយ៉ាងពេញលេញ។

ជាមួយការយល់ឃើញថា កុមារតូចមានខួរក្បាលភ្លឺថ្លា លោកស្រី បានអនុវត្តការបង្រៀនទាំងបែបរូបិយ និងអរូបិយ ដើម្បីឱ្យកុមារបានអនុវត្តផ្ទាល់ ចេះគិត ចេះដោះស្រាយបញ្ហា និងមានទំនួលខុសត្រូវ។ ថ្នាក់រៀនត្រូវបានរៀបចំឱ្យស្អាត ទាក់ទាញ មានសម្ភារៈសម្បូរបែប និងបង្កើតសកម្មភាពរៀនដែលឱ្យកុមារចូលរួមសហការយ៉ាងសកម្ម ពោរពេញដោយភាពរីករាយ ក្រោមការបង្រៀនម៉ឺងម៉ាត់ ប៉ុន្តែទន់ភ្លន់។

បច្ចេកទេសពិសេសដែលលោកស្រី ប្រើប្រាស់ដើម្បីជួយឱ្យកុមារអភិវឌ្ឍខ្លួនបានល្អ រួមមានការបង្រៀនដោយប្រើវត្ថុ និងសម្ភារឧបទ្ទេស ការនិយាយខ្លីៗភ្ជាប់ជាមួយសកម្មភាព និងល្បែងសិក្សា ការបណ្តុះឱ្យកុមារយល់ដឹងអំពីអារម្មណ៍ និងមតិយោបល់របស់អ្នកដទៃ ដើម្បីចេះសហការ និងរស់នៅជាមួយគ្នា ព្រមទាំងការផ្តល់បទពិសោធរៀនក្រៅថ្នាក់ និងទស្សនកិច្ចសិក្សាផ្សេងៗ។

ដោយសារ ការបង្រៀនដោយបេះដូង ក្តីស្រឡាញ់ និងការថែទាំស្មើៗគ្នា អ្នកគ្រូ វង្ស តារាសុភី ទទួលបានការគោរព និងទំនុកចិត្តពីសិស្ស និងមាតាបិតា អ្នកអាណាព្យាបាលយ៉ាងទូលំទូលាយ។ អ្នកគ្រូតែងផ្តល់ព័ត៌មាន និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ អ្នកអាណាព្យាបាល នៅពេលមានបញ្ហាលើការសិក្សា ដើម្បីរកដំណោះស្រាយ និងកែលម្អឱ្យបានទាន់ពេលវេលា។

ចំពោះការអប់រំកុមារតូចក្នុងយុគសម័យបច្ចេកវិទ្យា អ្នកគ្រូមានទស្សនៈថា កុមារត្រូវផ្លាស់ប្តូរពីការទន្ទេញចាំ ទៅជាការអភិវឌ្ឍជំនាញច្នៃប្រឌិត ភាពអត់ធ្មត់ និងសមត្ថភាពគ្រប់គ្រងអារម្មណ៍ ដើម្បីត្រៀមខ្លួនឱ្យរួចរាល់សម្រាប់ការសិក្សាថ្នាក់បឋម និងការអប់រំពេញមួយជីវិត ក្នុងសង្គមដែលបច្ចេកវិទ្យាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

លោកស្រី  វង្ស តារាសុភី បច្ចុប្បន្នជាគ្រូមត្តេយ្យសិក្សា បម្រើការងារនៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ។ អ្នកគ្រូកើតនៅភូមិអណ្តូងពោធិ៍ ឃុំកំពង់ប្រណាក ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ក្នុងគ្រួសារមួយមានបងប្អូនចំនួន៤នាក់ ហើយអ្នកគ្រូជាកូនទី២។ ឪពុកជាមន្ត្រីរាជការចូលនិវត្តន៍ ខណៈម្តាយជាស្រ្តីមេផ្ទះ ដែលបានផ្តល់ក្តីស្រឡាញ់ ការអប់រំ និងការលើកទឹកចិត្តយ៉ាងខ្លាំងចំពោះការសិក្សា និងអាជីពរបស់កូនៗ។

សម្រាប់បំណងឆ្ពោះទៅមុខ អ្នកគ្រូ  វង្ស តារាសុភី មានគោលដៅច្បាស់លាស់ក្នុងការអប់រំកុមារឱ្យក្លាយជាមនុស្សជំនាន់ថ្មី ដែលមានចំណេះដឹង សីលធម៌ គុណធម៌ មានសុខភាពល្អ សាមគ្គីភាព ស្រឡាញ់ប្រទេសជាតិ និងចេះអភិវឌ្ឍខ្លួនឯងឥតឈប់ឈរ ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់អនាគតប្រទេសជាតិ៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/September/Ms SomOn.jpg

អ្នកគ្រូ ជុន សំអន បង្ហាញបទពិសោធក្នុងការបង្រៀនកុមារថ្នាក...

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/Mr vanry.jpg

អ្នកគ្រូ ធី វណ្ណរី និងការចូលរួមលើកកម្ពស់គុណភាពអប់រំនៅសា...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Mr KunThy.jpg

លោក តាន់ គន្ធី គ្រូគណិតវិទ្យាប្រើពេល២០ឆ្នាំផ្ដល់ការអប់រ...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Ms Sokhary2.jpg

គ្រូបង្រៀនភាសាខ្មែរ ជា សុខារី បន្តមរតកអក្សរសាស្ត្រខ្មែរ...