ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ កោតសរសើរគុណភាពអប់រំ និងការគ្រប់គ្រងរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ

បានផ្សាយចេញ | ០៥ មករា ២០២៦ 676

មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ កោតសរសើរគុណភាពអប់រំ និងការគ្រប់គ្រងរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ

ភ្នំពេញ៖ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគុណភាពបរិស្ថាន ការគ្រប់គ្រង ការបង្រៀន និងការអប់រំសិស្សរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាចោមចៅ ដែលអនុវត្តប្រកបដោយវិជ្ជាជីវៈគរុកោសល្យ ស្របតាមស្តង់ដាជាតិ និងឆ្លើយតបនឹងតម្រូវការសង្គមនាសម័យបច្ចេកវិទ្យាឌីជីថល។

ការកោតសរសើរនេះ បានធ្វើឡើងក្នុងឱកាសដែលក្រុមអធិការកិច្ចថ្នាក់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ដឹកនាំដោយ លោក ព្រាប កុម្ភៈ ប្រធានការិយាល័យបឋមសិក្សា និងក្រុមការងារបានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃថ្នាក់បឋមសិក្សានៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពី លោកស្រី រស់ យ៉ាណា ប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង និង លោក ឡេង សុខអេង នាយកចាងហ្វាងសាខាចោមចៅ រួមទាំងចាងហ្វាង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែកដែលពាក់ព័ន្ធផងដែរ។

ក្នុងដំណើរការត្រួតពិនិត្យនេះ ក្រុមការងារអធិការកិច្ចបានសង្កេតឃើញយ៉ាងច្បាស់ថា ផ្នែកបរិស្ថានរបស់សាលាត្រូវបានគ្រប់គ្រងបានល្អប្រសើរ មានភាពស្អាត និងមានបរិយាកាសល្អសមរម្យសម្រាប់ការរៀនសូត្រ។ ចំពោះបណ្ណាល័យ បន្ទប់សាលា កន្លែងលេង និងបរិវេណនៅជុំវិញសាលា ត្រូវបានរៀបចំចាត់ចែងស្របតាមស្តង់ដាអប់រំ ដែលជួយលើកទឹកចិត្តសិស្សក្នុងការសិក្សា។

ថ្នាក់ដឹកនាំអធិការកិច្ចបានបញ្ជាក់ថា វិធីសាស្រ្តបង្រៀនរបស់លោកគ្រូ អ្នកគ្រូ របស់ AIS មានលក្ខណៈទំនើប ប្រើបច្ចេកទេសគរុកោសល្យបានត្រឹមត្រូវ មានការផ្តោតលើសិស្សជាចម្បង និងធ្វើឱ្យការរៀនមានភាពរស់រវើក។ ការឆ្លើយសំណួរ ការចូលរួមរបស់សិស្ស ការសរសេរកំណត់ត្រា ការអាន និងការស្តាប់ពន្យល់មេរៀនត្រូវបានគេឃើញថា មានការអភិវឌ្ឍយ៉ាងច្បាស់លាស់។

ក្នុងការបូកសរុបលទ្ធផលអធិការកិច្ច លោក ព្រាប កុម្ភៈ បានកត់សម្គាល់យ៉ាងច្បាស់ថា «សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ ជាសាលាមួយដែលមានការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈ សិស្សមាន វិន័យល្អ ការអប់រំមានគុណភាព និងការបង្រៀនរបស់គ្រូមានតម្លាភាព និងប្រសិទ្ធភាព។ សាលានេះគួរឱ្យសរសើរ ហើយអាចធ្វើជាគំរូល្អសម្រាប់សាលាផ្សេងៗក្នុងរាជធានីភ្នំពេញ»។

លោកក៏បានលើកឡើងថា សាលារៀន អន្តរទ្វីប អាមេរិកាំង មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ពីមួយឆ្នាំទៅមួយ មានគុណភាពបង្រៀនល្អឆ្លើយតបនឹងគោលនយោបាយ ក្រសួងអប់រំយុវជន និងកីឡា មានការច្នៃប្រឌិតក្នុងវិធីសាស្រ្តបង្រៀន ការចាប់អារម្មណ៍ និងភាពរីកចម្រើនរបស់សិស្ស និងការសហការល្អរវាងគណៈគ្រប់គ្រង គ្រូបង្រៀន និងបុគ្គលិក។

ក្រោយពេលបញ្ចប់ការចុះអធិការកិច្ច លោក ព្រាប កុម្ភៈ បានថ្លែងអំណរអរគុណដល់គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ ដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍការអប់រំ និងបន្តរក្សាគុណភាពសាលាឱ្យកាន់តែប្រសើរ។ លោកបានផ្តល់អនុសាសន៍ឱ្យបន្តលើកស្ទួយសកម្មភាពវិជ្ជមានទាំងនេះ ដើម្បី បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយចំណេះដឹង គុណភាព និងគុណធម៌ សម្រាប់រួមចំណែកអភិវឌ្ឍប្រទេសជាតិ៕



អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/February/Inspection CKD.jpg

អធិការកិច្ចថ្នាក់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេ...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Evaluate CCV.jpg

មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ កោតសរសើរលើគុណភាព...

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/Inspecting AIS TK1.jpg

មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ វាយតម្លៃខ្ពស់ ន...