អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន ៥,០០០ ដុល្លារអាមេរិក ដើម្បីគាំទ្រការផលិតខ្សែភាពយន្តឯកសារបែបប្រវត្តិសាស្ត្ររឿង «សោកនាដកម្មភ្នំខ្មោច» ដែលផលិតដោយផលិតកម្មអិលឌី។ ខ្សែភាពយន្តនេះ ផ្អែកលើសៀវភៅ «ភ្នំដងរែក ទីពុំអាចភ្លេច» ជាស្នាដៃនិពន្ធផ្ទាល់របស់អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលរៀបរាប់ពីបទពិសោធជីវិតពិតរបស់លោកក្នុងឆ្នាំ១៩៧៩ និងការរស់រានមានជីវិតពីរបបខ្មែរក្រហម។
.jpg)
ខ្សែភាពយន្តឯកសារនេះ នឹងលាតត្រដាងពីសោកនាដកម្មដ៏សាហាវរបស់ជនភៀសខ្លួនកម្ពុជា ដែលរត់គេចពីរបបខ្មែរក្រហមទៅជ្រកកោននៅប្រទេសថៃ ក្រោយមកត្រូវកងទ័ពប៉ារ៉ាថៃបង្ខំឱ្យដើរត្រឡប់ចូលទឹកដីកម្ពុជាវិញ តាមជួរភ្នំដងរែក ក្នុងឆ្នាំ១៩៧៩ ដោយឆ្លងកាត់ចម្ការមីនដ៏គ្រោះថ្នាក់។ តំបន់នោះ ត្រូវបានទាហានព្រំដែនហៅថា «ភ្នំខ្មោច» ព្រោះនៅពេលយប់ គេឮសំឡេងក្មេងយំសោកសៅ។
ថ្លែងក្នុងពិធីបើកកាមេរ៉ាខ្សែភាពយន្ត អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងថា សៀវភៅ «ភ្នំដងរែក ទីពុំអាចភ្លេច» គឺជារឿងពិតដែលលោកផ្ទាល់បានឆ្លងកាត់ និងចាត់ទុកថា ជាវាលពិឃាតដ៏សាហាវយង់ឃ្នងមួយ ដែលកើតឡើងបន្ទាប់ពីវាលពិឃាតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ លោកបានបញ្ជាក់ថា សោកនាដកម្មនេះ គួរត្រូវបានកត់ត្រាទុកជាប្រវត្តិសាស្ត្រ ដើម្បីឱ្យជំនាន់ក្រោយបានស្គាល់ និងយល់ដឹងពីតម្លៃសន្តិភាព។
អ្នកឧកញ៉ាបានបន្ថែមថា សៀវភៅនេះបានសរសេរ និងបោះពុម្ពផ្សាយជាលើកដំបូងនៅឆ្នាំ២០១៨ ប៉ុន្តែមិនទាន់មានអ្នកចាប់អារម្មណ៍ច្រើននៅពេលនោះឡើយ រហូតដល់ពេលមានភាពតានតឹង និងជម្លោះប្រដាប់អាវុធតាមព្រំដែនកម្ពុជា–ថៃ ទើបខ្លឹមសាររឿងរ៉ាវក្នុងសៀវភៅត្រូវបានយកមកពិភាក្សាឡើងវិញយ៉ាងទូលំទូលាយ។ «ខ្ញុំសង្ឃឹមថា សាច់រឿងក្នុងសៀវភៅនេះត្រូវបានទុកជាប្រវត្តិសាស្ត្រសម្រាប់មនុស្សជំនាន់ក្រោយដើម្បីឱ្យដឹង ព្រោះកាលណាប្រទេសមានសង្គ្រាម គឺតែងតែមានអ្នកសរសេរប្រវត្តិសាស្ត្រ រួមទាំងដំណើរជីវិតជូរចត់ក្នុងសង្គ្រាម ប៉ុន្តែយើងក្រមិនសូវមានអ្នកបានឆ្លងកាត់ព្រឹត្តការណ៍សង្គ្រាមដ៏ជូរចត់នោះហើយអាចសរសេរបាន ឬក៏មានពេលសរសេរចង់សរសេរ ឬក៏អាចនិយាយថាហានសរសេរ។ ដូច្នេះ ប្រវត្តិយើងមានច្រើន ប៉ុន្តែអត់បានសរសេរចារទុកជាឯកសារប្រវត្តិសាស្ត្រ»។
.jpg)
អ្នកឧកញ៉ាបានបន្តថា «ខ្ញុំសប្បាយរីករាយដែលសៀវភៅ «ភ្នំដងរែកទីពុំអាចភ្លេច» បានក្លាយជារឿង និងជាប្រវត្តិសាស្ត្រមួយក្នុងប្រទេសខ្មែរយើង ទុកជាកាដូអនុស្សាវរីយ៍ ដើម្បីឱ្យកូនខ្មែរចងចាំ ទោះរឿងរ៉ាវនោះកន្លងផុតក៏ដោយ ប៉ុន្តែគេតែងតែចងចាំ។ ដូចជារឿងរ៉ាវរបស់យើងបានកើតឡើងជាមួយប្រទេសជិតខាង យើងអនុគ្រោះ បំភ្លេច ប៉ុន្តែកុំភ្លេចចងចាំ។ ដូច្នេះទោះបីជាការផលិតភាពយន្តចេញមកក៏ដោយ ប៉ុន្តែវាមិនមែនជាកាលៈទេសៈមួយសម្រាប់ចងគំនុំគ្នាទេ»។
ជាមួយគ្នានេះអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានយកឱកាសនេះជូនពរដល់ក្រុមការងារផលិតកម្មអិលឌី ឱ្យទទួលបានជោគជ័យក្នុងការផលិតរឿង«សោកនាដកម្មភ្នំខ្មោច» និងសង្ឃឹមថាមានទស្សនិកជនជាច្រើនគាំទ្រទាំងថវិកាផលិត ទាំងកម្លាំងកាយចិត្ត សប្បាយរីករាយ ចូលរួមកម្សាន្តមើលច្រើន៕