ភ្នំពេញ៖ បន្ទាប់ពីការចុះត្រួតពិនិត្យ និងវាយតម្លៃយ៉ាងម៉ត់ចត់ គណៈកម្មការពិនិត្យ តាមដាន និងវាយតម្លៃការគ្រប់គ្រង ដឹកនាំដំណើរការគ្រឹះស្ថានបឋមសិក្សាចំណេះទូទៅឯកជន នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានវាយតម្លៃខ្ពស់ និងកោតសរសើរគុណភាពអប់រំ របស់សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាទួលសង្កែ ដែលបង្ហាញពីការអភិវឌ្ឍជាបន្តបន្ទាប់ និងស្របតាមគោលនយោបាយកំណែទម្រង់វិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ការវាយតម្លៃវិជ្ជមាននេះ បានធ្វើឡើងខណៈដែលក្រុមអធិការកិច្ចនៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ដឹកនាំដោយ លោក ព្រាប កុម្ភៈ ប្រធានការិយាល័យបឋមសិក្សា បានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃថ្នាក់បឋមសិក្សាចំណេះទូទៅ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលសង្កែ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពី លោកស្រី រស់ យ៉ាណា ប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង និងលោក ពៅ ភក្តី នាយកចាងហ្វាងសាខាទួលសង្កែ រួមទាំងចាងហ្វាង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែកដែលពាក់ព័ន្ធផងដែរ។

ក្នុងដំណើរការចុះអធិការកិច្ចនេះ ក្រុមការងារបានសង្កេតឃើញយ៉ាងច្បាស់ថា គុណភាពបរិស្ថានសាលាត្រូវបានគ្រប់គ្រងយ៉ាងល្អប្រសើរ មានភាពស្អាត សុវត្ថិភាព និងបរិយាកាសល្អសមរម្យសម្រាប់ការរៀនសូត្រ។ បណ្ណាល័យ បន្ទប់សិក្សា កន្លែងលេង និងបរិវេណជុំវិញសាលា ត្រូវបានរៀបចំចាត់ចែងយ៉ាងមានរបៀបស្របតាមស្តង់ដាអប់រំ ដែលជួយលើកទឹកចិត្ត និងបង្កើនការចាប់អារម្មណ៍របស់សិស្សក្នុងការសិក្សា។
ថ្នាក់ដឹកនាំអធិការកិច្ចបានបញ្ជាក់ថា វិធីសាស្ត្របង្រៀនរបស់លោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) មានលក្ខណៈទំនើប ប្រើប្រាស់បច្ចេកទេសគរុកោសល្យបានត្រឹមត្រូវ ផ្តោតលើសិស្សជាចម្បង និងធ្វើឱ្យការរៀនមានភាពរស់រវើក។ ការឆ្លើយសំណួរ ការចូលរួមក្នុងថ្នាក់ ការអាន ការសរសេរ និងការស្តាប់ពន្យល់មេរៀនរបស់សិស្ស ត្រូវបានវាយតម្លៃថាមានការអភិវឌ្ឍយ៉ាងច្បាស់លាស់។
ក្នុងការបូកសរុបលទ្ធផលអធិការកិច្ច លោក ព្រាប កុម្ភៈ បានមានប្រសាសន៍ថា «សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលសង្កែ ជាសាលាមួយដែលមានការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈ សិស្សមានវិន័យល្អ ការអប់រំមានគុណភាព និងការបង្រៀនរបស់គ្រូមានតម្លាភាព និងប្រសិទ្ធភាព»។

លោកបានបន្ថែមថា សាលារៀន អន្តរទ្វីប អាមេរិកាំង មានការរីកចម្រើនគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ មានគុណភាពបង្រៀនឆ្លើយតបនឹងគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា មានការច្នៃប្រឌិតក្នុងវិធីសាស្ត្របង្រៀន និងមានការសហការល្អរវាងគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែក។
បន្ទាប់ពីបញ្ចប់ការចុះអធិការកិច្ច លោក ព្រាប កុម្ភៈ បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រងសាលា និងនាយកចាងហ្វាង ចាងហ្វាង លោកគ្រូ អ្នកគ្រូ ដែលបានប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍការអប់រំ និងបន្តរក្សាគុណភាពសាលាឱ្យកាន់តែប្រសើរ ព្រមទាំងផ្តល់អនុសាសន៍ឱ្យបន្តលើកស្ទួយសកម្មភាពវិជ្ជមានទាំងនេះជាបន្តបន្ទាប់ទៀត ដើម្បីបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយចំណេះដឹង គុណភាព និងគុណធម៌ និងប្រសិទ្ធភាព សម្រាប់រួមចំណែកអភិវឌ្ឍប្រទេសជាតិ៕