«ការអប់រំដែលមានគុណភាព ផ្តើមចេញពីគ្រូដែលមានគុណភាព»
ជាទស្សន:ផ្ទាល់ខ្លួនលោក សូ សុផាត គ្រូបង្រៀនផ្នែករូបវិទ្យាម្នាក់នៃសាលារៀន អន្តរទ្វីប អាមេរិកាំង(AIS)លើកឡើងថា «ការអប់រំមិនមែនត្រឹមតែការផ្ទេរចំណេះដឹងទេ ប៉ុន្តែជាដំណើរការកសាងមនុស្សពេញលេញ ទាំងចំណេះដឹង សីលធម៌ និងជំនាញជីវិត។ ការអប់រំគឺជា គ្រឹះសម្រាប់ការផ្លាស់ប្តូរសង្គម ហើយគ្រូមានតួនាទីសំខាន់ក្នុងការចាប់ផ្តើមការផ្លាស់ប្តូរនោះ ចាប់ពីថ្នាក់រៀនតូចមួយនេះ»។
គួរបញ្ជាក់ឱ្យដឹងផងដែរថា លោក សូ សុផាត មានស្រុកកំណើតនៅស្រុកគីរីវង់ ខេត្តតាកែវ ជាកូនទី៤ ក្នុងចំណោមបងប្អូន៤នាក់។ ឪពុកជាកសិករ និងជាអតីតមេភូមិ ខណៈម្តាយជាកសិករ ដែលបានទទួលមរណភាពហើយ។ ជីវភាពគ្រួសារដែលពោរពេញដោយការខិតខំប្រឹងប្រែង និងវិន័យ បានបណ្តុះឱ្យលោកមានការតាំងចិត្តខ្ពស់ចំពោះការសិក្សាតាំងពីវ័យកុមារ។
ក្នុងពេលសិក្សាចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៥ លោកប្រាប់ថា កាលនោះ លោកមាននិស្ស័យស្រឡាញ់ការសិក្សាផ្នែកភាសាខ្មែរ និងចូលចិត្តអានសៀវភៅរឿងព្រេងនិទាន។ លោកបានបន្តរំលឹកថា «ការអានបានបង្កើតឱ្យខ្ញុំចេះសួរ ចេះឆ្ងល់ និងចេះស្វែងរកហេតុផល»។ ទោះបីជាគណិតវិទ្យាមិនមែនជាចំណុចខ្លាំងនៅដើមក៏ដោយ ការលើកទឹកចិត្តពីឪពុកម្តាយ បានធ្វើឱ្យលោកគ្រូមិនបោះបង់ចោលការសិក្សានោះឡើយ។
លោក សូ សុផាត បន្តឱ្យដឹងទៀតថា ចាប់ពីអនុវិទ្យាល័យមក លោកបានចាប់អារម្មណ៍យ៉ាងខ្លាំងលើមុខវិជ្ជាវិទ្យាសាស្ត្រ ជាពិសេសរូបវិទ្យា។ គ្រូបង្រៀនរូបនេះបានបន្តចែករំលែកផងដែរថា «រូបវិទ្យាជាវិជ្ជាធ្វើឱ្យខ្ញុំឆ្ងល់ និងចង់ស្រាវជ្រាវ ព្រោះវាពន្យល់អ្វីៗជុំវិញជីវិតយើង»។ លោកបន្តថា ពេលសិក្សានៅថ្នាក់ទី៩ តាមរយ:ការណែនាំពីគ្រូរូបវិទ្យា បានជំរុញឱ្យលោកជ្រើសរើសមុខវិជ្ជានេះសម្រាប់ការប្រកួតប្រជែងសិស្សពូកែ ហើយក៏ជាចំណុចបម្លែងសំខាន់មួយក្នុងដំណើរសិក្សារបស់លោកផ្ទាល់។
តាមរយៈការសិក្សាផ្នែករូបវិទ្យា និងគណិតវិទ្យាក៏បានធ្វើឱ្យចំណេះដឹងរបស់លោកមានភាពរីកចម្រើនជាបន្តបន្ទាប់។ លោកបញ្ជាក់ថា «ពេលយល់រូបវិទ្យា ខ្ញុំចាប់ផ្តើមយល់ថា គណិតវិទ្យាមិនមែនជារឿងគួរភ័យខ្លាចទេ» ។ ដោយការខិតខំប្រឹងប្រែង លោកគ្រូបានបញ្ចប់ថ្នាក់ទី១២ ជាមួយចំណាត់ថ្នាក់លេខ១ និងទទួលបានពានរង្វាន់សិស្សពូកែថ្នាក់ស្រុក និងខេត្ត។
នៅពេលបន្តការសិក្សាដល់ថ្នាក់ឧត្តមសិក្សា លោក សូ សុផាត បានជ្រើសរើសមុខវិជ្ជារូបវិទ្យាដែលខ្លួនស្រឡាញ់ រហូតទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែករូបវិទ្យា ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកបានលើកឡើងថា «ការរៀនសូត្របានជ្រៅជ្រះធ្វើឱ្យខ្ញុំយល់ថា ចំណេះដឹងមានតម្លៃណាស់ ពិសេសប្រសិនបើវាត្រូវបានចែករំលែកទៅអ្នកដទៃ! »។
បច្ចុប្បន្ន លោក សូ សុផាត ជាគ្រូបង្រៀនរូបវិទ្យា នៅសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សម្រាប់សិស្សថ្នាក់ទី១០ ទី១១ និងទី១២ ព្រមទាំងបង្រៀននៅសាលារដ្ឋផងដែរ។ លោកគ្រូជឿជាក់ថា «រូបវិទ្យាមិនមែនជាវិជ្ជាពិបាកទេ ប៉ុន្តែជាវិជ្ជាដែលមានតម្លៃ និងអាចយកទៅប្រើបានក្នុងជីវិតពិត»។
ក្នុងការបង្រៀន លោកគ្រូប្រើវិធីសាស្ត្រផ្សារភ្ជាប់មេរៀនជាមួយជីវិតប្រចាំថ្ងៃ បង្រៀនតាមការអនុវត្ត និងពិសោធន៍ លើកទឹកចិត្តឱ្យសិស្សសួរ និងពិភាក្សា។ «ខ្ញុំចង់ឱ្យសិស្សមិនត្រឹមតែចាំរូបមន្តទេ ប៉ុន្តែយល់ថាវាដំណើរការយ៉ាងដូចម្តេច» លោកគ្រូបានបន្ថែម។
បទពិសោធ ដែលលោកគ្រូចាត់ទុកថាមានតម្លៃបំផុត គឺការឃើញសិស្សពីមិនយល់ទៅជាយល់។ លោកគ្រូបាននិយាយដោយអារម្មណ៍ថា «ពេលសិស្សដែលធ្លាប់ភ័យខ្លាច ប្រែជាចូលចិត្តរូបវិទ្យា នោះជាកម្លាំងចិត្តដ៏ធំបំផុតសម្រាប់ខ្ញុំ។ ការដឹងថាសិស្សអាចយកអ្វីដែលបានរៀនទៅប្រើប្រាស់ បន្តការសិក្សា ឬជ្រើសរើសអាជីពពាក់ព័ន្ធ គឺជារង្វាន់ផ្លូវចិត្តដ៏មានន័យសម្រាប់គ្រូម្នាក់»។
ដោយភាពស្មោះត្រង់ យុត្តិធម៌ វិន័យ និងការយកចិត្តទុកដាក់លើសិស្ស លោកគ្រូ សូ សុផាត ទទួលបានការគោរព និងទុកចិត្តពីសិស្ស មាតាបិតា និងអ្នកអាណាព្យាបាលសិស្សជាច្រើន។ លោកគ្រូបានបញ្ជាក់ថា «គ្រូមិនត្រឹមតែបង្រៀនតាមពាក្យទេ ប៉ុន្តែត្រូវបង្រៀនតាមការធ្វើ ដើម្បីឱ្យសិស្សមើលឃើញជាគំរូ»។
ចំពោះបំណងឆ្ពោះទៅមុខ លោកគ្រូបានបង្ហាញថា «ខ្ញុំចង់ក្លាយជាគ្រូដែលមិនឈប់រៀន មិនឈប់អភិវឌ្ឍខ្លួនឯង ដើម្បីបង្កើតធនធានមនុស្សដែលមានគុណភាពសម្រាប់សង្គម និងប្រទេសជាតិ»៕
 (3).png)