គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានសហការជាមួយស្នងការនគរបាលរាជធានីភ្នំពេញ រៀបចំសិក្ខាសាលាស្តីអំពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់សិស្សានុសិស្សថ្នាក់ទី១១ វេនព្រឹក និងវេនរសៀល កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នៅការិយាល័យកណ្តាល។
សិក្ខាសាលានេះធ្វើបទបង្ហាញដោយ លោកវរសេនីយ៍ទោ លី វិសាល នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងគោលបំណងបង្កើនការយល់ដឹង និងលើកកម្ពស់ស្មារតីទទួលខុសត្រូវរបស់សិស្សានុសិស្ស ក្នុងការធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈ។

ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ លី វិសាល បានមានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្ន ត្រូវបានចាត់ទុកថាជាបញ្ហាដ៏ធ្ងន់ធ្ងរ និងជាមូលហេតុនាំឱ្យមានអ្នកស្លាប់ និងរបួសជាច្រើន ជាពិសេសអ្នកធ្វើដំណើរតាមម៉ូតូដែលមិនពាក់មួកសុវត្ថិភាព។ លោកបានបញ្ជាក់ថា មូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍ គឺការបើកបរលឿនល្មើសល្បឿនកំណត់ មិនគោរពច្បាប់ចរាចរណ៍ និងខ្វះការប្រុងប្រយ័ត្ន។
លោកក៏បានបន្ថែមទៀតថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ មានតែការគោរពច្បាប់ បើកបរតាមល្បឿនកំណត់ គោរពសិទ្ធិអាទិភាព និងពាក់ឧបករណ៍សុវត្ថិភាពឱ្យបានត្រឹមត្រូវប៉ុណ្ណោះ ទើបអាចជួយការពារជីវិតខ្លួនឯង និងអ្នកដទៃបាន។ ជាក់ស្តែង អ្នកបើកបរ និងអ្នកធ្វើដំណើរតាមម៉ូតូត្រូវពាក់មួកសុវត្ថិភាពគ្រប់ពេល ខណៈអ្នកបើកបររថយន្ត និងអ្នករួមដំណើរ ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព និងបើកបរដោយប្រុងប្រយ័ត្ន។

ជាមួយគ្នានេះដែរ លោក ហ៊ិន គឹមហៀក ចាងហ្វាងមធ្យមសិក្សាបឋមភូមិ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ការិយាល័យកណ្តាល បានមានប្រសាសន៍ថា សិក្ខាសាលានេះ នឹងជួយឱ្យសិស្សានុសិស្សថ្នាក់ទី១១ ទទួលបានចំណេះដឹងថ្មីៗ ទាក់ទងនឹងការធ្វើចរាចរណ៍លើដងផ្លូវសាធារណៈ ការបើកបរទោចក្រយានយន្ត និងរថយន្ត ព្រមទាំងយល់ដឹងកាន់តែច្បាស់អំពីច្បាប់ចរាចរណ៍ សញ្ញា ស្លាក និងគំនូសចរាចរណ៍ផ្សេងៗ។

លោកបានបញ្ជាក់បន្ថែមថា សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីរៀបចំសិក្ខាសាលាអប់រំស្តីអំពីសុវត្ថិភាពចរាចរណ៍ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបណ្តុះស្មារតី និងការពារសុវត្ថិភាពផ្ទាល់ខ្លួនរបស់សិស្សានុសិស្ស នៅពេលធ្វើដំណើរនៅលើដងផ្លូវ។
សិក្ខាសាលានេះបានប្រព្រឹត្តទៅយ៉ាងរលូន ក្រោមការដឹកនាំរបស់គណៈគ្រប់គ្រងសាលា និងវាគ្មិនជំនាញ ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនការយល់ដឹង និងលើកកម្ពស់វប្បធម៌គោរពច្បាប់ចរាចរណ៍ដល់សិស្សានុសិស្ស៕
 (3).png)