អធិការកិច្ចថ្នាក់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគុណភាពបរិស្ថានសិក្សា ការគ្រប់គ្រង ការបង្រៀន និងការអប់រំសិស្សរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាចំការដូង ដែលអនុវត្តការងារប្រកបដោយវិជ្ជាជីវៈគរុកោសល្យ ស្របតាមស្តង់ដាជាតិ និងឆ្លើយតបតម្រូវការអប់រំនាសម័យបច្ចេកវិទ្យាឌីជីថលបច្ចុប្បន្ន។
ការកោតសរសើរ និងវាយតម្លៃវិជ្ជមាននេះ បានធ្វើឡើងក្នុងឱកាសដែលក្រុមអធិការកិច្ចថ្នាក់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ដឹកនាំដោយ លោក ព្រាប កុម្ភៈ ប្រធានការិយាល័យបឋមសិក្សា រួមជាមួយក្រុមការងារ បានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃការអប់រំថ្នាក់បឋមសិក្សានៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចំការដូង នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពី លោកស្រី រស់ យ៉ាណា ប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង និង លោក ប៉ាំង លាងស៊ីម នាយកចាងហ្វាងសាខាចំការដូង ព្រមទាំងចាងហ្វាង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែកដែលពាក់ព័ន្ធផងដែរ។
ក្នុងដំណើរការត្រួតពិនិត្យនេះ ក្រុមការងារអធិការកិច្ចបានសង្កេតឃើញយ៉ាងច្បាស់ថា បរិស្ថានសាលាត្រូវបានគ្រប់គ្រងបានយ៉ាងល្អប្រសើរ មានភាពស្អាត អនាម័យ និងបរិយាកាសល្អសមរម្យសម្រាប់ការរៀនសូត្រ។ បណ្ណាល័យ បន្ទប់រៀន កន្លែងលេង និងបរិវេណជុំវិញសាលា ត្រូវបានរៀបចំចាត់ចែងយ៉ាងមានរបៀបរៀបរយ ស្របតាមស្តង់ដាអប់រំ ដែលជួយលើកទឹកចិត្ត និងបង្កើនការចាប់អារម្មណ៍របស់សិស្សក្នុងការសិក្សា។

ថ្នាក់ដឹកនាំអធិការកិច្ចបានបញ្ជាក់ថា វិធីសាស្រ្តបង្រៀនរបស់លោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) មានលក្ខណៈទំនើប ប្រើប្រាស់បច្ចេកទេសគរុកោសល្យបានត្រឹមត្រូវ ផ្តោតសំខាន់លើសិស្សជាចម្បង និងធ្វើឱ្យដំណើរការរៀនសូត្រមានភាពរស់រវើក។ ការចូលរួមឆ្លើយសំណួរ ការសរសេរកំណត់ត្រា ការអាន និងការស្តាប់ពន្យល់មេរៀនរបស់សិស្ស ត្រូវបានវាយតម្លៃថា មានការអភិវឌ្ឍយ៉ាងច្បាស់លាស់ និងមានប្រសិទ្ធភាព។
ក្នុងការបូកសរុបលទ្ធផលអធិការកិច្ច លោក ព្រាប កុម្ភៈ បានមានប្រសាសន៍ថា
«សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចំការដូង ជាសាលាមួយដែលមានការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈ សិស្សមានវិន័យល្អ ការអប់រំមានគុណភាព និងការបង្រៀនរបស់គ្រូមានតម្លាភាព និងប្រសិទ្ធភាព។ សាលានេះគួរឱ្យកោតសរសើរ ហើយអាចធ្វើជាគំរូល្អសម្រាប់សាលារៀនផ្សេងៗក្នុងរាជធានីភ្នំពេញ»។

លោកក៏បានលើកឡើងបន្ថែមថា សាលារៀន អន្តរទ្វីប អាមេរិកាំង មានការរីកចម្រើនគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ មានគុណភាពបង្រៀនល្អ ឆ្លើយតបនឹងគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានភាពច្នៃប្រឌិតក្នុងវិធីសាស្រ្តបង្រៀន ដែលជួយលើកកម្ពស់ការចាប់អារម្មណ៍ និងការរីកចម្រើនរបស់សិស្ស តាមរយៈការសហការល្អរវាងគណៈគ្រប់គ្រង គ្រូបង្រៀន និងបុគ្គលិកទាំងអស់។
ក្រោយពេលបញ្ចប់ការចុះអធិការកិច្ច លោក ព្រាប កុម្ភៈ បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍវិស័យអប់រំ និងបន្តរក្សាគុណភាពសាលាឱ្យកាន់តែប្រសើរ។ ជាមួយគ្នានេះ លោកក៏បានផ្តល់អនុសាសន៍ឱ្យបន្តលើកស្ទួយសកម្មភាពវិជ្ជមានទាំងនេះ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយចំណេះដឹង គុណភាព និងគុណធម៌ សម្រាប់រួមចំណែកអភិវឌ្ឍប្រទេសជាតិ៕

 (3).png)