សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានរៀបចំកម្មវិធីប្រឡងឆមាសលើកទី១ សម្រាប់សិស្សកម្រិតក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី៦ ដោយមានការចូលរួមយ៉ាងសកម្មពីសិស្សានុសិស្សនៃសាខាទាំង១២ នៅរាជធានី និងខេត្ត។ ការប្រឡងនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ ទាំងវេនព្រឹក និងវេនរសៀល។

លោកស្រី វ៉ាន់នី និមល ចាងហ្វាងរងកម្រិតក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា សាខាទួលសង្កែ បានឱ្យដឹងថា ការប្រឡងឆមាសលើកទី១ ត្រូវបានរៀបចំឡើងក្នុងគោលបំណងស្ទាបស្ទង់ និងវាស់វែងកម្រិតសមត្ថភាពចំណេះដឹងរបស់សិស្ស បន្ទាប់ពីបានសិក្សាអស់រយៈពេលមួយឆមាសកន្លងមក ដោយផ្អែកលើគោលការណ៍យុត្តិធម៌ តម្លាភាព និងលទ្ធផលដែលអាចទទួលយកបាន។

លោកស្រីបានបន្ថែមថា សម្រាប់សិស្សថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យ ការប្រឡងត្រូវបានរៀបចំស្របតាមដំណាក់កាលអភិវឌ្ឍន៍របស់កុមារ ដោយរួមបញ្ចូលសកម្មភាពសិក្សាចម្រុះ ដូចជា ភាសាអង់គ្លេស និទានរឿង ចម្រៀង បុរេសំណេរ គំនូរ បុរេគណិត និងសកម្មភាពសង្កេត។ សកម្មភាពទាំងនេះមានបំណងជំរុញឱ្យកុមារបង្ហាញភាពច្នៃប្រឌិត ចំណេះដឹងមូលដ្ឋាន និងជំនាញសង្កេតស្រាវជ្រាវ ស្របតាមវ័យអភិវឌ្ឍន៍របស់ពួកគេ។
ចំណែកសិស្សថ្នាក់បឋមសិក្សាពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ ការប្រឡងរួមមានមុខវិជ្ជាចម្បងសំខាន់ៗ ដើម្បីវាស់វែងសមត្ថភាពសិក្សារបស់សិស្ស ដូចជា អំណាន សរសេរតាមអាន តែងសេចក្ដី គណិតវិទ្យា វិទ្យាសាស្ត្រ សិក្សាសង្គម និងអប់រំសុខភាព។ ការរៀបចំប្រឡងយ៉ាងមានស្តង់ដានេះ មានគោលបំណងធានាឱ្យសិស្សអាចបង្ហាញចំណេះដឹងបានយ៉ាងទូលំទូលាយ និងបង្កើនទំនុកចិត្តលើសមត្ថភាពរបស់ខ្លួនឯង។
សាលារៀនអន្តរទ្វីប អាមេរិកាំង បន្តប្តេជ្ញាផ្តល់បរិយាកាសសិក្សាដែលមានគុណភាព សុវត្ថិភាព និងស្តង់ដា ដើម្បីបណ្តុះបណ្តាលសិស្សឱ្យក្លាយជាអ្នកសិក្សាដែលមានសមត្ថភាព មានវិន័យ និងមានទំនួលខុសត្រូវ សម្រាប់អនាគត៕

 (3).png)

