សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។

ក្នុងឱកាសដ៏មានអត្ថន័យនេះ សិស្សានុសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ដែលទទួលបាននិទ្ទេស A ចំនួន ៩៥ នាក់ ក៏បានចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នេះផងដែរ។ ការចូលរួមរបស់សិស្ស AIS មិនត្រឹមតែជាកិត្តិយសសម្រាប់សិស្ស និងគ្រួសារ រួមទាំងសាលារៀន អន្តរទ្វីប អាមេរិកាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីគុណភាពអប់រំ និងការបណ្តុះបណ្តាលដែលផ្តោតលើការលើកកម្ពស់សមត្ថភាពសិក្សា វិន័យ គុណភាព សេវាកម្ម និងការអភិវឌ្ឍសិស្សឱ្យមានសមត្ថភាពប្រកួតប្រជែងក្នុងសង្គមសម័យថ្មីផងដែរ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥ ដោយមានបេក្ខជនប្រឡងជាប់សរុបចំនួន ១២២,៤៧៣ នាក់ ស្មើនឹង ៨៤.៥៦ ភាគរយ នៃចំនួនបេក្ខជនដែលបានចូលរួមប្រឡង។ លទ្ធផលនេះបន្តបង្ហាញពីការកើនឡើងនៃគុណភាពអប់រំ និងការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស និងគ្រូបង្រៀនទូទាំងប្រទេស។
ពិធីសំណេះសំណាល រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយសិស្សនិទ្ទេស A ទូទាំងប្រទេសនាពេលនេះ ត្រូវបានរៀបចំឡើងដើម្បីអបអរសាទរ និងលើកទឹកចិត្តដល់សិស្សានុសិស្សដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ រហូតទទួលបានលទ្ធផលឆ្នើមក្នុងការប្រឡងថ្នាក់ជាតិ ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះការអភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយផងដែរ ។
តាមរយៈពិធីសំណេះសំណាលនេះ គឺជាវេទិកាសំខាន់មួយសម្រាប់លើកទឹកចិត្ត និងជំរុញយុវជនឆ្នើមឱ្យបន្តខិតខំសិក្សាបង្កើនចំណេះដឹង និងសមត្ថភាពដើម្បីក្លាយជាធនធានមនុស្សសំខាន់ក្នុងការចូលរួមអភិវឌ្ឍ ប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
សម្រាប់សិស្សនិទ្ទេស A នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការចូលរួមក្នុងពិធីនេះ ជាកិត្តិយសដ៏ខ្ពង់ខ្ពស់មួយ ដែលបង្ហាញពីភាពជោគជ័យក្នុងការសិក្សា និងជាកម្លាំងចិត្តសម្រាប់ការបន្តដំណើរនៃការសិក្សានៅជំហានបន្តបន្ទាប់ទៀត៕