ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សិស្សថ្នាក់ទី៧ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាសៀមរាប ចូលរួមប្រកួតអានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ ថ្នាក់ខេត្ត

បានផ្សាយចេញ | ២០ កុម្ភៈ ២០២៦ 682

សិស្សថ្នាក់ទី៧ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាសៀមរាប ចូលរួមប្រកួតអានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ ថ្នាក់ខេត្ត

សៀមរាប៖ បេក្ខនារី ណាង រេណា សិស្សថ្នាក់ទី៧ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាសៀមរាប បានចូលរួមប្រកួតប្រជែងអានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ ថ្នាក់ខេត្ត ក្រោមប្រធានបទ «សំណេរ និងអំណានក្នុងបរិបទថ្មី» នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងមួយវិញ្ញាសា មានបេក្ខជនចូលរួមប្រកួតសរុបចំនួន ១៥នាក់។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងអបអរសាទរ ទិវាអំណានជាតិ ១១ មីនា ២០២៦ ខាងមុខ។

លោកស្រី ណន ឈីវវួច ចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ នៃសាលា AIS សាខាសៀមរាប បានបង្ហាញការកោតសរសើរ និងមោទកភាពចំពោះបេក្ខនារី ណាង រេណា ដែលបានតំណាងសាលាចូលរួមប្រកួតថ្នាក់ខេត្ត។ លោកស្រីបានបញ្ជាក់ថា ការចូលរួមនេះបង្ហាញពីភាពក្លាហាន ទំនុកចិត្ត និងសមត្ថភាពផ្នែកអក្សរសាស្ត្ររបស់សិស្ស។

លោកស្រី ណន ឈីវវួច បានលើកឡើងថា ការប្រកួតមិនមែនជាការវាស់វែងសមត្ថភាពតាមលទ្ធផលតែមួយថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសំខាន់សម្រាប់អភិវឌ្ឍជំនាញប្រើប្រាស់ភាសា ការបង្ហាញខ្លួន ការគិតច្នៃប្រឌិត និងការប្រើប្រាស់សម្លេងឱ្យមានប្រសិទ្ធភាព។ ទោះលទ្ធផលយ៉ាងណាក៏ដោយ ការចូលរួមគឺជាបទពិសោធដ៏មានតម្លៃសម្រាប់ការលូតលាស់ និងការអភិវឌ្ឍខ្លួនរបស់សិស្ស។ សាលានឹងបន្តលើកទឹកចិត្ត និងគាំទ្រសកម្មភាពបែបនេះ ដើម្បីបណ្តុះបណ្តាលសិស្សឱ្យក្លាយជាបុគ្គលដែលមានសមត្ថភាព និងជឿជាក់លើខ្លួនឯង។

ពាក់ព័ន្ធនឹងការត្រៀមខ្លួនចូលរួមប្រកួត លោកស្រីបានឱ្យដឹងថា សាលាបានជ្រើសរើសសិស្សដែលមានសមត្ថភាព និងទេពកោសល្យសមស្រប តាមរយៈការវាយតម្លៃផ្ទៃក្នុង បន្ទាប់មកគ្រូជំនាញបានបណ្តុះបណ្តាលបន្ថែម ដោយផ្តោតលើ៖
វិញ្ញាសាអានអត្ថបទ៖ បណ្តុះបណ្តាលបច្ចេកទេសអានឱ្យច្បាស់លាស់ សំឡេងត្រឹមត្រូវ ចង្វាក់សមស្រប និងការបង្ហាញអារម្មណ៍តាមខ្លឹមសារ។
វិញ្ញាសាស្មូតកំណាព្យ៖ ផ្តោតលើចង្វាក់សម្លេង ការសម្របសម្រួលអារម្មណ៍ និងការបង្ហាញទំនុកឱ្យមានភាពទាក់ទាញ។
វិញ្ញាសាតែងនិពន្ធ៖ អនុវត្តការតែងអត្ថបទជាប្រចាំ និងផ្តល់មតិយោបល់កែលម្អលើរចនាសម្ព័ន្ធ ខ្លឹមសារ និងការប្រើប្រាស់ភាសា។

លើសពីនេះ សាលាបានរៀបចំការប្រកួតសាកល្បង ដើម្បីឱ្យបេក្ខនារីទទួលបានបទពិសោធជាក់ស្តែង និងកែតម្រូវចំណុចខ្សោយ មុនថ្ងៃប្រកួតផ្លូវការ។
សាលា AIS មានទស្សនវិស័យច្បាស់លាស់ក្នុងការលើកទឹកចិត្តសិស្សឱ្យចូលរួមប្រកួតផ្នែកអានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ ដោយជឿជាក់ថា វាជាវេទិកាសម្រាប់អភិវឌ្ឍជំនាញជីវិត សមត្ថភាពគិតវិភាគ ការប្រើប្រាស់ភាសា និងភាពក្លាហានក្នុងការបង្ហាញសមត្ថភាពជាសាធារណៈ។

លោកស្រី ណន ឈីវវួច បានផ្ញើសារលើកទឹកចិត្តថា «សូមឱ្យបេក្ខនារី បេក្ខជន និងសិស្សទាំងអស់ដែលកំពុងត្រៀមខ្លួនចូលរួមប្រកួតនានា មានភាពជឿជាក់លើខ្លួនឯង ខិតខំប្រឹងប្រែង និងរក្សាស្មារតីវិជ្ជមាន។ ការប្រកួតគឺជាឱកាសសម្រាប់រៀនសូត្រ និងអភិវឌ្ឍខ្លួន មិនមែនជាការវាស់តម្លៃមនុស្សតាមលទ្ធផលតែមួយថ្ងៃឡើយ។ ទោះលទ្ធផលយ៉ាងណាក៏ដោយ សាលាតែងមានមោទកភាពចំពោះភាពក្លាហាន និងការខិតខំរបស់សិស្សគ្រប់រូប»។

សូមបញ្ជាក់ថា សាលា AIS បានដឹកនាំសិស្សចូលរួមកម្មវិធីនេះចំនួន៣លើករួចមកហើយ ហើយលើកចុងក្រោយ សាលាបានទទួលជ័យលាភីលេខ១ ក្នុងចំណោមសាលាឯកជនក្រុងសៀមរាប ដើម្បីឈានទៅប្រកួតថ្នាក់ខេត្ត។ សម្រាប់លើកនេះ បេក្ខនារីបានប្រឹងប្រែងអស់ពីសមត្ថភាព និងឈានដល់វគ្គផ្តាច់ព្រ័ត្រ៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/November/Tedx1.jpg

AIS គ្រោងរៀបចំ TEDx American Intercon School លើកទី២ បើក...

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/photo_2026-08-19_17-06-27.jpg

ពីការខិតខំរៀងរាល់ថ្ងៃ ទៅកាន់មោទនភាពសិស្សឆ្នើម

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Teeth.jpg

សិស្សានុសិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង ចូលរួមសិក្ខា...

https://theirrawaddydolphin.com/storage/photos/news/article/2026/February/Competition English Winner.jpg

AIS រកឃើញជ័យលាភីឆ្នើម ៣ រូប នៃវគ្គផ្តាច់ព្រ័ត្រការប្រកួ...