ព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី បានចាប់ផ្តើមជាផ្លូវការ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ ដែលរៀបចំឡើងដោយរដ្ឋបាល ខេត្តសៀមរាប ដើម្បីអភិរក្សប្រពៃណីបុរាណ និងលើកតម្កើនមរតកវប្បធម៌ជាតិ ខណៈជំរុញទេសចរណ៍ និងចូលរួមក្នុងការចែករំលែកចំណេះដឹងប្រពៃណីទៅកាន់យុវជនជំនាន់ក្រោយ។

នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ សិស្សថ្នាក់ទី១០ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាសៀមរាប ក៏បានចូលរួមប្រកួតបង្ហើរខ្លែងសេរី ផងដែរ។
លោក មុយ យូលែង អនុប្រធានគ្រូភាសាអង់គ្លេស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង AIS សាខាសៀមរាប បានប្រាប់ឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍បង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី ក៏មានកម្មវិធីប្រកួតចំនួន២គឺ ការប្រកួត ខ្លែងឯក ផ្តោតលើសោភ័ណភាព រូបរាង និងសម្លេង បង្ហាញភាពច្នៃប្រឌិត និងជំនាញបច្ចេកទេស។ រីឯ ការប្រកួត ខ្លែងសេរី ផ្តោតលើការហោះហើរខ្ពស់ ស្ថិរភាព និងការគ្រប់គ្រង បង្ហាញសមត្ថភាព និងបទពិសោធអ្នកលេង ហើយ សិស្សថ្នាក់ទី១០បានចូលរួមប្រកួតខ្លែងសេរី។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី គឺជាព្រឹត្តិការណ៍វប្បធម៌–កីឡាប្រពៃណីដ៏មានសារៈសំខាន់ ដែលរៀបចំឡើងដើម្បីលើកកម្ពស់ និងអភិរក្សសិល្បៈលេងខ្លែងខ្មែរ ព្រមទាំងបង្កើនភាពសប្បាយរីករាយ និងសាមគ្គីភាពក្នុងសហគមន៍។ គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បី អភិរក្ស និងផ្សព្វផ្សាយវប្បធម៌ខ្មែរ ផ្តល់ឱកាសឲ្យយុវជន និងសាធារណជនចូលរួមសកម្មភាពប្រពៃណី លើកកម្ពស់ទេសចរណ៍វប្បធម៌ក្នុងតំបន់សៀមរាប។
កម្មវិធីនេះមិនត្រឹមតែជាការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសម្រាប់បង្រៀន ការផ្ទេរបេតិកភណ្ឌវប្បធម៌ពីជំនាន់មួយទៅជំនាន់មួយ និងជួយបង្កើនភាពរស់រវើកផ្នែកវប្បធម៌នៅខេត្តសៀមរាប។

លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានមានប្រសាសន៍ថា ការបង្ហើរខ្លែង ជាប្រពៃណីបុរាណរបស់ខ្មែរដែលមានតាំងពីរាប់ពាន់ឆ្នាំមកហើយ។ ទោះជាយ៉ាងណា ក្នុងរយៈពេលកន្លងមក ខ្លែងខ្មែរ ជាពិសេសខ្លែងឯក ស្ទើរតែបាត់បង់ពីសង្គម។ ដូច្នេះហើយ ទើបថ្នាក់ដឹកនាំ និង ស្ថាប័នជាតិ បានយកចិត្តទុកដាក់រៀបចំព្រឹត្តិការណ៍ពាក់ព័ន្ធ នឹងខ្លែងឯកឡើងវិញ ដើម្បីអភិរក្ស និងបន្តមរតកវប្បធម៌នេះ។ ជាមួយគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏មានគម្រោងដាក់បញ្ជូលខ្លែងឯកខ្មែរ ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។
សម្រាប់ព្រឹត្តិការណ៍ឆ្នាំ២០២៦នេះ មានបេក្ខជន បេក្ខនារី និងខ្លែងចូលរួមសរុបចំនួន ១៣៨ ខ្លែង ក្នុងនោះ ខ្លែងឯកមានចំនួន ៩៣ និងខ្លែងសេរី ៤៥។ ការចូលរួមច្រើននេះ បង្ហាញពីការកើនឡើងនៃការចាប់អារម្មណ៍លើប្រពៃណីបង្ហើរខ្លែង និងការទទួលស្គាល់ថា វាជាប្រពៃណីដ៏មានតម្លៃសម្រាប់សង្គមខ្មែរ។
ព្រឹត្តិការណ៍នេះ បានបើកឡើងជាលើកទី២ នៅខេត្តសៀមរាប និងមានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ។ ក្នុងព្រឹត្តិការណ៍នេះ មានអ្នកស្រឡាញ់ និងអ្នកលេងខ្លែងមកពីបណ្តាខេត្តនានាទូទាំងប្រទេសចូលរួមយ៉ាងច្រើនកុះករ៕
