ភ្នំពេញ៖ ការប្រឡងជ្រើសរើសសិស្សពូកែ ម៉េងលី ជេ. គួច ប្រចាំឆ្នាំសិក្សា២០២៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានប្រព្រឹត្តទៅកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានសិស្សានុសិស្សចំនួន ៣១៤ នាក់ ចូលរួមប្រកួតប្រជែង បង្ហាញសមត្ថភាព និងចំណេះដឹងក្នុងមុខវិជ្ជាសំខាន់ៗមួយចំនួន។
.jpg)
លោក ផាន់ សុភាព ចាងហ្វាងរងមធ្យមសិក្សាទុតិយភូមិ ការិយាល័យសិក្សានៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានបញ្ជាក់ឱ្យដឹងថា គោលបំណងសំខាន់នៃការរៀបចំកម្មវិធីនេះ គឺធ្វើយ៉ាងណាឱ្យដំណើរការប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ទី៩ និងទី១២ មានគុណភាព តម្លាភាព និងភាពយុត្តិធម៌ សក្ដិសមនឹងនាមជាសិស្សពូកែប្រចាំសាលា ព្រមទាំងបង្កើនការទទួលស្គាល់ពីសំណាក់ មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជនផងដែរ។
គណៈកម្មការរៀបចំការប្រឡង បានឱ្យដឹងបន្ថែមថា កម្មវិធីនេះ ក៏មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការលើកទឹកចិត្តសិស្សឱ្យមានភាពឧស្សាហ៍ព្យាយាម ខិតខំប្រឹងប្រែងរៀនសូត្រ និងពង្រឹងសមត្ថភាពវិជ្ជាសិក្សា។ តាមរយៈការប្រឡងនេះ សិស្សានុសិស្សត្រូវបង្កើនការចងចាំ និងយល់ដឹងលើមេរៀនអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា រូបវិទ្យា និងវប្បធម៌ទូទៅ ឱ្យកាន់តែទូលំទូលាយ។ ជាពិសេស វាជាវេទិកាដែលជំរុញឱ្យសិស្សកសាងផ្នត់គំនិតស្រឡាញ់ការសិក្សា ក្រេបជញ្ជក់ចំណេះដឹង និងត្រៀមខ្លួនក្លាយជាសសរទ្រូងប្រទេសជាតិនាពេលអនាគត។
សម្រាប់ឆ្នាំសិក្សា២០២៦នេះ គណៈកម្មការបានធ្វើការកែលម្អ និងអភិវឌ្ឍន៍វិញ្ញាសារឱ្យទាន់សម័យ ដោយបន្ថែមលំហាត់ថ្មីៗសមស្របតាមបរិបទអប់រំសម័យបច្ចុប្បន្ន។ លើសពីនេះ ការចុះឈ្មោះចូលរួមប្រកួតត្រូវបានអនុវត្តតាមប្រព័ន្ធអនឡាញ ដែលផ្តល់ភាពងាយស្រួល និងរហ័សដល់សិស្សានុសិស្សក្នុងការចូលរួម។
ការប្រឡងឆ្នាំនេះ មាន២មុខវិជ្ជាសំខាន់ៗ រួមមាន៖
១. មុខវិជ្ជាឯកទេស (អក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា)
២. វប្បធម៌ទូទៅ
ដើម្បីធានាបាននូវស្តង់ដាគុណភាព និងភាពត្រឹមត្រូវ គណៈកម្មការបានរៀបចំកាលវិភាគប្រឡងយ៉ាងច្បាស់លាស់ កំណត់ម៉ោងចុចកណ្តឹងត្រឹមត្រូវ តែងតាំងអនុរក្សត្រួតពិនិត្យ បង្កើតបញ្ជីឈ្មោះសិស្សប្រឡង ព្រមទាំងអនុវត្តនីតិវិធីកាត់ក្បាលវិញ្ញាសា និងប្រកាសលទ្ធផលជាផ្លូវការជូនសិស្សានុសិស្ស។
ចំពោះសិស្សដែលទទួលបានជ័យលាភី នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន រួមមាន ការចេញ Poster សរសើរ មេដៃលើមុខវិជ្ជា បណ្ណសរសើរ អាហារូបករណ៍ និងឱកាសតំណាងសាលាចូលរួមប្រឡងថ្នាក់រាជធានី និងថ្នាក់ជាតិបន្ត។
ជាមួយគ្នានេះ សាលាក៏បានបង្ហាញទិសដៅបន្តពង្រឹងគុណភាពសិក្សា និងរៀបចំកម្មវិធីប្រកួតប្រជែង ផ្សេងៗជាប្រចាំឆ្នាំ ដើម្បីបង្កើតបរិយាកាសអប់រំប្រកបដោយសក្ដានុពល និងលើកកម្ពស់សមត្ថភាពសិស្សឱ្យកាន់តែប្រសើរឡើងជាបន្តបន្ទាប់៕
 (3).png)