កំពង់ឆ្នាំង៖ ស្រ្តីទី១កម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា កម្មវិធីផ្តល់អាហារតាមសាលាបឋមសិក្សា ដែលអនុវត្តដោយ ក្រសួងអប់រំ យុវជន និងកីឡា កំពុងដើរតួនាទីសំខាន់ក្នុងការផ្សារភ្ជាប់វិស័យអប់រំ សុខភាព អាហារូបត្ថម្ភ និងការលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា។

ការថ្លែងនេះធ្វើឡើងក្នុងឱកាសដែលលោកជំទាវបណ្ឌិត អញ្ជើញទស្សនកិច្ចពិនិត្យការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅសាលាបឋមសិក្សាប្រាសាទជាងទង ស្ថិតក្នុងភូមិក្រាំងប្រស្វាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។
ដំណើរទស្សនកិច្ចនេះមានគោលបំណងឈ្វេងយល់អំពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ព្រមទាំងបង្ហាញពីសមិទ្ធផលនៃការអនុវត្តកម្មវិធី និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការពង្រឹងសុខភាព និងអាហារូបត្ថម្ភសម្រាប់កុមារនៅតាមសាលាបឋមសិក្សា ជាពិសេសនៅតំបន់ដែលប្រឈមនឹងបញ្ហាអសន្តិសុខស្បៀង ភាពក្រីក្រ និងភាពងាយរងគ្រោះ ខ្ពស់។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតបានលើកឡើងថា កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ មិនត្រឹមតែជាកម្មវិធីជំនួយសង្គមសម្រាប់ផ្តល់អាហារដល់សិស្សប៉ុណ្ណោះទេ ប៉ុន្តែជាកម្មវិធីពហុវិស័យ ដែលភ្ជាប់គ្នារវាងការអប់រំ សុខភាព អាហារូបត្ថម្ភ កសិកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងសហគមន៍ផងដែរ។
លោកជំទាវបណ្ឌិតបន្តថា កម្មវិធីនេះក៏ជំរុញឱ្យសាលារៀនដាំបន្លែ និងផលិតអាហារដោយខ្លួនឯង ដែលជួយបង្កើនបំណិនជីវិតសម្រាប់សិស្សានុសិស្ស ពង្រឹងសុវត្ថិភាពស្បៀង និងបង្កើនភាពធន់សម្រាប់គ្រួសារ និងសហគមន៍។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិតក៏បានលើកទឹកចិត្តឱ្យប្រើប្រាស់ផលិតផលក្នុងសហគមន៍ ការដាំបន្លែជុំវិញសាលារៀន និងការប្រើប្រាស់ធនធានក្នុងតំបន់ ដើម្បីគាំទ្រជីវភាពកសិករ បង្កើនសេដ្ឋកិច្ចមូលដ្ឋាន និងបណ្តុះស្មារតីឱ្យសហគមន៍មានសមត្ថភាពពឹងផ្អែកលើខ្លួនឯងកាន់តែប្រសើរ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា កម្មវិធីផ្តល់អាហារតាមសាលារៀន មានតួនាទីសំខាន់ក្នុងការកាត់បន្ថយគម្លាតការសិក្សារវាងសិស្សនៅទីប្រជុំជន និងជនបទ លើកកម្ពស់សុខភាព និងអាហារូបត្ថម្ភរបស់សិស្ស ពង្រឹងបំណិនសង្គម កាត់បន្ថយហានិភ័យនៃជំងឺមិនឆ្លង និងរួមចំណែកជំរុញសេដ្ឋកិច្ចមូលដ្ឋាន។ បច្ចុប្បន្ន កម្មវិធីនេះកំពុងអនុវត្តនៅសាលារៀនជាង ១,០០០ សាលាទូទាំងប្រទេស ដោយមានសិស្សជាង ៣០ម៉ឺននាក់កំពុងទទួលផល។
គួរបញ្ជាក់ថា មុនពេលមានការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន អត្រាបោះបង់ការសិក្សារបស់សិស្សនៅតំបន់នេះមានកម្រិតខ្ពស់ ជាពិសេសនៅចន្លោះឆ្នាំ២០០០ ដល់ឆ្នាំ២០១១។ ការអនុវត្តកម្មវិធីនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការចូលរៀន និងការរក្សាសិស្សឱ្យបន្តការសិក្សា៕
 (3).png)
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា