ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ការហ្វឹកហាត់សមជម្លៀសពេលមានអាសន្ន ជួយបង្កើនការយល់ដឹង និងជំនាញសុវត្ថិភាពសម្រាប់សិស្សានុសិស្ស AIS

បានផ្សាយចេញ | ២៧ កុម្ភៈ ២០២៦

ការហ្វឹកហាត់សមជម្លៀសពេលមានអាសន្ន ជួយបង្កើនការយល់ដឹង និងជំនាញសុវត្ថិភាពសម្រាប់សិស្សានុសិស្ស AIS

ភ្នំពេញ៖ ការហ្វឹកហាត់សមជម្លៀសពេលមានអាសន្នសម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់បឋមសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងគោលបំណងបង្កើនការយល់ដឹង និងជំនាញអនុវត្តជាក់ស្តែង ដើម្បីឱ្យសិស្សអាចប្រតិបត្តិបានត្រឹមត្រូវ និងមានភាពរឹងមាំនៅពេលជួបស្ថានភាពអាសន្ន។

ក្នុងកម្មវិធីហ្វឹកហាត់សមនេះ លោក គង កង  គណៈកម្មការស្វែងរក និងរុករក និងជាអនុប្រធានក្រុមពន្លត់អគ្គីភ័យ ដែលទទួលបន្ទុកណែនាំ និងដឹកនាំសិស្សក្នុងការអនុវត្តនីតិវិធីផ្សេងៗ បានឱ្យដឹងថា ការហ្វឹកហាត់សមនេះមានគោលបំណងសំខាន់ក្នុងការឱ្យសិស្សានុសិស្សយល់ដឹងពីស្ថានភាពហេតុការណ៍ដែលអាចកើតឡើង ព្រមទាំងស្គាល់វិធីសាស្ត្រជម្លៀសឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះ សិស្សក៏ត្រូវបានណែនាំអំពីការប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យ និងមានឱកាសសាកល្បងអនុវត្តជាក់ស្តែង ដើម្បីបង្កើនទំនុកចិត្ត និងជំនាញក្នុងការឆ្លើយតបពេលមានហេតុការណ៍។

លោក គង កង បានឱ្យដឹងបន្ថែមថា សម្រាប់សិស្សានុសិស្ស ជាពិសេសកុមារតូចៗចាប់ពីថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី៦ ត្រូវបានបង្រៀនឱ្យស្គាល់ប្រភេទបំពង់ពន្លត់អគ្គីភ័យ និងយល់ដឹងពីរបៀបប្រើប្រាស់ឱ្យបានត្រឹមត្រូវ។ ជាពិសេស សិស្សថ្នាក់ទី៤ ដល់ថ្នាក់ទី៦ ក៏បានចូលរួមអនុវត្តជាក់ស្តែងក្នុងការប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យផងដែរ។

តាមការសង្កេតឃើញ ក្នុងអំឡុងពេលហ្វឹកហាត់សម សិស្សានុសិស្សបានចូលរួមយ៉ាងសកម្ម និងបង្ហាញពីការយល់ដឹងកាន់តែច្បាស់អំពីនីតិវិធីជម្លៀស។ ពួកគេមានភាពក្លាហាន មិនមានភាពភ័យខ្លាច ឬតក់ស្លុតខ្លាំងនៅពេលអនុវត្តសកម្មភាពក្នុងស្ថានភាពសម។

លោកបានបញ្ជាក់ថា កម្មវិធីហ្វឹកហាត់សមបែបនេះមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការពង្រឹងសុវត្ថិភាពនៅក្នុងសាលា ព្រោះវាជួយឱ្យសិស្សមានការយល់ដឹងពីនីតិវិធីជម្លៀស និងត្រៀមខ្លួនបានល្អប្រសើរនៅពេលមានហេតុការណ៍ពិតប្រាកដកើតឡើង។

ជាទូទៅ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS)បានរៀបចំការហ្វឹកហាត់សមប្រភេទនេះក្នុងមួយឆ្នាំម្តង ដើម្បីធានាថា សិស្សានុសិស្សមានជំនាញ និងទំនុកចិត្តក្នុងការចូលរួមអនុវត្តនីតិវិធីសុវត្ថិភាព និងសហការជាមួយគណៈកម្មការទទួលបន្ទុកពេលមានហានិភ័យ។

ជាមួយគ្នានេះ លោក គង កង ក៏បានផ្តាំផ្ញើទៅកាន់សិស្សានុសិស្ស ឱ្យចងចាំនីតិវិធីដែលបានរៀនក្នុងពេលហ្វឹកហាត់ ស្តាប់ការណែនាំពីគណៈកម្មការជម្លៀសឱ្យបានម៉ត់ចត់ និងរក្សាស្មារតីរឹងមាំ ដើម្បីអាចប្រតិបត្តិបានត្រឹមត្រូវនៅពេលមានស្ថានភាពអាសន្នកើតឡើង៕


 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/September/Updated Cover.jpg

យុវតី ខូវ យូអ៊ី សិស្ស AIS មានបំណងក្លាយជាពាណិជ្ជករដ៏ឆ្នើ...

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/Road Safty.jpg

AIS លើកកម្ពស់ការយល់ដឹងសុវត្ថិភាពចរាចរណ៍ ដល់សិស្សថ្នាក់ទ...

https://theirrawaddydolphin.com/storage/photos/news/article/2025/November/supermarket (2).jpg

សិស្សានុសិស្សក្រោមមត្តេយ្យ ដល់ថ្នាក់ទី១ នៃសាលារៀនអន្តរទ...

https://theirrawaddydolphin.com/storage/photos/news/article/2026/February/Charity chirman.jpg

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ទទួលអំណោយសប្បុរសធម៌ពី...