ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សិស្សានុសិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង ចូលរួមសិក្ខាសាលាស្ដីពីសុខភាពមាត់ធ្មេញ និងការថែទាំ

បានផ្សាយចេញ | ០២ មីនា ២០២៦

សិស្សានុសិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង ចូលរួមសិក្ខាសាលាស្ដីពីសុខភាពមាត់ធ្មេញ និងការថែទាំ

ភ្នំពេញ៖ សិស្សានុសិស្សចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី៦ នៃ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាការិយាល័យកណ្តាល បានចូលរួមកម្មវិធីសិក្ខាសាលាស្ដីអំពីសុខភាពមាត់ធ្មេញ និងការថែទាំ ក្រោមកិច្ចសហការពី មន្ទីរពេទ្យធ្មេញបស្ចឹម កាលពីពេលថ្មីៗនេះ ដើម្បីបង្កើនការយល់ដឹងអំពីអនាម័យមាត់ធ្មេញ និងការថែរក្សាសុខភាពធ្មេញឱ្យបានត្រឹមត្រូវតាំងពីវ័យក្មេង។

អ្នកគ្រូ ទាង ផល្លែន គ្រូបង្គោលថ្នាក់ទី៦ក សាខាការិយាល័យកណ្តាលនៃសាលារៀន អន្តរទ្វីប អាមេរិកាំងបានឱ្យដឹងថា សិក្ខាសាលាស្ដីពីសុខភាពមាត់ធ្មេញ និងការថែទាំនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ សម្រាប់សិស្សចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី៦ ក្នុងគោលបំណងផ្តល់ចំណេះដឹងជាមូលដ្ឋានអំពីការថែទាំធ្មេញ និងអញ្ចាញធ្មេញឱ្យបានត្រឹមត្រូវ បណ្តុះទម្លាប់អនាម័យមាត់ធ្មេញល្អតាំងពីវ័យក្មេង ព្រមទាំងជួយកាត់បន្ថយអត្រាបញ្ហាឈឺធ្មេញ និងដង្កូវស៊ីធ្មេញ ដែលជាបញ្ហាទូទៅមួយក្នុងចំណោមកុមារ។

អ្នកគ្រូបានបន្តថា ការជ្រើសរើសសិស្សចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់ថ្នាក់ទី៦ គឺដោយសារវ័យនេះជាវ័យដែលធ្មេញទឹកដោះចាប់ផ្តើមជ្រុះ ហើយធ្មេញអចិន្រ្តៃយ៍ចាប់ផ្តើមដុះជំនួស។ ប្រសិនបើធ្មេញអចិន្រ្តៃយ៍រងការខូចខាតក្នុងវ័យនេះ វាអាចប៉ះពាល់ដល់សមត្ថភាពក្នុងការទំពារ និងសម្រស់ធ្មេញរយៈពេលវែង។ លើសពីនេះ កុមារនៅក្នុងវ័យនេះងាយស្រួលទទួលយកការអប់រំ និងការផ្លាស់ប្តូរឥរិយាបថបានល្អជាងមនុស្សពេញវ័យ។

អ្នកគ្រូ ទាង ផល្លែន បានបញ្ជាក់បន្ថែមថា ការថែរក្សាសុខភាពធ្មេញមានសារៈសំខាន់យ៉ាងខ្លាំងចំពោះការរស់នៅប្រចាំថ្ងៃ និងការអភិវឌ្ឍរបស់កុមារ។ នៅពេលមានធ្មេញល្អ កុមារអាចទទួលទានអាហារបានច្រើនប្រភេទ ដែលជួយដល់ការលូតលាស់រាងកាយ។ កុមារដែលមានធ្មេញស្អាត និងមិនមានក្លិនមាត់ ក៏មានភាពក្លាហានក្នុងការញញឹម និងនិយាយស្តីក្នុងចំណោមមិត្តភក្តិផងដែរ។ ជាមួយគ្នានេះ ការថែទាំធ្មេញបានល្អតាំងពីដំបូង ក៏ជួយកាត់បន្ថយការចំណាយរបស់ឪពុកម្តាយលើការព្យាបាលធ្មេញដែលអាចមានតម្លៃខ្ពស់នៅពេលក្រោយ។

តាមរយៈសិក្ខាសាលានេះ សិស្សានុសិស្សបានទទួលចំណេះដឹងជាក់ស្តែងអំពីរបៀបដុសធ្មេញឱ្យបានត្រឹមត្រូវ ការជ្រើសរើសអាហារដែលល្អសម្រាប់សុខភាពធ្មេញ ដូចជា បន្លែ និងផ្លែឈើ ព្រមទាំងការយល់ដឹងអំពីអាហារដែលអាចប៉ះពាល់ដល់ធ្មេញ ដូចជា ភេសជ្ជៈផ្អែម និងស្ករគ្រាប់។ លើសពីនេះ សិស្សក៏បានស្គាល់ពីការប្រើប្រាស់ច្រាសដុសធ្មេញ និងថ្នាំដុសធ្មេញឱ្យបានត្រឹមត្រូវ ព្រមទាំងកាត់បន្ថយការភ័យខ្លាចនៅពេលទៅពិនិត្យសុខភាពធ្មេញជាមួយគ្រូពេទ្យធ្មេញផងដែរ។

កម្មវិធីសិក្ខាសាលានេះ បានរួមចំណែកជំរុញការយល់ដឹង និងការអនុវត្តអនាម័យមាត់ធ្មេញក្នុងចំណោមសិស្សានុសិស្ស ឱ្យកាន់តែប្រសើរ សម្រាប់ការរស់នៅប្រកបដោយសុខភាពល្អ និងគុណភាពជីវិតល្អប្រសើរនាពេលអនាគត៕





 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/August/Irrawaddy Thumnail.jpg

កម្មវិធីបំណិនជីវិត៖ កុមារតូចៗ រៀនបកស៊ុត ដោយខ្លួនឯង

https://theirrawaddydolphin.com/storage/photos/news/article/2025/June/Blood Donation1.jpg

យុទ្ធនាការបរិច្ចាគឈាមលើកទី១២ ក្រោមប្រធានបទ៖ “ផ្តល់ឈាម ផ...

https://theirrawaddydolphin.com/storage/photos/news/article/2025/June/Skill life.jpg

សិស្សានុសិស្សថ្នាក់ទី១ក បានចូលរួមកម្មវិធីបំណិនជីវិត ស្ដ...

https://theirrawaddydolphin.com/storage/photos/news/article/2025/September/Mr Chairman give advice to Graduate12.jpg

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ផ្តល់ដំបូន្មានសិស្ស AI...