សិស្សានុសិស្សថ្នាក់ទី៩ និងទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ចំនួន ៥៦នាក់ បានចូលរួមការប្រឡងជ្រើសរើសសិស្សពូកែថ្នាក់រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តទៅ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាល័យ បាក់ទូក ក្រោមការដឹកនាំពីលោក សៀម ភេម អនុប្រធានផ្នែករដ្ឋបាល សាលារៀន អន្តរទ្វីប អាមេរិកាំង។
ការប្រឡងនេះធ្វើឡើងរយៈពេល ១ថ្ងៃ លើមុខវិជ្ជា អក្សរសាស្រ្តខ្មែរ គណិតវិទ្យា រូបវិទ្យា និងមុខវិជ្ជាវប្បធម៌ទូទៅ ដោយមានការរៀបចំ និងត្រួតពិនិត្យយ៉ាងតឹងរឹង ពីសំណាក់គណៈមេប្រយោគ និងគណៈកម្មការប្រឡង ដើម្បីធានាបាននូវតម្លាភាព សុក្រឹតភាព និងសមភាពសម្រាប់បេក្ខជនទាំងអស់។
សិស្សានុសិស្សដែលទទួលបានលទ្ធផលជាប់ក្នុងការប្រឡងថ្នាក់រាជធានីភ្នំពេញ នឹងមានសិទ្ធិបន្តចូលរួមការប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ជាតិ នាពេលខាងមុខ ដែលជាឱកាសដ៏សំខាន់ក្នុងការបង្ហាញសមត្ថភាព និងលើកកម្ពស់កិត្យានុភាពសាលារៀន។
តាមរយៈការចូលរួមប្រឡងនេះ សិស្សានុសិស្សបានពង្រឹងសមត្ថភាពសិក្សា និងជំនាញស្រាវជ្រាវបន្ថែមលើមុខវិជ្ជាដែលខ្លួនមានទេពកោសល្យ ព្រមទាំងទទួលបានការលើកទឹកចិត្ត និងការឧបត្ថម្ភគាំទ្រជាថវិកាផងដែរ ។
សូមបញ្ជាក់ថា បេក្ខជនទាំងអស់បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដោយគោរពវិន័យ និងវេលាកំណត់យ៉ាងតឹងរឹង។ ដំណើរការប្រឡងបានប្រព្រឹត្តទៅយ៉ាងរលូន ប្រកបដោយសណ្តាប់ធ្នាប់ និងតម្លាភាពខ្ពស់ ក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីគណៈមេប្រយោគ លោកគ្រូ អ្នកគ្រូ និងអនុរក្សតាមបន្ទប់ប្រឡង ដែលបានអនុវត្តភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងសុក្រឹតភាព៕