ភ្នំពេញ៖ កូនផ្សោតទើបកើតថ្មី ១ក្បាលត្រូវបានប្រទះឃើញនៅវេលាម៉ោង ៩:៥០នាទីព្រឹក កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ដោយក្រុមការងារស្រាវជ្រាវខណ្ឌរដ្ឋបាលជលផលក្រចេះ និងក្រុមការងារអង្គការ WWF ប្រចាំខេត្តក្រចេះ នៅត្រង់ចំណុចអន្លង់ អន្ទង់វៀន ស្ថិតក្នុងអន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
បើតាមក្រុមអ្នកស្រាវជ្រាវ កូនផ្សោតនេះមានសុខភាពល្អ និងស្ថិតក្នុងក្រុមផ្សោតធំដែលមានចំនួនប្រាំពីរក្បាលក្នុងនោះ វានៅជាមួយផ្សោតពេញវ័យ លេខ៨១។ នេះជាកូនផ្សោតកើតថ្មីទី២ហើយ នៅក្នុងឆ្នាំ២០២៦នេះ ខណៈកូនផ្សោតទី១ ត្រូវបានអង្កេត និងថតរូបបានកាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅ។ តាមរយៈកំណើតកូនផ្សោតថ្មីនេះ ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជាកើនឡើងដល់ ១១៤ក្បាល។
សូមបញ្ជាក់ផងដែរថា ជាការកត់សម្គាល់ វត្តមាននៃកូនផ្សោតថ្មីនៅអន្លង់កាំពីនេះ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលគណៈកម្មការអភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សោតទន្លេមេគង្គ បើកកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។
 (5).png)