«ការអប់រំដែលមានគុណភាព ផ្តើមចេញពីគ្រូដែលមានគុណភាព»
ក្នុងចំណោមគ្រូបង្រៀនដែលបានបំពេញភារកិច្ចអប់រំសិស្សានុសិស្ស នៅសាលារៀនអន្តរទ្វីប អាមេរិកាំង (AIS) សាខាផ្សារថ្មី អ្នកគ្រូ ជា សុខារី គឺជាគ្រូបង្រៀនភាសាខ្មែរម្នាក់ដែលមានទឹកចិត្តស្រឡាញ់វិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់ និងមានជំនឿមុតមាំលើតម្លៃនៃអក្សរសាស្ត្រខ្មែរ។
អ្នកគ្រូ ជា សុខារី មានស្រុកកំណើតនៅទីក្រុងភ្នំពេញ ជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូនស្រីចំនួន ៤ នាក់។ លោកឪពុកបានទទួលមរណភាពតាំងពីអ្នកគ្រូមានអាយុ ៦ ឆ្នាំ ខណៈម្តាយជាស្ត្រីមេម៉ាយបានប្រឹងប្រែងរកស៊ីចិញ្ចឹមកូនៗទាំងអស់ដោយទឹកចិត្តអំណត់។ បរិបទជីវិតនេះ បានបណ្តុះឱ្យអ្នកគ្រូក្លាយជាមនុស្សរឹងមាំ មានការអត់ធ្មត់ និងមានចិត្តមេត្តាករុណាចំពោះកុមារ។
អ្នកគ្រូបានបញ្ចប់ការសិក្សាទុតិយភូមិនៅវិទ្យាល័យព្រះយុគន្ធរ ក្នុងឆ្នាំ ២០០៧ ហើយបន្តការសិក្សានៅ វិទ្យាស្ថានវ៉ាន់ដា ចន្លោះឆ្នាំ ២០០៧ ដល់ ២០១០ ទទួលបានសញ្ញាបត្របរិញ្ញាបត្រ។ កត្តាសំខាន់ដែលជំរុញឱ្យអ្នកគ្រូជ្រើសរើសអាជីពគ្រូបង្រៀនភាសាខ្មែរ គឺបំណងចង់បន្ត និងថែរក្សាមរតកដូនតា ដោយបង្ហាត់បង្រៀនអក្សរខ្មែរដ៏ស្រស់ស្អាត វប្បធម៌ និងប្រពៃណីជាតិ ឱ្យកុមារជំនាន់ក្រោយកុំឱ្យបាត់បង់ទៅតាមការប្រែប្រួលសង្គម។

ក្នុងអាជីពជាគ្រូបង្រៀន អ្នកគ្រូរាប់ថា បទពិសោធមានតម្លៃបំផុត គឺការរស់នៅជាមួយកុមារដែលមានចិត្តបរិសុទ្ធ ស្នាមញញឹមស្រស់ស្អាត និងការសើចចេញពីបេះដូង។ អ្វីដែលធ្វើឱ្យអ្នកគ្រូមានមោទនភាពជាងគេ គឺពេលសិស្សចេះយល់ពីចិត្តគ្រូ ចេះសួរនាំពេលគ្រូឈឺ និងបង្ហាញការព្រួយបារម្ភដោយស្មោះត្រង់ ព្រមទាំងការខិតខំរៀនសូត្រ និងគោរពដំបូន្មានគ្រូយ៉ាងយកចិត្តទុកដាក់។
ចំពោះវិធីសាស្ត្របង្រៀន អ្នកគ្រូជឿជាក់ថា ថ្នាក់រៀនគឺដូចជាមុខរបរតូចមួយដែលត្រូវការការរៀបចំប្រកបដោយគុណភាព។ អ្នកគ្រូយកចិត្តទុកដាក់រៀបចំបរិយាកាសថ្នាក់រៀនឱ្យស្អាត ទាក់ទាញ មានសម្ភារៈបង្រៀនសមស្រប រួមទាំងវីដេអូ និងរូបភាពជាក់ស្តែង ដែលផ្សារភ្ជាប់មេរៀនទៅនឹងជីវភាពប្រចាំថ្ងៃ ដើម្បីឱ្យសិស្សរៀនដោយសេចក្តីរីករាយ មិនមានអារម្មណ៍ធុញថប់។
ក្នុងការបង្រៀនភាសាខ្មែរ អ្នកគ្រូប្រើពាក្យពន្យល់ងាយៗ មិនស្មុគស្មាញ សមស្របនឹងអាយុកុមារ ហើយបញ្ចូលល្បែងសិក្សាជាច្រើន ដើម្បីឱ្យសិស្សយល់ថា “ការរៀនគឺជារឿងសប្បាយ” និងអាចយកចំណេះដឹងទៅប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃបានពិតប្រាកដ។ ជាមួយគ្នានេះ អ្នកគ្រូក៏លើកទឹកចិត្តឱ្យសិស្សអាន និងសរសេរឱ្យបានច្រើន ចាប់ពីមេរៀនក្នុងថ្នាក់ កិច្ចការផ្ទះ រហូតដល់ការអានអត្ថបទខ្លីៗ និងឆ្លើយសំណួរវិភាគខ្លឹមសារ ដើម្បីបង្កើនជំនាញអាន សរសេរ និងគិតវិភាគជាបន្តបន្ទាប់។

កត្តាសំខាន់ដែលធ្វើឱ្យអ្នកគ្រូទទួលបានការគោរព និងទុកចិត្តពីសិស្ស និងមាតាបិតា គឺការទទួលខុសត្រូវខ្ពស់លើភារកិច្ចបង្រៀន ការយកចិត្តទុកដាក់លើសុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តរបស់កុមារ ព្រមទាំងការរក្សាទំនាក់ទំនងជិតស្និត និងទាន់ពេលវេលាជាមួយមាតាបិតាសិស្ស។ លទ្ធផលមួយដែលធ្វើឱ្យអ្នកគ្រូមានមោទនភាពយ៉ាងខ្លាំង គឺពេលអាណាព្យាបាលដែលធ្លាប់យល់ច្រឡំពីទឹកចិត្តគ្រូ ប្រែចិត្តមកយល់ និងបង្ហាញពាក្យ “អរគុណ” ជាមួយស្នាមញញឹមវិញ។
ចំពោះទស្សនៈអប់រំក្នុងយុគសម័យបច្ចេកវិទ្យា អ្នកគ្រូយល់ថា បច្ចេកវិទ្យាជាឧបករណ៍សំខាន់មួយក្នុងការជួយបង្រៀន ប៉ុន្តែត្រូវប្រើប្រាស់ដោយតុល្យភាព គួបផ្សំជាមួយតម្លៃវិន័យ សីលធម៌ និងអត្តចរិតល្អ ដើម្បីឱ្យសិស្សក្លាយជាមនុស្សមានចំណេះដឹង និងមានគុណធម៌។
សម្រាប់បំណងឆ្ពោះទៅមុខ អ្នកគ្រូ ជា សុខារី មានបំណងបន្តអភិវឌ្ឍខ្លួនឯងក្នុងវិជ្ជាជីវៈគ្រូបង្រៀន បង្កើនសមត្ថភាពបច្ចេកទេសបង្រៀន និងបន្តចូលរួមចំណែកក្នុងការអភិរក្ស និងលើកស្ទួយភាសា អក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ឱ្យរស់រវើកនៅក្នុងចិត្តកុមារជំនាន់ក្រោយជានិច្ច៕
 (5).png)