សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាចាក់អង្រែ បានរៀបចំសិក្ខាសាលាស្តីពីសុខភាពមាត់ធ្មេញ និងការថែទាំសម្រាប់សិស្សចាប់ពីថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី៦ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ដោយមានគោលបំណងលើកកម្ពស់ការយល់ដឹង និងការអនុវត្តអនាម័យមាត់ធ្មេញឱ្យបានត្រឹមត្រូវចាប់តាំងពីវ័យកុមារ។
.jpg)
លោកស្រី នឹម សុនីតា ចាងហ្វាងរងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា បានឱ្យដឹងថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងបណ្តុះអប់រំសិស្សឱ្យយល់ដឹងពីវិធីថែទាំសុខភាពមាត់ធ្មេញឱ្យបានត្រឹមត្រូវ កាត់បន្ថយហានិភ័យនៃជំងឺធ្មេញ ដូចជា ធ្មេញពុក និងជំងឺអញ្ចាញ ព្រមទាំងជំរុញឱ្យសិស្សបង្កើតទម្លាប់ល្អក្នុងការសម្អាតមាត់ធ្មេញប្រចាំថ្ងៃ។ ជាមួយគ្នានេះ ក៏មានការលើកកម្ពស់ការយល់ដឹងអំពីអាហារដែលមានអត្ថប្រយោជន៍ និងអាហារដែលប៉ះពាល់ដល់សុខភាពធ្មេញផងដែរ។
.jpg)
ការជ្រើសរើសសិស្សចាប់ពីថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី៦ ចូលរួមក្នុងសិក្ខាសាលានេះ គឺដោយសារតែវាជាដំណាក់កាលសំខាន់មួយក្នុងការបង្កើតទម្លាប់ល្អ ព្រមទាំងជាវ័យដែលធ្មេញកំពុងលូតលាស់ និងងាយរងផលប៉ះពាល់។ លើសពីនេះ សិស្សនៅវ័យនេះក៏អាចយល់ និងអនុវត្តន៍បានងាយ ដែលជួយការពារបញ្ហាសុខភាពមាត់ធ្មេញបានតាំងពីវ័យក្មេង។

សិក្ខាសាលាស្តីពីសុខភាពមាត់ធ្មេញ និងការថែទាំ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ សម្រាប់សិស្សចាប់ពីថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី៦ ដើម្បីធានាថាសិស្សទទួលបានចំណេះដឹងបន្តបន្ទាប់ និងអាចអនុវត្តបានជាក់ស្តែងក្នុងជីវិតប្រចាំថ្ងៃ។
តាមរយៈសិក្ខាសាលានេះ សិស្សានុសិស្សទទួលបានចំណេះដឹងជាក់ស្តែងអំពីវិធីដុសធ្មេញឱ្យបានត្រឹមត្រូវ ការយល់ដឹងអំពីអាហារដែលប៉ះពាល់ដល់ធ្មេញ ក៏ដូចជាការអនុវត្តអនាម័យមាត់ធ្មេញប្រចាំថ្ងៃ។ ជាពិសេស សិក្ខាសាលានេះបានរួមចំណែកបង្កើតទម្លាប់ល្អសម្រាប់អនាគត ដែលជួយការពារសុខភាពមាត់ធ្មេញ កាត់បន្ថយការចំណាយព្យាបាលនៅពេលក្រោយ ព្រមទាំងលើកកម្ពស់សុខភាពទូទៅ និងភាពជឿជាក់លើខ្លួនឯងរបស់សិស្សផងដែរ៕

 (5).png)