ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សិក្ខាសាលាស្តីពីយន្តការ និងនីតិវិធីនៃការជ្រើសរើសនិស្សិតអាហារូបករណ៍ចូលរៀនកម្រិតបរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

បានផ្សាយចេញ | ២៣ មីនា ២០២៦ 708

សិក្ខាសាលាស្តីពីយន្តការ និងនីតិវិធីនៃការជ្រើសរើសនិស្សិតអាហារូបករណ៍ចូលរៀនកម្រិតបរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

នាយកដ្ឋានគ្រប់គ្រងឧត្តមសិក្សាបានរៀបចំសិក្ខាសាលាស្តីពី "យន្តការ និងនីតិវិធីនៃការជ្រើសរើសនិស្សិតអាហារូបករណ៍ចូលរៀនកម្រិតបរិញ្ញាបត្រ មិនបង់ថ្លៃសិក្សា១០០ភាគរយ នៅតាមគ្រឹះស្ថានឧត្តមសិក្សា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧" នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ក្រោមវត្តមាន ឯកឧត្តម ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា។

សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយ និងណែនាំអំពីយន្តការ និងនីតិវិធីនៃការជ្រើសរើសនិស្សិតអាហារូបករណ៍ចូលរៀនកម្រិតបរិញ្ញាបត្រ មិនបង់ថ្លៃសិក្សា១០០ភាគរយ នៅតាមគ្រឹះស្ថានឧត្តមសិក្សា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ដល់តំណាងមន្ទីរអប់រំ យុវជន និងកីឡា និងវិទ្យាល័យចំណុះរាជធានី-ខេត្តទាំង ០៨ និងសាលារៀនឯកជន ទទួលបាននូវចំណេះដឹងច្បាល់លាស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីអាចផ្សព្វផ្សាយ ណែនាំ ក៏ដូចជាជំរុញដល់សិស្សថ្នាក់ទី១២ ឱ្យដាក់ពាក្យស្នើសុំអាហារូបករណ៍ និងបំពេញពាក្យស្នើសុំបានត្រឹមត្រូវ។

លោក ហុកសេង ប៊ុនឈឿន  ប្រធានផ្នែករដ្ឋបាលសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប ដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសាលាខាងលើនេះតាមរយៈប្រព័ន្ធអនឡាញ បានមានប្រសាសន៍ថាយោងតាមការបង្ហាញក្នុងសិក្ខាសាលា បេក្ខជនដែលមានបំណងដាក់ពាក្យសុំអាហារូបករណ៍ ១០០ភាគរយ ត្រូវបំពេញលក្ខខណ្ឌមូលដ្ឋានមួយចំនួន ដូចជា បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មាននិទ្ទេសល្អ (A  B ឬ C អាស្រ័យលើគ្រឹះស្ថានកំណត់) និងមានឆន្ទៈខ្ពស់ក្នុងការសិក្សា។ ជាពិសេស បេក្ខជនមកពីគ្រួសារខ្វះខាត ឬមានពិការភាព ត្រូវបានផ្តល់អាទិភាពក្នុងការជ្រើសរើស។

លោកបានបញ្ជាក់បន្ថែមថា ដំណើរការជ្រើសរើសត្រូវអនុវត្តតាមជំហានជាក់លាក់ ចាប់ពីការដាក់ពាក្យ ការពិនិត្យឯកសារ ការប្រឡងវាស់ស្ទង់សមត្ថភាព ការសម្ភាស និងបញ្ចប់ដោយការប្រកាសលទ្ធផលចុងក្រោយ។ ការវាយតម្លៃបេក្ខជនមិនផ្អែកតែទៅលើលទ្ធផលសិក្សាប៉ុណ្ណោះទេ ប៉ុន្តែរួមបញ្ចូលទាំងសមត្ថភាពបន្ថែម ដូចជា ភាសាបរទេស បច្ចេកវិទ្យា ការចូលរួមសកម្មភាពសង្គម និងអាកប្បកិរិយាផ្ទាល់ខ្លួនផងដែរ។
សម្រាប់ឯកសារដាក់ពាក្យ បេក្ខជនត្រូវរៀបចំរួមមាន សញ្ញាបត្របាក់ឌុប ឬវិញ្ញាបនបត្របណ្តោះអាសន្ន ព្រឹត្តិបត្រពិន្ទុ អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើត រូបថត និងឯកសារបញ្ជាក់ស្ថានភាពគ្រួសារ (ប្រសិនបើមាន)។ ការតាមដានកាលកំណត់ដាក់ពាក្យគឺមានសារៈសំខាន់ខ្លាំង ដោយបេក្ខជនគួរតាមដានព័ត៌មានតាមគេហទំព័រ ឬបណ្តាញសង្គមផ្លូវការរបស់ស្ថាប័នពាក់ព័ន្ធជាប្រចាំដើម្បីកុំឱ្យហួសកាលកំណត់។

អាហារូបករណ៍ ១០០ភាគរយ ជាទូទៅគ្របដណ្តប់លើថ្លៃសិក្សាទាំងស្រុង និងអាចរួមមានសម្ភារសិក្សាផងដែរ ប៉ុន្តែមិនទាន់រួមបញ្ចូលចំណាយលើការរស់នៅ ឬការធ្វើដំណើរនោះទេ។ ដើម្បីរក្សាអាហារូបករណ៍ និស្សិតត្រូវរក្សាមធ្យមភាគពិន្ទុឱ្យបានតាមលក្ខខណ្ឌ មិនបោះបង់ការសិក្សា និងគោរពវិន័យសាលាឱ្យបានខ្ជាប់ខ្ជួន។

ជាមួយនេះដែរ សិស្សគួររៀបចំខ្លួនជាមុន ដោយរៀបចំឯកសារឱ្យបានត្រឹមត្រូវ សរសេរលិខិតបង្ហាញគោលបំណងឱ្យច្បាស់ និងហាត់សមសម្ភាស ដើម្បីបង្កើនទំនុកចិត្ត។ ការស្រាវជ្រាវអំពីគ្រឹះស្ថានសិក្សា និងការពង្រឹងសមត្ថភាពផ្ទាល់ខ្លួន ជាពិសេសភាសាបរទេស និងចំណេះដឹងទូទៅ ក៏ជាចំណុចសំខាន់ក្នុងការបង្កើនឱកាសជោគជ័យផងដែរ។

សិក្ខាសាលានេះមានសារៈសំខាន់ណាស់ក្នុងការសម្រេចបាននូវគោលដៅបង្កើនអត្រាចុះឈ្មោះចូលរៀននៅឧត្តមសិក្សាប្រកបដោយសមធម៌ ស្របតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំ២០២៤-២០២៨ របស់ក្រសួងអប់រំ យុវជន និងកីឡា ដោយផ្តល់អាហារូបករណ៍ក្នុងឆ្នាំ២០២៦ សរុបចំនួន ១០ ៥៥៤នាក់ ដែលបែងចែកជា ៧ប្រភេទរួមមាន សិស្សទូទៅទាំងពីរភេទចំនួន ៦ ២០៦នាក់ សិស្សនារីចំនួន ១ ៥០៣នាក់ សិស្សក្រីក្រចំនួន ១ ៩១៩នាក់ សិស្សរស់នៅតំបន់ដាច់ស្រយាលចំនួន ៩២៥នាក់ សិស្សមានពិការភាព សិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសាស្ត្រខ្មែរ គណិតវិទ្យា និងរូបវិទ្យា ព្រមទាំងសិស្សថ្នាក់ពីរភាសាបារាំង-ខ្មែរ។
ជារួម សិក្ខាសាលានេះបានផ្តល់នូវចំណេះដឹងសំខាន់ៗ និងទិសដៅច្បាស់លាស់ សម្រាប់សិស្សានុសិស្សដែលមានបំណងដាក់ពាក្យសុំអាហារូបករណ៍ ដើម្បីអាចត្រៀមខ្លួនបានយ៉ាងមានប្រសិទ្ធភាព និងឆ្ពោះទៅរកភាពជោគជ័យក្នុងអនាគតការសិក្សា៕

 

ព័ត៌មានបន្ថែមៈ
ទាក់ទងលេខទូរសព្ទៈ 017 889 906
អ៊ីម៉ែលៈ  info@ais.edu.kh
វេបសាយៈ  ais.edu.kh
ហ្វេសប៊ុកផេកៈ https://www.facebook.com/AmericanInterconSchoolSiemReap
អាសយដា្ឋនៈ ផ្លូវជាតិលេខ 6A សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប
(ជាប់នឹងមន្ទីរពន្ធដារខេត្តសៀមរាប និងទល់មុខអង្គរ)

 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/April/Grade12.jpg

សាលារៀន អន្តរទ្វីប អាមេរិកាំង រៀបចំកម្មវិធីតម្រង់ទិសសិស...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Teeth.jpg

សិស្សានុសិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង ចូលរួមសិក្ខា...

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/AI Teacher.jpg

គ្រូបង្រៀន សាលារៀន អន្តរទ្វីប អាមេរិកាំង បង្កើនជំនាញ AI...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/_Dentise Check up.jpg

សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ រៀបចំសិក្ខា...