សិស្សានុសិស្សថ្នាក់ទី២ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលសង្កែ បានចូលរួមសកម្មភាពបំណិនជីវិត ស្ដីពីការធ្វើខ្សែដៃអង្កាំ ដែលជាផ្នែកមួយនៃកម្មវិធីសិក្សាដែលផ្តោតលើការអភិវឌ្ឍបំណិនជាក់ស្តែង និងសមត្ថភាពផ្ទាល់ខ្លួនរបស់សិស្ស។

លោកស្រី វ៉ាន់នី និមល ចាងហ្វាងរងកម្រិតក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា សាខាទួលសង្កែ បានឱ្យដឹងថា គោលបំណងសំខាន់នៃសកម្មភាពនេះ គឺដើម្បីពង្រឹងសាច់ដុំតូចៗនៃម្រាមដៃ និងការសម្របសម្រួលរវាងភ្នែក និងដៃ។ លើសពីនេះ សកម្មភាពនេះក៏ជួយឱ្យសិស្សអាចអនុវត្តចំណេះដឹងទ្រឹស្ដីទៅជាការអនុវត្តជាក់ស្តែង ព្រមទាំងបង្កើតមោទនភាពចំពោះស្នាដៃដែលខ្លួនបានបង្កើតឡើងផងដែរ។
លោកស្រីបានបន្ថែមថា កុមារនៅវ័យថ្នាក់ទី២ ដែលមានអាយុប្រហែលពី ៧ ដល់ ៨ ឆ្នាំ កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ការផ្ដោតអារម្មណ៍ និងការចងចាំរូបភាព។ ដូច្នេះ សកម្មភាពធ្វើខ្សែដៃអង្កាំ គឺសមស្របជាមួយកម្រិតវ័យ ដោយមិនពិបាកពេក និងមិនធ្វើឱ្យសិស្សមានអារម្មណ៍ធុញទ្រាន់។ ជាពិសេស សម្ភារដូចជា អង្កាំ និងខ្សែ គឺងាយស្រួលរក និងអាចរៀបចំបានយ៉ាងងាយស្រួលសម្រាប់អ្នកអាណាព្យាបាលផងដែរ។

តាមរយៈសកម្មភាពនេះ សិស្សទទួលបានបំណិនសំខាន់ៗជាច្រើន រួមមាន ការច្នៃប្រឌិតតាមរយៈការជ្រើសរើសពណ៌ និងរៀបចំលំនាំអង្កាំតាមចំណង់ចំណូលចិត្ត ការអត់ធ្មត់ និងការផ្ដោតអារម្មណ៍ខ្ពស់ក្នុងអំឡុងពេលដោតអង្កាំតូចៗ ព្រមទាំងបំណិនគណិតវិទ្យាដំបូង ដូចជាការយល់ដឹងអំពីលំនាំគំរូផ្សេងៗ។
ក្នុងអំឡុងពេលសកម្មភាព គេសង្កេតឃើញថា សិស្សមានភាពរីករាយ និងរំភើបចិត្តខ្លាំង ពេលបានប្រើប្រាស់អង្កាំពណ៌ស្រស់ស្អាត។ សិស្សខ្លះដែលអាចបញ្ចប់ការងារបានលឿន ក៏បានជួយណែនាំមិត្តភក្តិផ្សេងទៀត ដែលជួយបង្កើតស្មារតីសហការនិងការងារជាក្រុម។ ជាមួយគ្នានេះ សិស្សក៏បានសួរសំណួរផ្សេងៗទាក់ទងនឹងបច្ចេកទេសចងខ្សែ និងការលាយពណ៌ឱ្យស្រស់ស្អាតផងដែរ។
សកម្មភាពនេះបានបង្ហាញថា លទ្ធផលសិក្សាមិនត្រឹមតែស្ថិតនៅលើផលិតផលចុងក្រោយជាខ្សែដៃអង្កាំប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងគេ គឺការរីកចម្រើននៃសមត្ថភាពគិតវិភាគ ការដោះស្រាយបញ្ហា និងការច្នៃប្រឌិតរបស់សិស្សម្នាក់ៗ ដែលជាមូលដ្ឋានសម្រាប់ការសិក្សានាពេលអនាគត៕