ភ្នំពេញ៖ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានរៀបចំកម្មវិធីប្រកួតតែងសេចក្តីសម្រាប់សិស្សថ្នាក់ទី៤ ដល់ទី៦ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ នៅតាមសាខានានាក្នុងរាជធានីភ្នំពេញ ព្រមទាំងខេត្តសៀមរាប និងខេត្តតាកែវ ដើម្បីលើកកម្ពស់សមត្ថភាពសរសេរ និងបណ្ដុះគំនិតច្នៃប្រឌិតរបស់សិស្សានុសិស្ស។
លោកស្រី វ៉ាន់នី និមល ចាងហ្វាងរងកម្រិតក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា សាខាទួង្កែ បានឱ្យដឹងថា កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមានគោលបំណងសំខាន់ចំនួន៣ រួមមាន៖ ការបណ្ដុះស្មារតីស្រឡាញ់ និងថែរក្សាអក្សរសាស្ត្រជាតិឱ្យបានត្រឹមត្រូវ ការពង្រឹងសមត្ថភាពសរសេរឱ្យសិស្សអាចបង្ហាញគំនិតបានទូលំទូលាយ ចាប់ពីសេចក្ដីផ្ដើម រហូតដល់សេចក្ដីបញ្ចប់តាមគម្រោងតែងយ៉ាងមានលំដាប់លំដោយ និងការផ្តល់ឱកាសឱ្យកុមារមានភាពក្លាហានក្នុងការបង្ហាញចំណេះដឹង និងទេពកោសល្យផ្ទាល់ខ្លួន។
តាមរយៈការចូលរួមក្នុងកម្មវិធីនេះ សិស្សានុសិស្សទទួលបានអត្ថប្រយោជន៍ជាច្រើន ក្នុងនោះរួមមានការលើកកម្ពស់ទម្លាប់អាន និងសមត្ថភាពសរសេរ។ ដើម្បីសរសេរបានល្អ សិស្សត្រូវស្វែងរកឯកសារអានបន្ថែម ដែលជួយឱ្យពួកគេស៊ាំនឹងការអានដោយស្វ័យប្រវត្តិ។ ជាមួយគ្នានេះផងដែរ ការអានជួយឱ្យសិស្សចេះជ្រើសរើសពាក្យមកប្រើបានត្រឹមត្រូវ និងយល់ច្បាស់ពីរចនាសម្ព័ន្ធល្បះ។ លើសពីនេះ កម្មវិធីក៏ជួយអភិវឌ្ឍសមត្ថភាពគិតវិភាគ (Critical Thinking) ដែលជាមូលដ្ឋានសំខាន់មុននឹងសរសេរបង្ហាញគំនិត។
លើសពីនេះ ក្នុងការប្រកួតនេះ ក៏បានបង្ហាញឱ្យឃើញពីសមត្ថភាព និងភាពច្នៃប្រឌិតរបស់សិស្សយ៉ាងគួរឱ្យកត់សម្គាល់ ដូចជា ការប្រើប្រាស់ពាក្យពេចន៍រស់រវើក និងមានភាពប្រៀបធៀបយ៉ាងផ្អែមល្ហែម ការចងក្រងសាច់រឿងមានលំហូរល្អ មិនរឹងឆ្គាំឆ្គង និងបង្ហាញពីការយល់ដឹងស៊ីជម្រៅ ព្រមទាំងការនាំយកប្រធានបទបច្ចុប្បន្នមកបញ្ចូលក្នុងសេចក្តីអធិប្បាយបានយ៉ាងមានន័យ។
លោកស្រីបានបន្ថែមថា ដើម្បីអភិវឌ្ឍសមត្ថភាពសរសេរឱ្យកាន់តែប្រសើរ សាលារៀនបានណែនាំឱ្យសិស្សព្យាយាមអានឱ្យបានច្រើន ព្រោះការអានគឺជា “ស្បៀង” សម្រាប់ការសរសេរ។ ការកត់ត្រាពាក្យថ្មីៗ ឬឃ្លាពិរោះៗ និងការអនុវត្តសរសេរជាប្រចាំ ដូចជាកំណត់ហេតុប្រចាំថ្ងៃ ឬរឿងខ្លីៗ ក៏ជាចំណុចសំខាន់ក្នុងការកែលម្អជំនាញនេះ។ ជាពិសេស ត្រូវយកចិត្តទុកដាក់លើការសរសេរពាក្យឱ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធផងដែរ។
គួរបញ្ជាក់ផងដែរថា លទ្ធផលនៃការប្រកួត និងអត្ថប្រយោជន៍ផ្សេងៗ នឹងត្រូវប្រកាសជូនសិស្សនៅសប្ដាហ៍បន្ទាប់។ សិស្សដែលទទួលបានជ័យលាភីលេខ១ លេខ២ និងលេខ៣ នឹងទទួលបានបណ្ណសរសើរ វត្ថុអនុស្សាវរីយ៍ជាសៀវភៅចំនួន៤ក្បាល (១២០ទំព័រ) និង Poster សម្រាប់តាំងបង្ហាញនៅសាខា៕

