នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ បានរៀបចំកម្មវិធីបទបង្ហាញស្ដីពី “តម្រង់ទិសសិស្សថ្នាក់ទី១២” សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ដោយផ្តោតលើការត្រៀមប្រឡងថ្នាក់ទី១២ (ថ្នាក់ជាតិ) និងការណែនាំអំពីដំណើរការដាក់អាហារូបករណ៍ទៅកាន់សាកលវិទ្យាល័យនានា។ កម្មវិធីនេះ មានគោលបំណងបង្កើនការយល់ដឹង និងការត្រៀមខ្លួនឱ្យបានត្រឹមត្រូវសម្រាប់សិស្សានុសិស្សថ្នាក់ទី១២ ក្នុងដំណាក់កាលសំខាន់នៃជីវិតសិក្សា។

ក្នុងឱកាសនោះ លោកស្រី ប៉ែន មាលតី ចាងហ្វាងធម្យមសិក្សាបឋមភូមិ និងទុតិយភូមិ ការិយាល័យសិក្សានៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ បានមានប្រសាសន៍ថា គោលបំណងសំខាន់នៃកម្មវិធីតម្រង់ទិសនេះ គឺដើម្បីជួយឱ្យសិស្សអាចកំណត់គោលដៅអាជីពរបស់ខ្លួនបានច្បាស់លាស់ ព្រោះការជ្រើសរើសមុខជំនាញសិក្សា គឺជាជំហានដំបូងនៃការបង្កើតអាជីពនាពេលអនាគតផងដែរ។ ការយល់ដឹងច្បាស់អំពីទិសដៅសិក្សា នឹងជួយឱ្យសិស្សធ្វើសេចក្តីសម្រេចបានយ៉ាងមានទំនុកចិត្ត និងមានប្រសិទ្ធភាពខ្ពស់។
លោកស្រីបានបន្ថែមថា ការត្រៀមខ្លួនមុនប្រឡងថ្នាក់ជាតិ មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់សិស្សានុសិស្ស ព្រោះវាអាចជួយបង្កើនទំនុកចិត្ត ភាពក្លាហាន និងសមត្ថភាពក្នុងការគ្រប់គ្រងស្ថានភាពពេលប្រឡង។ លើសពីនេះ វាធ្វើឱ្យសិស្សមានភាពច្បាស់លាស់ក្នុងការឆ្លើយសំណួរ មិនភ័យខ្លាច និងអាចបង្ហាញសមត្ថភាពបានយ៉ាងពេញលេញ ដែលនាំឱ្យទទួលបានលទ្ធផលល្អប្រសើរ។
ជាមួយគ្នានេះ លោកគ្រូ អ្នកគ្រូក៏បានផ្តល់សារសំខាន់ៗដល់សិស្សថ្នាក់ទី១២ ដែលកំពុងត្រៀមប្រឡង ដូចជា៖ ការរក្សាភាពម្ចាស់ការ និងទំនុកចិត្តលើខ្លួនឯង ការអនុវត្តវិន័យក្នុងការសិក្សា និងការគ្រប់គ្រងពេលវេលាឱ្យមានប្រសិទ្ធភាព ការយល់ដឹងពីបច្ចេកទេសក្នុងការរៀន និងការប្រឡង ព្រមទាំងការថែរក្សាសុខភាព និងស្មារតីឱ្យមានស្ថេរភាពល្អ។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងយ៉ាងមានប្រសិទ្ធភាព និងមានអត្ថន័យយ៉ាងជ្រាលជ្រៅ ក្នុងការបង្កើនសមត្ថភាព និងការត្រៀមខ្លួនរបស់សិស្ស ដើម្បីឆ្ពោះទៅរកភាពជោគជ័យទាំងក្នុងការប្រឡងថ្នាក់ជាតិ និងការបន្តការសិក្សានៅកម្រិតឧត្តមសិក្សា៕
