សំឡេងពិភាក្សា និងការសើចសប្បាយបានលឺឡើងពេញបន្ទប់ពិសោធន៍ ខណៈសិស្សានុសិស្សថ្នាក់ទី១០ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាតាកែវ កំពុងមមាញឹកក្នុងសកម្មភាពពិសោធន៍មុខវិជ្ជាគីមីវិទ្យា ស្ដីអំពី «ការផលិតសាប៊ូលាងចាន» កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោកគ្រូ សុំ ផូ។

សិស្សម្នាក់ៗបានចូលរួមយ៉ាងសកម្មក្នុងការលាយសារធាតុ កូរល្បាយ ដោយប្រើស្រោមដៃ ម៉ាស និងតាមដានប្រតិកម្មគីមីដែលកើតឡើងនៅចំពោះមុខពួកគេ។ សម្រាប់សិស្ស វាមិនមែនជាការសិក្សាទ្រឹស្ដីតែប៉ុណ្ណោះទេ ប៉ុន្តែជាបទពិសោធដែលអាចយកទៅអនុវត្តបានក្នុងជីវភាពប្រចាំថ្ងៃ។
លោកគ្រូ សុំ ផូ បានបញ្ជាក់ថា សកម្មភាពនេះមានគោលបំណងឱ្យសិស្សយល់ដឹងពីទ្រឹស្ដីគីមីវិទ្យាក្នុងជីវភាពប្រចាំថ្ងៃ បណ្ដុះស្មារតីសហគ្រិនភាព និងជំរុញការច្នៃប្រឌិត ខណៈពួកគេកំពុងសិក្សាពីរបៀបផលិតផលិតផលដែលមានសុវត្ថិភាព និងសន្សំសំចៃ។
តាមរយៈការបែងចែកការងារជាក្រុម សិស្សខ្លះមានតួនាទីថ្លឹងសារធាតុ ខ្លះកូរល្បាយ ខ្លះកត់ត្រាលទ្ធផល។ ពេលខ្លះ ក៏មានការពិភាក្សាដល់ការជ្រើសរើសពណ៌ និងក្លិនដែលពួកគេចូលចិត្ត បង្កើតបរិយាកាសសិក្សាទាំងសប្បាយ និងមានន័យ។
នៅចុងបញ្ចប់ សាប៊ូលាងចានដែលសិស្សផលិតមានគុណភាពល្អ អាចជម្រះខ្លាញ់ និងស្នាមប្រឡាក់បានយ៉ាងមានប្រសិទ្ធភាព មានក្លិនក្រអូប និងពណ៌ស្អាត ទាំងមានកម្រិត pH សមស្របសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងមិនប៉ះពាល់ដល់ស្បែកដៃ។
សកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់ថា គីមីវិទ្យាមិនមែនមានតែនៅក្នុងសៀវភៅទេ ប៉ុន្តែមាននៅជុំវិញជីវិត និងអាចបម្លែងទៅជាជំនាញជាក់ស្ដែង។ សិស្សក៏អាចយកចំណេះដឹងនេះទៅអនុវត្តក្នុងគ្រួសារ ដើម្បីកាត់បន្ថយចំណាយ និងបង្កើតឱកាសអាជីវកម្មនាពេលអនាគតផងដែរ។
ជាមួយនឹងវិធីសាស្រ្តបង្រៀនបែបអនុវត្តន៍ជាក់ស្ដែងនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បន្តប្តេជ្ញាផ្តល់បទពិសោធសិក្សាដែលមានគុណភាព និងបង្កើនសមត្ថភាពសិស្សឱ្យរីកចម្រើនទាំងចំណេះដឹង និងជំនាញជីវិត៕