ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បណ្តុះបំណិនជីវិតសិស្សថ្នាក់ទី៦ តាមរយៈសកម្មភាពបត់ក្រដាសធ្វើផ្ការំដួលតុបតែងលើចង្អេរ

បានផ្សាយចេញ | ០៤ ឧសភា ២០២៦ 137

សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បណ្តុះបំណិនជីវិតសិស្សថ្នាក់ទី៦ តាមរយៈសកម្មភាពបត់ក្រដាសធ្វើផ្ការំដួលតុបតែងលើចង្អេរ

សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បន្តលើកកម្ពស់គុណភាពអប់រំជាក់ស្តែង តាមរយៈការអនុវត្តកម្មវិធីបំណិនជីវិត ដោយបានរៀបចំសកម្មភាពបង្រៀនសិស្សថ្នាក់ទី៦ ស្តីពី «ការបត់ក្រដាសធ្វើផ្ការំដួលតុបតែងលើចង្អេរ» ដែលជាសកម្មភាពបញ្ចូលទាំងចំណេះដឹង វប្បធម៌ និងជំនាញអនុវត្តក្នុងជីវិតប្រចាំថ្ងៃ។

កម្មវិធីនេះមានគោលបំណងចម្បងក្នុងការផ្ដល់ឱ្យសិស្សនូវការយល់ដឹងអំពីអត្តសញ្ញាណផ្ការំដួល ដែលជាផ្កាតំណាងជាតិ ព្រមទាំងបណ្តុះជំនាញកែច្នៃក្រដាសឱ្យក្លាយជាស្នាដៃសិល្បៈដ៏ស្រស់ស្អាត។ ជាមួយគ្នានេះ សិស្សត្រូវបានលើកទឹកចិត្តឱ្យអភិវឌ្ឍភាពរហ័សរហួន ការផ្ដោតអារម្មណ៍ និងស្មារតីស្រឡាញ់វប្បធម៌ជាតិ តាមរយៈការចូលរួមអនុវត្តន៍ដោយផ្ទាល់។

តាមការពន្យល់របស់ អ្នកគ្រូ ពួន សុខកាយ គ្រូបង្គោលថ្នាក់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល បញ្ជាក់ថា ការជ្រើសរើសប្រធានបទនេះសម្រាប់សិស្សថ្នាក់ទី៦ គឺសមស្របយ៉ាងខ្លាំង ដោយសារតែសិស្សនៅវ័យនេះមានសមត្ថភាពយល់ដឹងល្អ និងអាចផ្ដោតអារម្មណ៍បានយូរ ដែលអាចអនុវត្តន៍ការងារដែលត្រូវការភាពម៉ត់ចត់ និងការតម្រឹមលំដាប់ជំហានបានយ៉ាងមានប្រសិទ្ធភាព។

ក្នុងដំណើរការបង្រៀន អ្នកគ្រូបានអនុវត្តវិធីសាស្ត្រផ្សេងៗដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាព ដូចជា ការបង្ហាញគំរូជាក់ស្តែង ការណែនាំជាជំហានៗយ៉ាងច្បាស់លាស់ ការចុះជួយណែនាំសិស្សតាមតុ និងការលើកទឹកចិត្តឱ្យមានការបង្រៀនមិត្តជួយមិត្ត។ វិធីសាស្ត្រទាំងនេះបានជួយឱ្យសិស្សយល់ដឹងបានល្អ និងអាចអនុវត្តន៍ដោយទំនុកចិត្ត។

បរិយាកាសក្នុងថ្នាក់រៀន ពោរពេញទៅដោយភាពសកម្ម និងការសហការល្អ។ សិស្សបានចែករំលែកសម្ភារគ្នា ដូចជា ក្រដាស កន្ត្រៃ និងកាវ ព្រមទាំងពិភាក្សាគ្នាអំពីបច្ចេកទេសបត់ និងការរៀបចំផ្កាឱ្យមានសោភ័ណភាពលើចង្អេរ។ ការងារជាក្រុមនេះបានបង្ហាញពីការខិតខំប្រឹងប្រែងរបស់សិស្សម្នាក់ៗ ក្នុងការរួមចំណែកឱ្យស្នាដៃចុងក្រោយទទួលបានលទ្ធផលល្អប្រសើរ។

តាមរយៈសកម្មភាពនេះ សិស្សមិនត្រឹមតែទទួលបានជំនាញបច្ចេកទេសដូចជា ការកាត់ វាស់ និងបត់ក្រដាស ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានបទពិសោធក្នុងការរៀបចំពណ៌ និងការតុបតែងឱ្យមានភាពទាក់ទាញ។ លើសពីនេះ ក៏បានអភិវឌ្ឍសមត្ថភាពសំខាន់ៗផ្សេងទៀត រួមមាន ភាពច្នៃប្រឌិត ការអត់ធ្មត់ និងជំនាញការងារជាក្រុម។

សកម្មភាពបង្រៀនបំណិនជីវិតបែបនេះ បង្ហាញឱ្យឃើញពីការប្តេជ្ញារបស់សាលារៀន អន្តរទ្វីប អាមេរិកាំង ក្នុងការអភិវឌ្ឍសិស្សឱ្យមានទាំងចំណេះដឹង ជំនាញ និងគុណតម្លៃ ដើម្បីត្រៀមខ្លួនឱ្យរឹងមាំសម្រាប់អនាគត៕

 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/_beads.jpg

សកម្មភាពបំណិនជីវិតបែបច្នៃប្រឌិត! សិស្ស AIS សាខាទួលសង្កែ...

https://theirrawaddydolphin.com/storage/photos/news/article/2026/April/Life skill.jpg

កម្មវិធីបំណិនជីវិត បង្កើនជំនាញកុមារ តាមរយៈសកម្មភាពបិទគ្...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Skill Life (1).jpg

សិស្សថ្នាក់ទី៣ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែ...