សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ បានរៀបចំការប្រឡងប្រចាំខែឧសភា សម្រាប់សិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី៦ ទាំងវេនព្រឹក និងវេនរសៀល នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដោយមានការចូលរួមយ៉ាងសកម្មពីសិស្សានុសិស្សទាំងអស់។
លោកស្រី ជ័យ ស្រីណាក់ អ្នកសម្របសម្រួលកម្មវិធីសិក្សាក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា សាខាតាកែវ បានបញ្ជាក់ថា ការប្រឡងប្រចាំខែនេះ មិនត្រឹមតែមានគោលបំណងសម្រាប់វាស់វែងពិន្ទុ ប៉ុណ្ណោះទេ ប៉ុន្តែមានតួនាទីសំខាន់ក្នុងការវាស់ស្ទង់សមត្ថភាពសិក្សារបស់សិស្ស និងជួយឱ្យសិស្សយល់ដឹងពីកម្រិតការយល់ដឹងរបស់ខ្លួនចំពោះមេរៀនក្នុងខែ។ ជាមួយគ្នានេះ វាក៏ជួយពង្រឹងការចងចាំ តាមរយៈការរំលឹកមេរៀនឡើងវិញ ដែលធ្វើឱ្យចំណេះដឹងដក់ជាប់បានយូរ។

លោកស្រីបន្ថែមថា ការប្រឡងជាប្រចាំបែបនេះ ក៏ជួយឱ្យសិស្សស៊ាំនឹងទម្រង់វិញ្ញាសា និងកាត់បន្ថយសម្ពាធ ឬភាពភ័យខ្លាចនៅពេលប្រឡងធំៗ ដូចជា ប្រឡងឆមាស ឬការប្រឡងថ្នាក់ជាតិជាដើម។
សម្រាប់មុខវិជ្ជា ការប្រឡងប្រចាំខែនេះផ្តោតលើមុខវិជ្ជាសំខាន់ៗ រួមមាន ភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្ត្រ សិក្សាសង្គម អប់រំសុខភាព ព្រមទាំងជំនាញស្តាប់ និងនិយាយ សម្រាប់ភាសាអង់គ្លេសផងដែរ។
លទ្ធផលបង្ហាញថា សិស្សភាគច្រើនអាចធ្វើបានល្អ ខណៈមុខវិជ្ជាដែលជួបការលំបាកខ្លះ គឺគណិតវិទ្យា និងភាសាខ្មែរ។
 (5).png)
ការប្រឡងប្រចាំខែមានតួនាទីសំខាន់ក្នុងការលើកកម្ពស់គុណភាពសិក្សា ទាំងសម្រាប់គ្រូ និងសិស្ស។ ចំពោះគ្រូ វាជួយកំណត់ចំណុចខ្សោយ និងចំណុចដែលសិស្សភាគច្រើនមិនទាន់យល់ ដើម្បីអាចបន្ថែមការពន្យល់ឱ្យបានសមស្រប។ ចំពោះសិស្ស វាជួយឱ្យស្គាល់ចំណុចខ្វះខាតរបស់ខ្លួន និងជំរុញឱ្យខិតខំប្រឹងប្រែងបន្ថែម តាមរយៈបរិយាកាសប្រកួតប្រជែងជាវិជ្ជមានក្នុងថ្នាក់រៀន។
ក្រោយពេលប្រកាសលទ្ធផល គ្រូបង្រៀននឹងបន្តគាំទ្រសិស្សតាមរយៈការកែវិញ្ញាសារួមគ្នា ដើម្បីពន្យល់កំហុសដែលសិស្សបានធ្វើ ការបង្រៀនបំប៉នលើមេរៀនដែលសិស្សមិនទាន់យល់ច្បាស់ និងការផ្ដល់ការណែនាំជាបុគ្គល ដើម្បីលើកទឹកចិត្តសិស្សឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។
ជាមួយគ្នានេះ អាណាព្យាបាលក៏មានតួនាទីសំខាន់ក្នុងការគាំទ្រកូនៗ ដោយតាមដានលទ្ធផលសិក្សា តាមរយៈសៀវភៅតាមដាន ឬទំនាក់ទំនងជាមួយគ្រូបន្ទុកថ្នាក់ រៀបចំបរិយាកាសសិក្សាឱ្យមានរបៀប និងកាត់បន្ថយការរំខាន។ លើសពីនេះ ការលើកទឹកចិត្តដោយមិនដាក់សម្ពាធខ្លាំងលើពិន្ទុ ប៉ុន្តែផ្តោតលើការសរសើរនិងការខិតខំប្រឹងប្រែងរបស់កូនៗ គឺជាចំណុចសំខាន់ក្នុងការជំរុញឱ្យសិស្សមានទំនុកចិត្ត និងចំណង់ចំណូលចិត្តក្នុងការសិក្សា៕
ព័ត៌មានបន្ថែមៈ
ទាក់ទងលេខទូរសព្ទៈ 093 337 715
អ៊ីម៉ែលៈ info@ais.edu.kh
វេបសាយៈ ais.edu.kh
ហ្វេសប៊ុកផេកៈ https://www.facebook.com/AmericanInterconSchoolTakeo
អាសយដា្ឋនៈ ផ្លូវជាតិលេខ២ ភូមិផ្សារតាកោ សង្កាត់រកាក្នុង
ក្រុងដូនកែវ ខេត្តតាកែវ