ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

នៅពីក្រោយជោគជ័យកូនម្នាក់ គឺស្នាមញញឹម និងក្តីស្រឡាញ់របស់អ្នកម្តាយ

បានផ្សាយចេញ | ០៨ ឧសភា ២០២៦ 699

នៅពីក្រោយជោគជ័យកូនម្នាក់ គឺស្នាមញញឹម និងក្តីស្រឡាញ់របស់អ្នកម្តាយ

មានពេលខ្លះ ក្នុងជីវិតរបស់មនុស្សគ្រប់រូប មិនចាំបាច់មានពាក្យច្រើន ក៏អាចធ្វើឱ្យបេះដូងរំភើបបាន។ ទិវាអ្នកម្តាយ គឺជាពេលវេលាដ៏កក់ក្តៅបំផុតមួយ ដែលរំលឹកឱ្យយើងឈប់សម្រាកពីភាពរវល់ ហើយងាកមកមើលមុខស្ត្រីម្នាក់ ដែលបានផ្តល់ទាំងជីវិត ស្នាមញញឹម និងការលះបង់ដោយមិនគិតខ្លួនឯង។

អ្នកម្តាយ គឺមិនត្រឹមតែជាអ្នកផ្តល់កំណើតប៉ុណ្ណោះទេ ប៉ុន្តែជាបេះដូងដ៏ធំមួយ ដែលតែងតែចិញ្ចឹមបីបាច់ថែរក្សាកូនៗដោយក្តីស្រឡាញ់ឥតលក្ខខណ្ឌ ទោះបីជាក្នុងភាពនឿយហត់ ឬភាពលំបាកយ៉ាងណាក៏ដោយ។ ស្នាមដៃដែលធ្លាប់កាន់ដៃយើងដើរជំហានដំបូង គឺនៅតែជាកម្លាំងចិត្តមិនអាចមើលរំលងបានក្នុងដំណើរជីវិតរបស់កូនៗគ្រប់រូប។
ក្នុងបរិបទដ៏មានន័យនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាច្បារអំពៅ បានរៀបចំកម្មវិធីទិវាអ្នកម្តាយ ក្រោមប្រធានបទ “កម្លាំងចិត្តពីអ្នកម្តាយ ដើម្បីជ័យជម្នះ” ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។


កម្មវិធីនេះ មិនត្រឹមជាពិធីអបអរសាទរទិវារំឭកគុណម្តាយប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានភ្ជាប់ចំណងសេចក្តីស្រឡាញ់ រវាងគ្រួសារ និងសាលារៀន ដោយផ្តោតសំខាន់លើសិស្សថ្នាក់ទី១២ ដែលកំពុងឈានទៅកាន់ដំណាក់កាលសំខាន់មួយនៃជីវិត គឺការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

សម្រាប់ពួកគេ ការប្រឡងបាក់ឌុប មិនមែនជាការធ្វើតេស្តចំណេះដឹងតែមួយទេ ប៉ុន្តែជារបត់ជីវិតមួយដែលពោរពេញដោយសម្ពាធ ក្តីបារម្ភ និងការសាកល្បងខ្លួនឯង។ នៅក្នុងដំណាក់កាលដ៏សំខាន់នេះ សំឡេងលើកទឹកចិត្តពីអ្នកម្តាយ ប្រៀបដូចជាពន្លឺតូចមួយនៅក្នុងភាពងងឹត ដែលអាចធ្វើឱ្យក្តីសង្ឃឹមរបស់កូនៗភ្លឺច្បាស់ឡើងវិញ។ វាជាកម្លាំងចិត្តដែលមិនអាចវាស់តម្លៃបាន ប៉ុន្តែអាចផ្លាស់ប្តូរជីវិតបាន។


លោកស្រី គាក ម៉ាណែត នាយិកាចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ បានមានប្រសាសន៍ថា កម្មវិធីនេះត្រូវបានរៀបចំឡើង ដើម្បីរំលឹកគុណមាតា បណ្តុះវប្បធម៌កតញ្ញុតាធម៌ និងជំរុញឱ្យសិស្សានុសិស្សយល់ដឹងពីតម្លៃនៃអ្នកមានគុណ កាន់តែជ្រាលជ្រៅឡើង។ ព្រមទាំងលើកកម្ពស់ទំនាក់ទំនងរវាងកូន និងម្តាយឱ្យកាន់តែជិតស្និទ្ធ និងមានន័យ។


លោកស្រីបានបន្ថែមថា កម្មវិធីនេះក៏ជាឱកាសឱ្យសិស្សានុសិស្សបង្កើតអនុស្សាវរីយ៍ដ៏មានតម្លៃ តាមរយៈពាក្យពេចន៍ជូនពរ និងការបង្ហាញអារម្មណ៍ស្រឡាញ់ចំពោះអ្នកម្តាយ ដែលមិនសូវមានឱកាសនិយាយចេញក្នុងជីវិតប្រចាំថ្ងៃ។

នៅចុងបញ្ចប់ នេះមិនត្រឹមតែជាពិធីមួយទេ ប៉ុន្តែជាពេលវេលាដែលបេះដូងកូន និងម្តាយបានជួបគ្នាម្តងទៀត តាមរយៈស្នាមញញឹម ទឹកភ្នែក និងពាក្យថា “អរគុណម៉ាក់” ដែលមានន័យជាងពាក្យទាំងអស់នៅលើលោកនេះ៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/February/Semester1 grade7-12 (1).jpg

សិស្សានុសិស្ស  AIS ថ្នាក់ទី៧ដល់ទី១២ ចូលរួមប្រឡងឆមាសលើកទ...

https://theirrawaddydolphin.com/storage/photos/news/article/2026/July/12finish3.jpg

អនុស្សាវរីយ៍មិនអាចភ្លេច! ពិធីបិទបវេសនកាល AIS ២០២៥-២០២៦

https://theirrawaddydolphin.com/storage/photos/news/article/2026/February/Happy and Love22.jpg

រីករាយទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ ឆ្នាំ២០២៦

https://theirrawaddydolphin.com/storage/photos/news/article/2026/April/photo_2026-04-07_16-59-03.jpg

រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ! តើមានអ្វីខ្លះដែល...