ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ពីក្រដាសធម្មតា ទៅជារទេះភ្លើងនៃគំនិតច្នៃប្រឌិត!

បានផ្សាយចេញ | ១៣ ឧសភា ២០២៦ 120

ពីក្រដាសធម្មតា ទៅជារទេះភ្លើងនៃគំនិតច្នៃប្រឌិត!

តើអាចជឿបានទេថា ក្រដាសសាមញ្ញមួយសន្លឹក អាចផ្លាស់ប្តូរទៅជាស្នាដៃដ៏មានន័យ និងប្រយោជន៍សម្រាប់ការសិក្សាបាន? សម្រាប់សិស្សានុសិស្សថ្នាក់ទី៣ឃ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង នេះមិនមែនជាការស្រមៃទេ ប៉ុន្តែជាបទពិសោធពិតដែលពួកគេបានចូលរួមក្នុងកម្មវិធីបំណិនជីវិតស្ដីពីការបត់ក្រដាសធ្វើរទេះភ្លើងដាក់សម្ភារសិក្សា ក្រោមការដឹកនាំរបស់អ្នកគ្រូ តែម ឡោជី ដែលបានធ្វើឡើងកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្នុងបណ្ណាល័យ ម៉េងលី ជេ. គួច អគារ ងិន ហួយ។



ក្រោមការណែនាំយ៉ាងអំណត់ និងយកចិត្តទុកដាក់ពីអ្នកគ្រូ តែម ឡោជី សិស្សម្នាក់ៗចាប់ផ្តើមពីការបត់ កាត់ និងតម្រៀបក្រដាស បង្កើតជារូបរាងរង្វង់ ការ៉េ និងត្រីកោណ។ ទោះជាការងារដែលត្រូវការភាពម៉ត់ចត់ និងអត់ធ្មត់ ប៉ុន្តែភ្នែកពួកគេបញ្ជាក់ពីការចាប់អារម្មណ៍ និងភាពរីករាយ។

នៅមួយជ្រុង សិស្សកំពុងជួយគ្នាកាត់កង់រថភ្លើង ខណៈមិត្តភក្តិផ្សេងទៀតរៀបចំតួ និងដំបូល។ ពួកគេចែករំលែកសម្ភារ យកចិត្តទុកដាក់លើគ្នា និងផ្លាស់ប្តូរគំនិតយោបល់ ដើម្បីឱ្យស្នាដៃរបស់ក្រុមកាន់តែស្អាត និងមានន័យ។ នៅពេលដែលជួបការលំបាក ពួកគេមិនខ្លាចសួរ ឬសាកល្បងឡើងវិញទេ នេះហើយជាជំហានដំបូងនៃភាពក្លាហានក្នុងការសិក្សា។


មិនត្រឹមតែបង្កើតស្នាដៃស្អាតៗប៉ុណ្ណោះទេ សកម្មភាពនេះក៏បង្កើតទម្លាប់ល្អក្នុងការរៀបចំសម្ភារសិក្សា ឱ្យមានរបៀបរៀបរយ ងាយស្រួលប្រើប្រាស់។ ជាមួយគ្នានេះ ការយកសម្ភារប្រើប្រាស់រួចមកច្នៃប្រឌិតឡើងវិញ ក៏បណ្តុះស្មារតីស្រឡាញ់បរិស្ថាននៅក្នុងចិត្តកុមារតូចៗផងដែរ។



ក្នុងរយៈពេលខ្លី បំណែកក្រដាសធម្មតា បានផ្លាស់ប្តូរទៅជារទេះភ្លើងចម្រុះពណ៌ ដែលមិនត្រឹមតែអាចដាក់សម្ភារសិក្សាបានទេ ប៉ុន្តែថែមទាំងផ្ទុកនូវគំនិតច្នៃប្រឌិត ការសហការ និងភាពជឿជាក់លើខ្លួនឯងរបស់សិស្សម្នាក់ៗ។


តាមរយៈកម្មវិធីបំណិនជីវិតបែបនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង កំពុងបន្តបណ្តុះបណ្តាលសិស្សឱ្យមានទាំងចំណេះដឹង និងជំនាញជាក់ស្តែង ដើម្បីត្រៀមខ្លួនជាមនុស្សមានគុណភាពសម្រាប់អនាគត ដោយចាប់ផ្តើមពីអ្វីតូចៗ ប៉ុន្តែមានន័យធំធេង៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/May/Parent Meet.jpg

AIS បង្កើនសហការជាមួយមាតាបិតា តាមរយៈជំនួបផ្ទាល់ ដើម្បីគា...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/_beads.jpg

សកម្មភាពបំណិនជីវិតបែបច្នៃប្រឌិត! សិស្ស AIS សាខាទួលសង្កែ...

https://theirrawaddydolphin.com/storage/photos/news/article/2026/April/1000 x 667-01-01.jpg

មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច អំពាវនាវឱ្យយកចិត្តទ...

https://theirrawaddydolphin.com/storage/photos/news/article/2025/September/photo_2025-09-10_13-47-10.jpg

សិស្សានុសិស្ស  AIS ចូលរួមឈ្វេងយល់ពីជីវភាពប្រជាពលរដ្ឋរស់...