សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំដឹកនាំសិស្សានុសិស្សថ្នាក់ទី៥ ធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់សួនសត្វភ្នំពេញ សាហ្វារី ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះៗ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងដើម្បីបន្ថែមចំណេះដឹងជាក់ស្តែងក្រៅថ្នាក់ និងពង្រឹងបទពិសោធសិក្សារបស់សិស្សឱ្យកាន់តែទូលំទូលាយ។
លោក ទេព មនោរម្យ ចាងហ្វាងទទួលបន្ទុកក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា សាខាចំការដូង បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ មានគោលបំណងផ្តល់ឱ្យសិស្សានុសិស្សនូវបទពិសោធពិតក្រៅថ្នាក់ ដោយផ្តោតលើការសិក្សាពីប្រភេទសត្វ និងធម្មជាតិ ពង្រឹងចំណេះដឹងតាមរយៈការសង្កេតផ្ទាល់ និងអភិវឌ្ឍជំនាញសង្គម ការសហការ វិន័យ ការដឹកនាំ ភាពម្ចាស់ការ និងជំនាញទំនាក់ទំនងក្នុងក្រុម។
 (5).png)
លោកបន្តថា សាលាបានជ្រើសរើសសួនសត្វភ្នំពេញ សាហ្វារី ជាទិសដៅសិក្សា ពីព្រោះមានប្រភេទសត្វច្រើន ទីតាំងធំទូលាយ មិនឆ្ងាយពីសាលា និងមានបរិយាកាសសមស្របសម្រាប់ការសិក្សាជាក់ស្តែង ដែលអាចជួយឱ្យសិស្សយល់ដឹងអំពីជីវិតសត្វ ការអភិរក្សធម្មជាតិ និងបរិស្ថានបានកាន់តែច្បាស់។
ក្នុងកម្មវិធីនេះ សិស្សានុសិស្សបានចូលរួមសកម្មភាពជាច្រើន ដូចជា ទស្សនាសត្វព្រៃ និងសត្វកម្សាន្តផ្សេងៗ សង្កេតអំពីឥរិយាបថ ការរស់នៅ និងការបន្តពូជរបស់សត្វ ស្តាប់ការណែនាំពីលោកគ្រូអ្នកគ្រូដែលភ្ជាប់ទ្រឹស្តីទៅនឹងអនុវត្តជាក់ស្តែង ព្រមទាំងធ្វើកម្រងសំណួរ និងចែករំលែកចំណេះដឹងក្នុងក្រុម។
ការសិក្សាក្រៅថ្នាក់បែបនេះ មានតួនាទីសំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពសិស្ស ដោយជួយឱ្យសិស្សរៀនតាមបទពិសោធពិត ពង្រឹងការគិតវិភាគ និងការសង្កេត បង្កើនជំនាញសហការ និងទំនាក់ទំនង បង្កើនភាពច្នៃប្រឌិត និងទំនុកចិត្តលើខ្លួនឯង ព្រមទាំងបណ្តុះចិត្តស្រឡាញ់ធម្មជាតិ និងបរិស្ថាន៕