នៅក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រ ការពន្យល់ពាក្យភាសាខ្មែរ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង លើកទី៦ បានរកឃើញជ័យលាភីចំនួន៣រូប ក្នុងចំណោមបេក្ខជនជម្រុះចូលរួមប្រកួតចំនួន២៧នាក់ ទាំង១២ សាខា រាជធានីភ្នំពេញ និងខេត្ត នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។
ការប្រកួតផ្តាច់ព្រ័ត្រនេះបានធ្វើឡើងនៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង គណៈកម្មការ លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សផងដែរ។

គណៈកម្មការរៀបចំកម្មវីធីការប្រកួតបានឱ្យដឹងថា ថ្ងៃនេះសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំង១២សាខា ដែលមាន រាជធានីភ្នំពេញទាំង១០ រួមទាំងសាខាសៀមរាប និងតាកែវ បានមកជួបជុំគ្នាដើម្បើចូលរួមកម្មវិធី ការប្រកួតពន្យល់ពាក្យភាសាខ្មែរលើកទី៦ វគ្គផ្តាច់ព្រ័ត្រ ប្រចាំឆ្នាំសិក្សា២០២៥-២០២៦ នៅទីតាំងនៃអគារសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក សម្រាប់សិស្សានុសិស្សបឋមសិក្សាពីថ្នាក់ទី៤ដល់ទី៦។
 (5).png)
តំណាងគណៈកម្មការសាលាបានបញ្ជាក់ថា មុននឹងមកដល់កម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ សិស្សានុសិស្សថ្នាក់ទី៤ ដល់ទី៦ តាមសាខានីមួយៗបានធ្វើការប្រកួតជម្រុះយ៉ាងស្វិតស្វាញ ដើម្បីជ្រើសរើសយកសិស្សជ័យលាភីតំណាងសាខានីមួយៗ ចូលរួមប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីចំរាញ់ជម្រុះយកជ័យលាភីចំនួន៣រូប ទទួលរង្វាន់ជ័យលាភី។ សម្រាប់រង្វាន់ជ័យលាភី លេខ១ ទទួលបានអាហាររូបករណ៍១០០ភាគរយ ពានមួយ មេដាយមាសមួយ និងវត្ថុអនុស្សាវរីយ៍ ។ លេខ២ ទទួលបានអាហាររូបករណ៍៧៥ភាគរយ មេដាយប្រាក់មួយ និងវត្ថុអនុស្សាវរីយ៍ និងលេខ៣ ទទួលបានអាហាររូបករណ៍៥០ភាគរយ មេដាយសំរឹទ្ធមួយ និងវត្ថុអនុស្សាវរីយ៍។
លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានមានប្រសាសន៍ឱ្យដឹងថា «ឆ្លងកាត់ការប្រកួតចំនួន៥លើក កន្លងមកនេះឃើញថា កម្មវិធីប្រកួតរបស់យើង មានបេក្ខជនចូលរួមប្រកួតសុទ្ធតែមានសមត្ថភាព និងកើនឡើងកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ទោះបីជាបេក្ខជនយើង មានវ័យក្មេងៗ តែសមត្ថភាពមិនធម្មតា ដែលធ្វើឱ្យគណៈកម្មការពិបាកក្នុងការសម្រេច ហើយ កម្មវិធីរបស់យើងពីមួយឆ្នាំទៅមួយឆ្នាំចម្រាញ់បានបេក្ខជនមានសមត្ថភាពពិតៗ និងមានការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋាន។»
សូមបញ្ជាក់ផងដែរថា កម្មវិធីប្រកួតពន្យល់ពាក្យភាសាខ្មែរនេះ ត្រូវបានបង្កើតឡើងជាលើកទី១ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ក្នុងឆ្នាំសិក្សា២០១៨-២០១៩ សម្រាប់សិស្សថ្នាក់ទី៤ ដល់ទី៦។គោលបំណងកម្មវិធីនេះ ដើម្បីជំរុញស្មារតីសិស្សានុសិស្សឱ្យចូលចិត្តអានសៀវភៅវចនានុក្រមឱ្យបានច្រើន ដើម្បីលើកកម្ពស់ស្វ័យសិក្សា លើកកម្ពស់ការអានសៀវភៅ ដើម្បីទទួលបានចំណេះដឹង បង្កើននូវគំនិតទូលំទូលាយ ហើយធ្វើឱ្យពួកគេចេះពីវិធីសាស្ត្រក្នុងការអាន ការលើកដាក់សំឡេងត្រូវតាមអក្ខរាវិរុទ្ធវចនានុក្រម និងយល់អត្ថន័យរបស់ពាក្យបានត្រឹមត្រូវ។
តាមរយៈការប្រកួតនេះបានធ្វើឱ្យសិស្សានុសិស្សបង្កើន ការយកចិត្តទុកដាក់ក្នុងការសរសេរត្រូវតាមអក្ខរាវិរុទ្ធ ពូកែលើសំណេរអក្សរសាស្រ្តខ្មែរ សរសេរត្រូវ យល់ន័យរបស់ពាក្យ និងឈានទៅរកភាពស្ទាត់ជំនាញក្នុងការសរសេរទៀតផង ជាពិសេសគឺធ្វើឱ្យពួកគេខិតខំប្រឹងប្រែងរៀនសូត្រកាន់តែពូកែជាងមុនលើមុខវិជ្ជាភាសាខ្មែរ ដើម្បីចូលរួមលើកកម្ពស់វិស័យអក្សរសាស្រ្តជាតិរបស់យើងទាំងអស់គ្នា៕