នៅក្នុងវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតតែងកំណាព្យលើកទី២ របស់សាលារៀន អន្តរទ្វីប អាមេរិកាំង នៅសាខាផ្សារថ្មី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានរកឃើញម្ចាស់ជ័យលាភីសិស្សឆ្នើមចំនួន៣រូប ក្នុងចំណោមបេក្ខជនជម្រុះចួលរួមប្រកួតចំនួន ១២រូប ស្មើនឹង១២ សាខារាជធានីភ្នំពេញ និងខេត្ត។
.jpg)
ពិធីប្រគល់ និងទទួលពានរង្វាន់ ដល់ម្ចាស់ជ័យលាភីទាំងបីរូប បានធ្វើឡើងក្រោមវត្តមាន លោកស្រី សាឯម កម្រង អនុប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង និងនាយិកា-នាយកចាងហ្វាង គណៈកម្មការមេប្រយោគ លោកគ្រូ អ្នកគ្រូ មាតា បិតា និងអ្នកអាណាព្យាបាល រួមទាំងសិស្សានុសិស្ស ក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង។
ក្នុងឱកាសនោះ ជ័យលាភីលេខ១ យុវតី ឃាង មុយគាង សិស្សថ្នាក់ទី១១ B នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ ជ័យលាភីលេខ២ យុវតី គឺ សុគន្ធា សិស្សថ្នាក់ទី ១០A នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វា និងជ័យលាភីលេខ៣ យុវសិស្ស សៅ សម្បត្តិ សិស្សថ្នាក់ទី១២A នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាខេត្តតាកែវ។

លោកស្រី ឥន សូហ្វីយ៉ា នាយិកាចាងហ្វាងសាខាផ្សារថ្មី បានមានប្រសាសន៍ឱ្យដឹងថា នេះជាលើកទី២ ដែលសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងគាំទ្រ លើកស្ទួយ ថែរក្សា មរតក អក្សរសាស្រ្តជាតិខ្មែរ និងដើម្បីឱ្យសិស្សានុសិស្សមានឱកាសបញ្ចេញនូវទេពកោសល្យ ស្នាដៃ តាក់តែងនិពន្ធ ការអត់ធ្មត់ និងការខិតខំប្រឺងប្រែងសិក្សារៀនសូត្ររបស់ ពួកគាត់តាម រយៈការប្រកួតប្រជែងនេះផងដែរ។

លោកស្រី នាយិកាចាងហ្វាង បានឱ្យដឹងបន្ថែមថា សម្រាប់ជ័យលាភីលេខ១ ទទួលបាន ពាន១ មេដាមាស អាហារូបករណ៍១០០ភាគរយ សម្រាប់សិក្សាឆ្នាំបន្ទាប់ បណ្ណសរសើរ១ និងវត្ថុអនុស្សាវរីយ៍។
ជ័យលាភីលេខ ២ ទទួលបាន មេដាយប្រាក់ អាហារូបករណ៍ ៧៥ ភាគរយ បណ្ណសរសើរ១ និងវត្ថុអនុស្សាវរីយ៍។

ជ័យលាភីលេខ៣ ទទួលបាន មេដាយសំរឹទ្ធ អាហារូបករណ៍ ៥០ ភាគរយ បណ្ណសរសើរ១ និងវត្ថុអនុស្សាវរីយ៍៕