ក្នុងបរិបទអប់រំនាពេលបច្ចុប្បន្ន ការបណ្តុះទម្លាប់សិក្សាដល់កុមារតាំងពីវ័យក្មេង ត្រូវបានចាត់ទុកថាជាមូលដ្ឋានសំខាន់ សម្រាប់ការអភិវឌ្ឍសមត្ថភាព ចំណេះដឹង និងការបង្កើតអនាគតដ៏រឹងមាំរបស់ពួកគេ។ អ្នកជំនាញអប់រំបានលើកឡើងថា កុមារដែលមានទម្លាប់សិក្សាល្អ មិនត្រឹមតែអាចរៀនបានល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចអភិវឌ្ឍវិន័យ និងសមត្ថភាពគិតវិភាគបានយ៉ាងមានប្រសិទ្ធភាពផងដែរ។

លោកស្រី ឥន កែវកន្និដ្ឋា ចាងហ្វាងរងថ្នាក់ក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាចោមចៅបានបញ្ជាក់ថា ការកសាងទម្លាប់សិក្សាសម្រាប់កុមារតូច ត្រូវការវិធីសាស្ត្រដែលសមស្របនឹងវ័យ និងបរិបទរស់នៅ ដោយផ្តោតលើការចូលរួម និងបទពិសោធជាក់ស្តែង។ លោកស្រីបានណែនាំថា កុមារតូចអាចរៀនបានល្អតាមរយៈការលេង ដែលជាសកម្មភាពបង្កើនការចូលរួម និងជំរុញការឈ្វេងយល់ ដូចជា លេងផ្គុំរូប លេង ជាតួអង្គផ្សេងៗធ្វើជាគ្រូពេទ្យ អ្នកលក់ដូរ ឬល្បែងច្នៃប្រឌិតផ្សេងៗ ។ ជាមួយគ្នានេះ ការបង្កើតទម្លាប់អានរឿងនិទានជាប្រចាំថ្ងៃ ក៏មានសារៈសំខាន់ ដោយ ឳពុក ម្ដាយ អាចចំណាយពេលប្រហែល ១០–១៥ នាទីក្នុងមួយថ្ងៃ អានសៀវភៅឱ្យកូនស្ដាប់ ដើម្បីអភិវឌ្ឍជំនាញស្ដាប់ ការគិត និងការសួរសំណួរ។
លើសពីនេះ ការលើកទឹកចិត្ត និងការសរសើរ គឺជាកត្តាសំខាន់ក្នុងការជំរុញឱ្យកុមារមានទំនុកចិត្តលើខ្លួនឯង និងចូលចិត្តរៀន ដោយមិនចាំបាច់រង់ចាំតែពេលទទួលបានលទ្ធផលល្អប៉ុណ្ណោះ។ ពាក្យលើកទឹកចិត្តសាមញ្ញៗ ដូចជា “កូនព្យាយាមបានល្អណាស់” អាចជួយបង្កើនភាពក្លាហាន និងជំរុញឱ្យពួកគេបន្តសាកល្បង។ ពាក់ព័ន្ធនឹងនេះដែរ កុមារគួរត្រូវបានលើកទឹកចិត្តឱ្យសាកល្បងធ្វើអ្វីថ្មីៗ ដោយមិនភ័យខ្លាចកំហុស ព្រោះកំហុសគឺជាបទពិសោធសំខាន់សម្រាប់ការរៀននៅពេលក្រោយ។
 (5).png)
ជាមួយនឹងការអភិវឌ្ឍផ្នែកបញ្ញា ការថែរក្សាសុខភាពក៏មានតួនាទីសំខាន់ដូចគ្នា។ ការគេងគ្រប់គ្រាន់ និងការទទួលអាហាររូបត្ថម្ភមានតុល្យភាព ជួយឱ្យខួរក្បាលដំណើរការល្អ បង្កើនសមត្ថភាពចងចាំ និងធ្វើឱ្យកុមារមានភាពរឹងមាំក្នុងការសិក្សា។ ខណៈដែលការធ្វើជាគំរូល្អពីមាតាបិតា ក៏ជាចំណុចសំខាន់ផងដែរ ព្រោះកុមារមានទំនោរតាមអ្វីដែលមនុស្សធំធ្វើ ដូច្នេះ បើឳពុកម្ដាយមានទម្លាប់អានសៀវភៅ ឬសិក្សាជាប្រចាំ កុមារក៏នឹងអភិវឌ្ឍទម្លាប់ដូចគ្នា។
បន្ថែមពីនេះ ការឱ្យកុមារចូលរួមអនុវត្តដោយផ្ទាល់ ត្រូវបានគេមើលឃើញថា ជាវិធីមានប្រសិទ្ធភាពក្នុងការជួយឱ្យពួកគេយល់ឆាប់ និងចងចាំបានយូរ។ សកម្មភាពដូចជា កាត់បិទក្រដាស គូររូប ផាត់ពណ៌ ឬរាប់វត្ថុពិតៗនៅក្នុងផ្ទះ អាចជួយបង្កើនជំនាញ និងការយល់ដឹងបានយ៉ាងល្អ។

ជារួម អ្នកជំនាញអប់រំបានបញ្ជាក់ថា ការបង្កើតបរិយាកាសសិក្សាដែលល្អ ការចូលរួមពីគ្រួសារ និងការអនុវត្តវិធីសាស្ត្រសមស្រប គឺជាចំណុចសំខាន់ក្នុងការជួយឱ្យកុមារកសាងទម្លាប់សិក្សាបានយ៉ាងមានប្រសិទ្ធភាព និងបន្តអភិវឌ្ឍខ្លួនឯងទៅមុខយ៉ាងរឹងមាំ។
សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ជម្រើសដ៏ឆ្នើមសម្រាប់អនាគតរបស់បុត្រធីតាលោកអ្នក!