ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

រកឃើញសិស្សជ័យលាភី ពីការប្រកួតចំណេះដឹងភូមិសាស្ត្រជាតិ ម៉េងលី ជេ. គួច លើកទី១២

បានផ្សាយចេញ | ២៩ ឧសភា ២០២៦ 310

រកឃើញសិស្សជ័យលាភី ពីការប្រកួតចំណេះដឹងភូមិសាស្ត្រជាតិ ម៉េងលី ជេ. គួច លើកទី១២

សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានរៀបចំការប្រកួតចំណេះដឹងភូមិសាស្ត្រជាតិ ម៉េងលី ជេ. គួច លើកទី១២ វគ្គផ្តាច់ព្រ័ត្រ សម្រាប់ឆ្នាំសិក្សា ២០២៥–២០២៦ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅសាខាជ្រោយចង្វារ ក្រោមវត្តមានលោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប​ អាមេរិកាំង រួមជាមួយគណៈកម្មការ លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ក្នុងបរិយាកាសពោរពេញដោយភាពរំភើប និងស្មារតីប្រកួតប្រជែងយ៉ាងសកម្ម។

វគ្គផ្តាច់ព្រ័ត្រនេះ មានសិស្សជាប់ជម្រុះចំនួន ២៦ រូប ដោយចែកជាពីរកម្រិត រួមមាន៖ កម្រិតបឋមភូមិ (ថ្នាក់ទី៧ ដល់ទី៩) មានសំណួរ-ចម្លើយចំនួន ៥៥០ និងកម្រិតទុតិយភូមិ (ថ្នាក់ទី១០ ដល់ទី១២) មានសំណួរ-ចម្លើយចំនួន ៦៧៤។


លោក តាំង វិបុល ចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ សាខាចោមចៅ បានឱ្យដឹងថា កម្មវិធីប្រកួតនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងជំរុញសិស្សឱ្យចូលរួមប្រកួតប្រជែងបែបវិជ្ជាជីវៈ បង្កើនគំនិតច្នៃប្រឌិត និងលើកកម្ពស់ចំណេះដឹងលើវិស័យភូមិសាស្ត្រ សេដ្ឋកិច្ច នយោបាយជាតិ និងអន្តរជាតិ ផែនដី និងបរិស្ថានវិទ្យា។

ក្នុងឱកាសនោះ លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប​ អាមេរិកាំងបានរំលឹកថា ការប្រកួតចំណេះដឹងភូមិសាស្ត្រជាតិ ម៉េងលី ជេ. គួច (The Mengly J. Quach National Geographic Bee Contest) ត្រូវបានបង្កើតឡើងជាលើកដំបូងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣ សម្រាប់សិស្សថ្នាក់ទី៧ ដល់ទី១២។ កម្មវិធីនេះទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ហើយមានដើមកំណើតពីសហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមនៅឆ្នាំ១៩៨៩ នៅទូទាំងរដ្ឋទាំង៥០។

លោកស្រីបានបន្ថែមថា ការប្រកួតនេះជួយជំរុញឱ្យសិស្សខិតខំរៀនសូត្រ បង្កើនសមត្ថភាពលើមុខវិជ្ជាភូមិវិទ្យា និងផែនដីវិទ្យា ព្រមទាំងពង្រីកចំណេះដឹងអំពីភូមិសាស្ត្រជាតិឱ្យកាន់តែទូលំទូលាយ។ លើសពីនេះ វាក៏ជួយលើកស្ទួយការយល់ដឹងអំពីសក្ដានុពលទេសចរណ៍ វប្បធម៌ និងធនធានធម្មជាតិរបស់កម្ពុជា ដែលជាផ្នែកមួយសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកកម្ពស់មោទនភាពជាតិផងដែរ។ លោកស្រីបន្តថា ដោយ​ឃើញ​អំពី​អត្ថប្រយោជន៍​ជា​ច្រើន អ្នកឧកញ៉ា វេជ្ជបណ្ឌិត  គួច ម៉េងលី ​នាំ​​យក​នូវ​កម្មវិធី​នេះ​ពី​បស្ចិម​ប្រទេស​​ចូល​​មក​ប្រទេស​​កម្ពុជា​​​យើង​ដំបូង​​​គេបង្អស់ ​មក​ប្រារព្ធ​នៅ​សាលារៀន អន្ដរទ្វីប អាមេរិកាំង​។ លោកស្រីបានគូសបញ្ជាក់ថា កម្មវិធីនេះ មិនត្រឹមតែស្វែងរកសិស្សពូកែប៉ុណ្ណោះទេ ប៉ុន្តែជាការបណ្តុះយុវជនឱ្យមានចំណេះដឹងទូលំទូលាយ សមត្ថភាពប្រកួតប្រជែង និងទំនួលខុសត្រូវចំពោះសង្គម និងប្រទេសជាតិ។



បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ គណៈកម្មការបានរកឃើញសិស្សជ័យលាភី៖

លេខ១ យុវសិស្ស  ចៅ កុកជីន ថ្នាក់ទី៨A  សាខាទួលគោក ទទួលបានមេដាយមាស ១ ពានរង្វាន់ អាហារូបករណ៍សិក្សា ១០០ភាគរយ បណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍។
លេខ២ យុវតី ចៅ លីភីង ថ្នាក់ទី១០ A សាខាសៀមរាប  ទទួលបានមេដាយប្រាក់ ១ អាហារូបករណ៍សិក្សា ៧៥ភាគរយ បណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍
លេខ៣ យុវសិស្ស ឆិ គីមឡុង ថ្នាក់ទី១០ B សាខាទួលគោកទទួលបានមេដាយសំរឹទ្ធ ១ អាហារូបករណ៍សិក្សា ៥០ភាគរយ បណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍

សូមបញ្ជាក់ថា អាហារូបករណ៍ទាំងនេះ ត្រូវបានផ្តល់ជូនជាពិសេសសម្រាប់សិស្សជ័យលាភី ដែលបន្តការសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ក្នុងឆ្នាំសិក្សាបន្ទាប់៕


 

 

 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/September/F.jpg

បវេសនកាលបានចាប់ផ្តើមហើយ! AIS សូមស្វាគមន៍សិស្សានុសិស្សទា...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Haft Testing simister.jpg

សិស្ស AIS ថ្នាក់ទី៧ដល់ទី១២ ចូលរួមប្រឡងពាក់កណ្តាលឆមាសលើក...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Trip for 7 to 9.jpg

សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប រៀបចំដំណើរទស្ស...

https://theirrawaddydolphin.com/storage/photos/news/article/2025/November/Tedx1.jpg

AIS គ្រោងរៀបចំ TEDx American Intercon School លើកទី២ បើក...