ជារៀងរាល់ឆ្នាំ គណៈកម្មការនៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) តែងតែរៀបចំពិធីអបអរទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១ មិថុនា ក្នុងបរិយាកាសសប្បាយរីករាយ និងពោរពេញដោយអត្ថន័យ ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតា និងអាណាព្យាបាល។ នៅក្នុងកម្មវិធីនេះ សាលាក៏បានរៀបចំសកម្មភាពកម្សាន្តជាច្រើន ដែលធ្វើឱ្យកុមារមានភាពសប្បាយរីករាយ និងសើចសប្បាយពេញមួយថ្ងៃផងដែរ។

ការរៀបចំពិធីនេះ គឺដើម្បីឆ្លើយតបនឹងការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ ក៏ដូចជាការលើកកម្ពស់ការយល់ដឹងអំពីការការពារ និងសុវត្ថិភាពកុមារ។ ជាមួយគ្នានេះ វាក៏ជាឱកាសក្នុងការលើកទឹកចិត្តឱ្យកុមារបង្ហាញសមត្ថភាព និងរីកចម្រើនទាំងផ្នែករាងកាយ ចិត្ត និងបញ្ញា ព្រោះ កុមារជាកោសិកានៃសង្គម កុមារល្អនាំឱ្យមានយុវជនល្អ នាំឱ្យសង្គមជាតិល្អ។

សូមបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមអបអរខួបទី៧៧ ទិវាកុមារអន្តរជាតិ (១ មិថុនា) និងទិវាកុមារកម្ពុជា ក្រោមប្រធានបទ «សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការគោរព និងកិច្ចគាំពារសិទ្ធិកុមារ»។

ការប្រារព្ធទិវាកុមារអន្តរជាតិនេះឡើង គឺដើម្បីរម្លឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ ជាពិសេសការបង្ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ពលកម្មកុមារ សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដោយជួយគាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះពីហានិភ័យ ការគំរាមកំហែង ការកេងប្រវ័ញ្ច និងការរំលោភបំពានគ្រប់ទម្រង់បានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យកុមាររស់នៅ និងអភិវឌ្ឍដោយសុខដុមរមនាក្រោមម្លប់សន្តិភាព៕
 (5).png)